ឃើញអ្នកណាក៏ crush ក៏ពិតមែន! តែក៏ចេះខូចចិត្តដែរ
- 2016-02-11 22:17:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញអ្នកណាក៏ crush ក៏ពិតមែន! តែក៏ចេះខូចចិត្តដែរ
ចន្លោះមិនឃើញ
និយាយដោយស្មោះទៅបើទោះបីជាកាលពីនៅរៀនវិទ្យាល័យខ្ញុំនេះធ្លាប់ខូចខិលឃើញអ្នកនេះក៏crush អ្នកនោះក៏crush ក៏ពិតមែនក៏ប៉ុន្តែស្នេហាដែលខ្ញុំមានជាលើកដំបូង គឺនៅពេលដែលខ្ញុំបានចូលរៀនសកលវិទ្យាល័យឯនេះទេ។
គឺជាឆ្នាំទីពីរនៃមហាវិទ្យាល័យនីតិសាស្ត្របន្ទាប់ពីថ្ងៃបវេសនកាលថ្មីមកដល់ដែលកាលនោះនៅក្នុងថ្នាក់ខ្ញុំមិនស្គាល់នរណាផ្សេងទេក្រៅតែពីមិត្តរួមសុខរួមទុក្ខរបស់ខ្ញុំពីរនាក់ដែលបន្តមកពីឆ្នាំមូលដ្ឋានជាមួយខ្ញុំ។
បន្តិចក្រោយមកខ្ញុំក៏បានឃើញនារីក្មេងស្អាតម្នាក់ពាក់វ៉ែនតាធំៗ មុខ cuteម្នាក់ញញឹមដាក់ខ្ញុំហើយហៅខ្ញុំទៅអង្គុយជិតនាងព្រោះកាលនោះខ្ញុំមិនបានយកសៀវភៅទៅទេហេតុដូច្នេះហើយក៏អាស្រ័យមើល សៀវភៅជាមួយ និង គេទៅ។
អារម្មណ៍របស់ខ្ញុំនាពេលនោះអាចនិយាយបានថាអៀនក៏បាន អរក៏បាន ព្រោះមិនងាយឯណាបានអង្គុយជិតស្រីស្អាត។ គួររំលឹកផងដែរថា គេម្នាក់នោះ និងខ្ញុំធ្លាប់រៀនគួរត្រៀមមុននឹងប្រលងចូលរៀនឆ្នាំទីពីររួមគ្នាតែមិនដែលមានឱកាសបាននិយាយរកគ្នាទេ។ ប៉ុន្តែតាមពិតទៅខ្ញុំបាន crush នាងតាំងពីឃើញមុខលើកដំបូងម្ល៉េះ បើនិយាយអោយចំទៅគឺ love at the first sight ដែលលក្ខណៈឃើញភ្លាមស្រលាញ់ភ្លែតតែម្ដង។
ចាប់ពីពេលនោះមកពួកយើងចាប់ផ្ដើមទាក់ទងគ្នាជាពិសេសគឺខលរកគ្នា រឺ ក៏ឆាតពិភាក្សាពីមេរៀនដែលមិនយល់ត្បិតអីខាងផ្នែកនីតិសាស្ត្រហើយត្រូវរៀនជាភាសាបរទេសទៀតពិតជាមិនងាយស្រួលទេ។
នាងជាមនុស្សម្នាក់មិនសូវចេះមាត់កប៉ុន្មានទេប៉ុន្តែជាមនុស្សចេះយកអាសាដោយឧស្សាហ៍រំលឹកខ្ញុំអំពីការងារដែលគ្រូដាក់អោយហើយថែមទាំងពេលខ្លះផ្ញើមេរៀនផ្សេងៗមកអោយខ្ញុំទៀតផងពេលដែលខ្ញុំខកខានមិនបានទៅសាលា។
ចិត្តដែលខ្ញុំមានលើនាងគឺកាន់តែជ្រាលជ្រៅទៅៗពីមួយថ្ងៃទៅមួយថ្ងៃទាំងដែលដឹងថាខ្លួនគ្មានវាសនាឡើយព្រោះគេជាស្រីស្អាត ព្រមទាំងរៀនពូកែហើយថែមទាំងគ្រួសារធូរធារទៀត។ ប៉ុន្តែខ្ញុំក៏មិនបោះបង់នូវកូនចិត្តលួចស្រលាញ់មួយនេះដែរហើយក៏កែប្រែវាទៅជាការខំរៀនដើម្បីអាចយកមេរៀនដែលបានយល់ទៅពន្យល់គេនោះបាន ព្រោះការដែលរៀនពូកែក៏ជាកត្តាទាក់ទាញម្យ៉ាងដែរដើម្បីអោយគេមើលឃើញថាយើងជាមនុស្សប្រុសមានទំនួលខុសត្រូវខ្ពស់។
