ចាន់ គង់ការ ចេញសម្ដែងដំបូងប៉ះឈុតថើបមាត់តែម្ដង
- 2016-02-09 15:01:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ គង់ការ ចេញសម្ដែងដំបូងប៉ះឈុតថើបមាត់តែម្ដង
ចន្លោះមិនឃើញ
អតីតកំពូលតារាបង្ហាញម៉ូដ Cambodia Next Top Model ចាន់ គង់ការ បានប្រាប់ឲ្យដឹងថា បទនិពន្ធភ្លេងថ្មីដែលនាងទើបសម្ដែងលើកដំបូង "ស្នេហ៍ឆ្លងវេហាស៍" នោះមានឈុតថើបមាត់គ្នានៅចុងបញ្ចប់។
“ចាសអូន...បទនេះ ជាបទដំបូងដែលបងចាប់សម្ដែងហើយមានឈុតថើបមាត់គ្នាមែន...យ៉ាងណាប្រហែលជាមានទស្សនិកជនរិះគន់ខ្លះហើយអូន ប៉ុន្តែបងគិតថាមិនហួសហេតុពេកទេទើបបងថត"។
ធ្លាប់តែដើរបង្ហាញម៉ូដ និងថតស្បត ពេលនេះ គង់ការ ទទួលបានឱកាសសម្តែង MV លើកទី១ នាងប្រាប់ថាលំបាក ប៉ុន្តែនៅតែព្យាយាមព្រោះជាអ្វីដែលនាងស្រលាញ់។
“ ធម្មតាទេអូន នេះជាលើកដំបូងរបស់បង គឺតែងមានការលំបាកចឹងហើយ ប៉ុន្តែទោះយ៉ាងណាក៏បងនៅតែព្យាយាមធ្វើឲ្យបានល្អ ព្រោះជាអ្វីដែលបងស្រលាញ់"។
ទាក់ទងនឹងការថើបមាត់នៅក្នុង MV នៃបទចម្រៀងនេះម្ចាស់ពានកំពូលតារាបង្ហាញម៉ូដនៅកម្ពុជា បន្តឲ្យដឹងទៀតថា ការរិះគន់គឺជៀសមិនផុតទេ ប៉ុន្តែនេះការសម្ដែងក្នុងសិល្បៈ ដូច្នេះទស្សនិកជននឹងបានយល់ ព្រោះបទនេះក៏មិនមានអ្វី ជ្រុលហួសហេតុពេកនោះដែរ។
គង់ការ បញ្ជាក់៖ "បងដឹងថា សិល្បៈយើងនៅមានគំនាប ព្រោះការថើបគ្នាបែបហ្នឹងគឺមិនអាចទទួលបាន ប៉ុន្តែឥឡូវគឺមិនដូចពីមុននោះទេ ក្នុងនាមបងជាអ្នកសិល្បៈម្នាក់បងអត់ខ្វល់ទេ ព្រោះបងគិតថាឈុតហ្នឹងមិនអាក្រក់ណាស់ណាឡើយ គឺទទួលយកបាន។ ដូចអូនដឹងហើយ ...ថ្វីត្បិតថាបងធ្លាប់តែដើរម៉ូដ និងធ្វើជា MC ក៏ដោយ ប៉ុន្តែអាចថាបងមានភាពស៊ាំនឹងកាមេរ៉ាអីចឹង ម្យ៉ាងខាងអ្នកដឹកនាំគាត់យល់ថា មុខមាត់បងត្រូវនឹងសាច់រឿងនឹងទើបគាត់ផ្ដល់ឱកាសដល់បងតែម្ដងទៅ"។
ទោះយ៉ាងណា គង់ការ ប្រាប់ថាមិនហ៊ានរំពឹងច្រើនទេ ប៉ុន្តែនាងប្រាប់ថា ចង់បង្ហាញឲ្យទស្សនិកជនបានឃើញពីសមត្ថភាពនាង។ ដោយសម្អាងថាក្នុងនាមជាតារាម្នាក់ គឺត្រូវចេះបត់បែនគ្រប់ស្ថានភាព មិនមែនចាំចេះតែមួយមុខនោះទេ។ ដូច្នេះ នាងត្រូវធ្វើអ្វីឲ្យប្លែកដើម្បីបង្ហាញទៅដល់ទស្សនិកជនបានឃើញពីភាពអភិវឌ្ឍរបស់នាង៕
ការសម្តែងរបស់ គង់ការ ក្នុងបទ " ស្នេហ៍ឆ្លងវេហាស៍"៖
អត្ថបទ៖ ថា ម៉ាលីដា