ហៃ​ វណ្ណា សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ហ៊ាន​​បោះ​ទុន​​បើក​ក្រុមហ៊ុន​​នៅ​​​ប្រទេស​ជប៉ុន

  • 2014-10-21 21:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

VACS ​international Inc  ​​​គឺ​​ជា​​ក្រុមហ៊ុន​​មួយ​​ ដែល​​​បាន​​​បង្កើត​ ដើម្បី​​​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន​​​លើ​ផ្នែក​​ធនធាន​មនុស្ស​ បច្ចេកវិទ្យា​ព័ត៌មាន និង​អចលនៈ​ទ្រព្យ​​។ ក្រុមហ៊ុន​នេះ ​​បាន​​លេច​​ចេញ​​ជា​រូបរាង​​ ​កាល​ពី​​ខែ​​មីនា ឆ្នាំ​២០១៤ ដោយ​ចំណាយ​ទុន​ជាង​៥​ម៉ឺន​ដុល្លារ ​​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង ​Tokyo ​ប្រទេស​ជប៉ុន។ សហគ្រិន​​វ័យ​ក្មេង ដែល​នាំ​​មុខ​​គេ​ ក្នុង​ការ​បង្កើត​​ក្រុមហ៊ុន​ខាង​លើ​​គឺ ​លោក ហៃ​ វណ្ណា ​ រួម​នឹង​​​មិត្តភ័ក្ដិ​ ៣​នាក់ ​ផ្សេង​ទៀត​​ ជា​ជន​ជាតិ​ជប៉ុន​​ជួយ​ជ្រុំ​ជ្រែង​។

 

 

កើត​ក្នុង​​ឆ្នាំ១៩៨៦ ​​នៅភូមិ​ល្វា​ក្រោម ឃុំ​ស្តៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម។ លោក​​មាន​​ឪពុក​​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​សណ្ឋាគារ​ និង​ម្តាយ​ជា​​ស្ត្រី​មេផ្ទះ​។ លោក​​បាន​​ប្រលង​ជាប់​សញ្ញាបត្រ​បាក់​ឌុប​ កាល​​ពី​ឆ្នាំ​២០០៦ ​និង​​បាន​​​ឡើង​មក​រាជ​ធានី​ភ្នំពេញ​​ បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​​សេដ្ឋកិច្ច​មុខ​​វិជ្ជា​​ Informatics economic ។ ​

 

លោក​បាន​ពិពណ៌នា​ថា​ ពេល​​​​ឡើង​មក​​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ ធ្វើ​ឲ្យ​លោក​កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រជាង​មុន​ ព្រោះ​ពេល​នេះ​លោក​​​មើល​​ឃើញ​​ពិភពលោក​​កាន់​តែ​ធំ​ទូលាយ​ ក្រោយ​ពី​​​​អាច​​​ប្រើ​ និង​ធ្វើ​ការ​​ស្រាវ​ជ្រាវ​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​ និង​អ៊ីមែល​ ដែល​ជា​បណ្ណាល័យ​គ្មាន​​ដែន​កំណត់​​។ លោក​ផ្តើម​ដាក់​អាហារូបករណ៍​​សិក្សា ​ទៅ​​ប្រទេស​ជប៉ុន​នៅ​វិទ្យាស្ថាន​សហប្រតិបត្តិ ការណ៍​កម្ពុជា​-ជប៉ុន​ និង​​បាន​ប្រលង​ជាប់​ជា​ស្ថាពរ​​កាល​ពី​ឆ្នាំ​២០០៨ ​ក្រោយ​ឆ្លង​កាត់​​​ការ​ពិនិត្យ​ប្រវត្តិ​រូប​​សង្ខេប ​និង​ការ​​​ធ្វើ​តេស្ដ​ភាសា​ជប៉ុន។ លោក​បាន​បោះ​បង់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រឹម​ឆ្នាំ​ទី​២​។ លោក​ថា​​ ទុន​​ភាសា​ជប៉ុន​ ដែល​​បាន​​សិក្សា​​ក្រៅ​ម៉ោង​ តាំង​ពី​នៅ​ស្រុក​កំណើត​មក ​​​គឺ​ជា​​គ្រឹះ​​​​មួយ​ធ្វើ​ឲ្យ​លោក​​ជោគជ័យ​​ ក្នុង​ការ​ប្រជែង​យក​​​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ជប៉ុន។

 

