អ្នកលក់ម៉ាំល្ហុងល្បីស្រុកខ្មែរ នឹងបើកលក់លៀសហាលអនាម័យឆាប់ៗនេះ!
- 2014-10-20 15:22:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលក់ម៉ាំល្ហុងល្បីស្រុកខ្មែរ នឹងបើកលក់លៀសហាលអនាម័យឆាប់ៗនេះ!
ចន្លោះមិនឃើញ
លោក ម៉ៅ បូរ៉ា ត្រូវបានមហាជនស្គាល់ថា ជាអ្នកលក់ម៉ាំល្ហុងល្បីឈ្មោះម្នាក់ ដែលកំពុងតែក្ដាប់ម៉ូយម៉ាំល្ហុងរាយគ្រប់ច្រកល្ហក ពេញរាជធានីភ្នំពេញ។
ស្របពេលមុខជំនួញម៉ាំល្ហុងកំពុងទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នោះ អ្នកលក់ម៉ាំតែងខ្លួនសង្ហា ពាក់វ៉ែនតាដូចបណ្ឌិត ជាប់ពីស្រុកក្រៅរូបនេះ បានឱ្យ Sabay ដឹងថា លោកនឹងបើករបរលក់លៀសហាលបន្ថែម ក្រោមស្លាកយីហោ "ប៉ូរ៉ាលក់លៀសហាលអនាម័យ ទូកញ្ចក់ឆ្នាំ២០១៥" ក្នុងពេលឆាប់ៗនេះ។
“ក្រៅពីម៉ាំល្ហុង ខ្ញុំចង់លក់លៀសអនាម័យ ហើយខែ១១ ខ្ញុំនឹងចាប់ផ្ដើម។ ខ្ញុំបានឱ្យជាងដំឡើងរទេះពីរគ្រឿង បំពាក់កញ្ចក់រួចរាល់ហើយ គឺនៅតែចេញលក់ប៉ុណ្ណោះ"។
ចំពោះមូលហេតុនាំឱ្យលោកបង្កើតរបរថ្មី បុរសវ័យ២៥ឆ្នាំលើកឡើងថា របរនេះងាយស្រួលជាងលក់ម៉ាំល្ហុង មិនសូវហត់ និងសម្បូរអ្នកហូប ហើយលោកជឿជាក់ថា នឹងទទួលបានជោគជ័យ។ បើទោះបីជាយ៉ាងណា លោកមិនចោលរបរម៉ាំល្ហុង ដែលជាអាជីពដ៏ជូរចត់របស់លោកទេ។ ប៉ូរ៉ាបន្ថែមថា លោកនឹងទិញលៀសស្រស់ដល់កន្លែងចូកពីទន្លេផ្ទាល់ ហើយយកមកប្រឡាក់គ្រឿងហាលក្នុងទូរកញ្ចក់។
“ខ្ញុំស្គាល់បងម្នាក់ ខ្ញុំនឹងទៅទិញលៀសស្រស់ៗដែលទើបរកពីទន្លេ កន្លែងគាត់ផ្ទាល់។ ពេលទិញភ្លាម ខ្ញុំនឹងយកមកប្រឡាក់គ្រឿងភ្លាម ដើម្បីកុំឱ្យខូចគុណភាព។ ចំណែកវិធីសាស្ត្រហាល ខ្ញុំហាលក្នុងទូកញ្ចក់មានចោះប្រហោងតូចៗ ហើយប្រើស្រោបដៃ ឧបករណ៍ចូក អត់ប្រើដៃទទេទេ"។
ចំពោះមុខជំនួញថ្មី អ្នកខេត្តតាកែវជម្នះបាននូវភាពខ្មាសអៀនរូបនេះ បានបង្ហាញក្ដីជឿជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរនឹងជួយគាំទ្រដូចរបរម៉ាំល្ហុងដែរ។ សម្រាប់តម្លៃវិញ លោកថាមិនឱ្យលើសគេទេ គឺមួយកំប៉ុងតែបីពាន់រៀលតែប៉ុណ្ណោះ៕
អានអត្ថបទ៖ កុំមើលស្រាល! រដ្ឋមន្ត្រីម៉ាំល្ហុង ម៉ៅ បូរ៉ា មហិច្ឆតាអនាគតមិនធម្មតា
អត្ថបទ៖ អ៊ុំ សុភក្តិ