នាល្ងាចថ្ងៃមួយក្រោយពេលចេញពីរៀនដូចសព្វមួយដងពេលមកដល់ផ្ទះ បន្ទាប់ពីសម្អាតខ្លួននិងស្រស់ស្រូបអាហាររួចហើយ ពួកយើងក៏ចាប់ផ្ដើមឆាតសន្ទនាដូចរាល់ដង តែអ្វីដែលពិសេសគឺថាខ្ញុំហ៊ានណាស់នាពេលនោះ! គឺហ៊ានសារភាពប្រាប់គេត្រង់ៗទាំងដែលមិនទាន់ដឹងពីចិត្តគេច្បាស់នៅឡើយ។
ទន្ទឹមគ្នានោះដែរនាងក៏មិនបានឆ្លើយតបអ្វីដែរ តែនាងថានាងមិនសប្បាយចិត្តពេលឃើញខ្ញុំឆាតជាមួយអ្នកផ្សេង។ កិច្ចសន្ទនារវាងយើងទាំងពីរបានចាប់ផ្តើមពីម៉ោង៩យប់រហូតដល់ម៉ោង៣ទាបភ្លឺខ្ញុំក៏បានបញ្ចប់ដោយឆាតទៅគេថា «No matter what, I will always love you even if you don’t like me. Bonne nuitchérie, je t’aime!» ជាភាសាអង់គ្លេសគឺមានន័យថា Good night honey, I love you។ហើយនាងក៏តបវិញថា «Love me don’t hurt me and don’t leave me no matter what. I love you too chérie!»។
(រូបតំណាង)
ពេលនោះបេះដូងលោតខុសចង្វាក់ស្ទើរតែធ្លាយមកក្រៅតែក៏ខំសម្រួលអារម្មណ៍ ហើយទៅចូលគេងបាត់ទៅ។ ស្នេហារបស់ពួកយើងបានចាប់ផ្ដើមពីពេលនោះមកហើយខ្ញុំស្រលាញ់នាងខ្លាំងណាស់ព្រោះនាងជាស្នេហ៍ដំបូងរបស់ខ្ញុំចំណែកឯ ខ្ញុំក៏ជាស្នេហ៍ដំបូងរបស់នាងដែរ។
នាងធ្លាប់ប្រាប់ខ្ញុំថា «បងហ្ហា! យើងទាំងពីរនាក់ត្រូវតែខំរៀនដើម្បីយកអាហារូបករណ៍ទៅរៀនបន្តនៅបរទេស»។ និយាយដោយស្មោះកាលនោះខ្ញុំខំតាំងចិត្តប្រឹងរៀនសូត្រយ៉ាងខ្លាំងអោយសម្រេចអោយខាងតែបាននូវគោលបំណងរបស់ពួកយើង ហើយថែមទាំងគិតថានឹងយកនាងជាគូអនាគតផងដែរ បន្ទាប់ពីបានការងារល្អក្រោយបញ្ចប់ការសិក្សា។
ជាអកុសលរឿងល្អពិតជាមិនស្ថិតស្ថេរបានយូរអង្វែងមែន! ដោយសារតែភាពលំបាកនៃការសិក្សាហើយសុខភាពរបស់ពួកយើងមិនសូវជាអំណោយផលទើបបង្កអោយពួកយើងមានភាពរកាំរកូសនឹងគ្នាជាបន្តបន្ទាប់។
រហូតមកដល់ថ្ងៃមួយនាងបានប្រាប់ខ្ញុំថាសុំបែកដោយនិយាយថា «អូនមិនចង់បែកពីបងទេប៉ុន្តែពេលនេះអូនត្រូវការពេលរៀន ព្រោះបើនៅបន្តពួកយើងរឹតតែឈ្លោះគ្នា ហើយណាមួយជិតដល់ពេលប្រលងហើយអូនមិនទាន់ចេះអីទេអូនចង់នៅម្នាក់ឯងសិនដើម្បីរៀន»។ ខ្ញុំក៏យល់ព្រមតាមសំណើនាងទាំងភាពឈឺចាប់។ បើទោះជាបែកគ្នាក្ដីក៏ពួកយើងនៅតែបន្តរាប់អានគ្នាហើយក៏ខ្ញុំនៅតែយកចិត្តទុកដាក់នឹងនាងបារម្ភពីនាងជានិច្ច។