នៅ​ឆ្នាំ​២០០៨ វណ្ណា​ បាន​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​Digital Hollywood University​ លើ​ជំនាញ​​ Digital Communication ​តាម​រយៈ​​​អាហារូបករណ៍​ឈ្មោះ​ថា​ ​Yomiurishimbun Scholarship ពី​ក្រុមហ៊ុន​​កាសែត​ Yomiuri Newspaper។ ​ទី​នេះ​ហើយ​ដែល​​ធ្វើ​ឲ្យ​លោក​​​យល់​ដឹង​កាន់​តែ​ច្រើន​ទាក់​ទង​នឹង​ជំនាញ​រចនា​​គេហទំព័រ​ និង​ផ្នែក​​ទំនាក់​ទំនង​អន្តរជាតិ។  លោក​​​សិក្សា​បណ្តើរ​ ​​ធ្វើ​​ការ​បណ្តើរ​​ ជា​អ្នក​ចែក​ចាយ​ការ​សែត​ឲ្យ​ក្រុមហ៊ុន Yomiuri Newspaper ​​រយៈ​ពេល​៤ ឆ្នាំ​ ហើយ​នៅ​ឆ្នាំ​២០១៣ ​លោក​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជា​ស្ថាពរ​។​

​​

ដោយ​ចាប់​អារម្មណ៍​ខ្លាំង​លើ​​គម្រោង​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ​​លោក​ វណ្ណា​ ​រួម​​នឹង​មិត្តភ័ក្ដិ​ជប៉ុន​​​ ៣ នាក់​ផ្សេង​ទៀត​បាន​រួម​គ្នា​បង្កើត​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​​ថា ​VACS ​international Inc នៅ​ឆ្នាំ​២០១៤ ​ ក្រោយ​ពី​​​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​​​​​ឯកជន​មួយ​ចំនួន​​ ១១ ខែ​។ ក្រុមហ៊ុន​ថ្មី​នេះ​​បាន​ចំណាយ​ដើម​ទុន​​ចំនួន​ ៥ ម៉ឺន​ដុល្លារ​។

 

សហគ្រិន​វ័យ​ក្មេង​ ដែល​​ជា​តំណាង​ឲ្យ​សមាគម​យុវជន​អាស៊ាន​ផង​​នោះ ​បាន​​លើក​ឡើង​ថា​ ការ​បើក​ក្រុមហ៊ុន​ខ្លួន​ឯង​ នឹង​ធ្វើ​ឲ្យ​លោក​​​អាច​មាន​​ពេលវេលា​ច្រើន​​ ដើម្បី​​រួម​​ចំណែក​​ ក្នុង​ការងារ​សង្គម​​​​។ ​ដូច្នេះ​​បំណង​ប្រាថ្នា ​​​បើក​ក្រុមហ៊ុន​​ផ្ទាល់​ខ្លួន​​នេះ​ គឺ​មាន​តាំង​ពី​នៅ​រៀន​សាកលវិទ្យាល័យ​មក​ម្ល៉េះ។​

 

មក​ដល់​ពេល​​នេះ​ ​បន្ទាប់​ពី​បាន​ដំណើរ​ការ​​​​​​ជាង​ ៧ ខែ​​ ក្រុមហ៊ុន​ ​VACS ​international Inc កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​​អតិថិជន​​​​​ ជា​ពិសេស​សេវាកម្ម​ ផ្នែក​​ធនធាន​មនុស្ស​ ព្រោះលោក​មាន​​ទំនាក់​ទំនង​ល្អ​ជាមួយ​និស្សិត​សិក្សា​នៅ​ជប៉ុន​ កូរ៉េ​ និង​ចិន​។ ដូច្នេះ​ការងារ​របស់​លោក​​គឺ​ណែ​នាំ​និស្សិត​ឲ្យ​ក្រុមហ៊ុន​ និង​ណែ​​នាំ​ក្រុមហ៊ុន​​ឲ្យ​ស្គាល់​និស្សិត។​​ ​ការងារ​នេះ​​​លោក​​ផ្ដោត​​ចំពោះ​​​និស្សិត​​ និង​ក្រុមហ៊ុន​​​​​​ណា​ត្រូវ​ការ​ធនធាន​មនុស្ស​​ ​ក្នុង​តំបន់​អាស៊ាន​តែ​​ប៉ុណ្ណោះ​។

 