មួយសប្ដាហ៍រួចមកហើយដែលពួកយើងបានបែកគ្នាមើលទៅនាងហាក់ដូចជាសុខទុក្ខធម្មតាគ្រាន់តែមិនសូវខ្វាយខ្វល់ពីខ្ញុំដូចមុនឡើយ។ បន្តិចក្រោយមកខ្ញុំបានឈ្វេងយល់ការពិតថាការពិតគឺគេទៅមានអ្នកផ្សេងហើយម្នាក់នោះគឺជាសង្សារចាស់របស់នាង ទាំងដែលការគិតថាខ្ញុំជាស្នេហ៏ដំបូងនាងគឺផ្ទុយពីការពិតទាំងស្រុង។
ខ្ញុំខូចចិត្តណាស់! ខ្ញុំយំ! ខ្ញុំខឹងនាង!ខ្ញុំស្អប់នាង! ពិតជាស្ដាយពេលវេលាដែលខំចំណាយជាមួយនាងណាស់ស្ដាយចិត្តដែលខំស្មោះទាំងដែលមិនដឹងថានាងកុហកខ្ញុំតាំងពីដំបូង។ ពីពេលនោះមកពួកយើងឈប់និយាយរកគ្នាទៀតហើយ ហើយអ្វីៗគឺប្រែប្រួលទាំងស្រុងគឺខណៈពេលដែលនាងកំពុងមានក្ដីសុខជាមួយបុរសម្នាក់នោះគឺខ្ញុំកំពុងតែបៀមទុក្ខរីងរៃ។
ពេលវេលាចេះតែកន្លងហួសទៅពីមួយថ្ងៃទៅមួយថ្ងៃ ដំបៅដួងចិត្តរបស់ខ្ញុំបានជាសះស្បើយបន្តិចម្ដងៗរហូតដល់ភ្លេចគេស្ទើរតែទាំងស្រុង។ ឥលូវនេះខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ដោយជោគជ័យហើយ ហើយឆាប់ៗនេះខ្ញុំនឹងត្រូវទៅបន្តការសិក្សានៅក្រៅប្រទេស ចំណែកឯនាងក៏នឹងត្រូវទៅបន្តការសិក្សានៅប្រទេសផ្សេងដូចគ្នាពីព្រោះការខិតខំរបស់ពួកយើងកន្លងមកទើបបណ្ដាលអោយយើងទទួលបាននូវលទ្ធផលតបស្នងដូច្នេះ។
ពេលនេះយើងទាំងពីរអាចសម្រេចបំណងប្រាថ្នារបស់ពួកយើងហើយ ប៉ុន្តែរវាងពួកយើងគឺមិនដូចពីមុនទៀតឡើយព្រោះទីនេះគ្មានរូបនាងដូចពីមុនទៀត។ ខ្ញុំចង់ស្រែកអោយខ្លាំងៗប្រាប់គេថា «បងអាចសម្រេចបំណងប្រាថ្នារបស់ពួកយើងហើយ» ប៉ុន្តែខ្ញុំគ្មានភាពក្លាហាននឹងនិយាយនោះទេ។ខ្ញុំចង់ប្រាប់គេថា «អរគុណដែលធ្លាប់បានធ្វើជាកម្លាំងចិត្តអោយខ្ញុំកន្លងមក» ហើយក៏ចង់ប្រាប់គេដែរថា «អោយបងសុំទោសដែលបងមើលថែអូនមិនបានល្អទើបអូនត្រលប់ទៅរកគេបែបនេះ»។
ចុងបញ្ចប់ខ្ញុំមានតែជូនពរអោយនាងមានក្ដីសុខនិងជួបតែសំណាងល្អ។ ចំណែកឯរូបខ្ញុំវិញគឺគ្មានគិតពីរឿងរ៉ាវស្នេហាអ្វីទៀតនោះទេ ក្រៅតែពីតាំងចិត្តប្រឹងប្រឹងសិក្សាដើម្បីបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់ខ្ញុំនេះ។ត្រូវចេះថែរក្សានិងអោយតម្លៃទៅអ្វីដែលយើងមាននាពេលបច្ចុប្បន្នចៀសវាងការស្ដាយក្រោយនាថ្ងៃខាងមុខ៕
អត្ថបទ៖ ទេព វីរៈ
ចុចអាន៖ យក្សពាក់មុខទេព្ដា
អានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើមកកាន់ e-mail: kong.chanvanneng@sabay.com
ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