ប៉ុន្តែ​ពេល​​ដំណើរ​ការ​ដំបូង​ លោក​ វណ្ណា ​ក៏​ជួប​ឧបសគ្គ​ច្រើន​ដែរ​ ក្នុង​នោះ​មាន​ការ​ទំនាក់​ទំនង​ និង​ទំនុក​ចិត្ត​ពី​អតិថិជន​។ ​លោក​បាន​​​ព្យាយាម​ទាក់​ទង​ទៅ​​​​ ​​ក្រុមហ៊ុន​​តូច​ ​ធំ​​។ ទី​បំផុត​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​​សាកល្បង​ និង​​​ទទួល​​ស្គាល់​សេវាកម្ម​របស់​ក្រុមហ៊ុន​​​ រួច​​បាន​ណែ​នាំ​​ត​ៗ​គ្នា​។

 

សម្រាប់​លោក​ វណ្ណា​ ហេតុ​​ផល​ចម្បង ​ដែល​​នាំ​ឲ្យ​លោក​មក​ដល់​ចំណុច​នេះ ​​គឺ​ការ​ព្យាយាម​ អត់ធ្មត់ និង​​​និន្នាការមិន​​បោះ​បង់​​​។លោក​ថា ​​“ទាំង​​អស់​នេះ​ មាន​សារៈ​សំខាន់​ណាស់​។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​​ចូល​ចិត្ត​​ធ្វើ​អ្វី​ ដែល​មាន​ប្រយោជន៍ ​ចំពោះ​មនុស្ស​ទូទៅ​ និង​មិន​អាត្មានិយម​។​ជាក់​ស្តែង​កាល​ពី​ឆ្នាំ​២០១១​ ខ្ញុំ​បាន​​ចូលរួម​ជាមួយ​ ASEAN​ ​Community​  ក្នុង​នាម​ជា ​Administrator ​ដែល ​​កាល​នោះ ​ASEAN ​Community ​ គ្រាន់​តែ​ជា​គេហទំព័រ​ធម្មតា​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ឥឡូវ ​វា​ក្លាយ​ជា​សហគមន៍​មួយ​ ដែល​ទទួល​ស្គាល់​ពី​រដ្ឋលេខាធិការ​អាស៊ាន។ ​វា​ប្រើ​សម្រាប់​ចែក​រំលែក​ព័ត៌មាន​ពី​ប្រទេស​អាស៊ាន​ទៅ​បណ្ដា​ប្រទេស​នានា​ នៅ​ជុំវិញ​ពិភពលោក។ ​​ម្យ៉ាង​ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​​ធ្វើ​ការងារ​ជា​ក្រុម​​ និង​អាច​សម្រប​សម្រួល​បាន​​ល្អ ​ពេល​​​មាន​ប៉ះ​ទង្គិច​​តិច​តួច។​ ដូច្នេះ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​​គឺ​ចង់​បាន​សង្គម​មួយ​ ដែល​ត្រចះ​ត្រចង់​​ មិន​មែន​​សម្រាប់​តែ​មនុស្ស​មួយ​​​ក្តាប់​តូច​នោះ​ទេ”។​​​​ ​​​​​​​ ​​

ទៅ​ថ្ងៃ​អនាគត​​ VACS ​international Inc​ ​គ្រោង​បើក​ស្នាក់​ការ​ក្រុមហ៊ុន​នៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​​ទាំង​មូល ព្រមទាំង​សម្ពោធ​គេហទំព័រ​​ ASEAN CAREER ក្នុង​ពេល​ឆាប់​ៗ​​​​។ ​ខណៈ​​​អាស៊ាន​​នឹង​​ធ្វើ​សមាហរណកម្ម​​នៅ​ឆ្នាំ​២០១៥​​​ លោក​ ហៃ វណ្ណា ​បាន​​ផ្តាំ​​ផ្ញើ​ទៅ​យុវជន​ទាំង​អស់​ គួរ​ត្រៀម​ខ្លួន​ ដោយ​​​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​។ ទី​១ គឺ​ជំនាញ​ភាសា អង់គ្លេស​អាច​ទំនាក់​ទំនង​​បាន​ ។ ទី​២ យុវជន​​គួរ​ជ្រើស​រើស​ជំនាញ​​ណា​ដែល​ខ្លួន​ចូល​​ចិត្ត​​ ជាជាង​​​រៀន​​ជំនាញ​​ ដែល​​ខ្លួន​ចង់​រៀន​ ព្រោះ​អ្វី​​ដែល​ចូល​ចិត្ត​ គឺ​យើង​អាច​ធ្វើ​បាន​ល្អ​ជាង​៕

 

អាន​អត្ថបទ៖ អ្នកសុំទាន​កំពូល​ស្អាត​បំផុត​លើ​លោក មិនឃើញ​​មិន​ជឿ! ចុច​ត្រង់​នេះ​

អត្ថបទ៖មៃ សុខលីម

រូបភាព​៖ផ្តល់​ឲ្យ​