យក្សពាក់មុខទេព្ដា
- 2015-09-18 22:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យក្សពាក់មុខទេព្ដា
ចន្លោះមិនឃើញ
ប្រហែលពីរឆ្នាំមុនគេមិនបានប្រារព្ធពិធីបុណ្យអុំទូកនោះទេស្របពេលដែលអង្គការដែលខ្ញុំកំពុងរៀនឲ្យឈប់សម្រាកតែបីថ្ងៃប៉ុណ្ណោះក្នុងឱកាសបុណ្យជាតិនេះ។ អ្នកមានផ្ទះនៅជិតទីក្រុងភ្នំពេញគេនាំគ្នាទៅលេងផ្ទះអស់សល់តែអ្នកនៅខេត្តឆ្ងាយៗមួយចំនួនចំណែកខ្ញុំនិងមិត្តភ័ក្ដិម្នាក់ទៀតនាំគ្នាដេកយាមផ្ទះទាំងដែលនៅផ្សារនិងតាមដងផ្លូវហាក់ដូចជាស្ងាត់ជ្រងំខុសពីធម្មតា។
ខ្ញុំមិនបានចាំថាវាគឺជាថ្ងៃណាមួយនៃថ្ងៃទាំងបីនោះទេគ្រាន់ តែចាំថាមិត្តខ្ញុំ ខ្ញុំនិងមិត្តភ័ក្ដិម្នាក់ផ្សេងទៀតចង់ដើរលេង។ យើងក៏ជិះកង់ម្នាក់មួយទៅវត្តភ្នំហើយដើរក្រឡឹងចុះឡើងទាល់តែអស់ចិត្តអស់ចង់។ បន្ទាប់មកក៏ស៊ុតមួយទំហឹងទៅកោះពេជ្រទីកន្លែងដែលយុវជន-យុវតីចូលចិត្តទៅសាសង-កម្សាន្ត។ ក្រោយពីជិះកង់មើលជុំវិញនិងអង្គុយសម្រាក ផឹកទឹកមួយសន្ទុះធំយើងក៏សម្រេចចិត្តជិះកង់លេងៗតាមមាត់ទន្លេមុខព្រះបរមរាជវាំង-ផ្សាររាត្រី ហើយចាំបត់ទៅផ្ទះវិញ។
ពន្លឺព្រះអាទិត្យហាក់ជ្រេណាស់ទៅហើយ ខ្យល់ទន្លេបក់រសៀកៗពិតជាស្រស់ស្រាយណាស់ ភ្លាមនោះស្រាប់តែ “អាអូនៗ!! មានប៊ិចទេ ពូសុំខ្ចីប្រើមួយភ្លែត…” សំឡេងចេញពីណាមិនដឹង តែមិត្តខ្ញុំម្នាក់ឈប់កង់យើងក៏ឈប់ទាំងអស់គ្នា។ ខ្ញុំក្រឡេកមើលទៅក្រោយស្រាប់តែឃើញបុរសម្នាក់ចំណាស់ប្រហែល ៣៥-៤០ឆ្នាំ ស្លៀកពាក់ស្អាតបាតទឹកមុខញញឹមស្រស់ស្រាយរួសរាយរាក់ទាក់ក្នុងដៃកាន់កូនសៀវភៅមួយក្បាលនឹងស្មាតហ្វូនពីរគ្រឿង ទាស់តែដំណើរនិងសម្ដីដូចជាចេកបាត់ហើយ។
គាត់មិនត្រឹមតែខ្ចីប៊ិចទេថែមទាំងហៅពួកខ្ញុំទៅអង្គុយនិយាយគ្នាលេងនៅមាត់ទន្លេទៀតផង៖ “អាអូនឯងមកពីណា? ឥឡូវស្នាក់នៅឯណា? រៀននៅសាលាណា?...” គាត់សួរផងសើចផង ពួកខ្ញុំក៏ឆ្លើយផងសើចផងជារឿយៗដែរ។ក្រោយប្រាប់ថាពួកខ្ញុំមកពីខេត្តឆ្ងាយកំពុងសិក្សារៀនសូត្រនិងរស់នៅក្រោមជំនួយអង្គការ... គាត់ក៏មានចិត្តអាណិតអាសូរហើយនិយាយថា “ពីពេលនេះទៅមុខប្រសិនបើប្អូនៗមានការលំបាកឬខ្វះខាតលុយកាក់អាចប្រាប់ពូបាន ពូមិនកំណាញ់ទេលុយម្ភៃ-សាមសិបដុល្លារនោះ ពូអាណិតអ្នកក្រីក្រដែលចេះតស៊ូណាស់ ឃើញចង់តែជួយ”។ ក្រោយមកគាត់ប្រាប់យើងថា ខ្លួនគាត់ជាអ្នកលក់សំលៀកបំពាក់និងកាបូបនៅម្តុំផ្សារចាស់ ហើយសុំកាបូបលុយពួកយើងមើល។
មិនបាច់គិតច្រើនខ្ញុំនិងមិត្តម្នាក់ទៀតក៏ទាញកាបូបលុយមកឲ្យគាត់មើលដោយឡែកតែម្នាក់ផ្សេងទៀតមិនប្រើកាបូបលុយ គាត់ក៏មិននិយាយអ្វី។ ពេលបើកកាបូបមិត្តខ្ញុំមើល គាត់លាន់មាត់ថា “អូ! មានលុយច្រើនដែរតើ!” ហើយក៏ហុចឲ្យវិញ បន្ទាប់មកគាត់បើកកាបូបខ្ញុំហើយនិយាយ “មានតែម្ភៃដុល្លារទេអី!” ខ្ញុំនិយាយបន្ថែម “នៅសល់តែប៉ុណ្ណឹងទុកចាយខែនេះនឹងផ្សំចាយខែក្រោយផងព្រោះពីរខែបានឪផ្ញើលុយឲ្យម្ដង” មើលរួចគាត់ក៏ឲ្យកាបូបមកខ្ញុំវិញដូចគ្នា។ ភ្លាមៗនោះ គាត់បានហៅលេខទូរសព្ទឲ្យពួកខ្ញុំកត់ទុកសម្រាប់ទាក់ទង ហើយចុងបញ្ចប់គាត់សុំជិះកង់ជាមួយផង ហើយឲ្យដាក់គាត់នៅផ្សារចាស់។
នៅតាមផ្លូវត្រលប់មកផ្ទះវិញ ខ្ញុំសួរមិត្តខ្ញុំ “ប្រសិនបើដាច់លុយ ឯងហ៊ានតេទៅគាត់អត់?” ចម្លើយបូករួមទាំងខ្ញុំផងគឺ “អត់ហ៊ាន” ព្រោះចំពោះខ្ញុំគិតថា“មនុស្សមិនដែលស្គាល់គ្នាផងឲ្យតេទៅសុំលុយចាយម៉េចកើត វាហាក់ដូចជាមិនសមទាល់តែសោះ”។ពេលទៅដល់ផ្ទះក៏ដកកាបូបលុយទុកលើទូផ្តៅរួចផ្លាស់សំលៀកបំពាក់ ធ្វើអ្វីហូបបាយហើយសម្រាកទៅ។
ថ្ងៃបន្ទាប់លុយដែលសល់តិចតួចក្នុងហោប៉ៅក៏អស់ ខ្ញុំគិតចង់យកអាម្ភៃដុល្លារក្នុងកាបូបទៅដូរចាយ ដល់ពេលបើកកាបូបមើល ម៉ែ! ធ្លាក់ថ្លើមក្ដុកតែម្ដង លុយនៅសល់ចុងក្រោយ គម្រោងបូកនិងលុយដែលអង្គការឧបត្ថម្ភប្រចាំខែក្រោយម្ភៃដុល្លារទៀតវាគ្រប់ល្មមចាយ តែឥឡូវបាត់អស់ម្ភៃដុល្លារទៅហើយ តើឲ្យខ្ញុំរស់នៅយ៉ាងម៉េច!? ខួរក្បាលចេះតែគិតរវើរវាយ “លុយជ្រុះបាត់ទេដឹង? ទេវាមិនអាចទេលុយនេះសំខាន់ណាស់ខ្ញុំមិនដែលប្រហែសទេ។ មិត្តភ័ក្ដិយកទេអី? អាហ្នឹងវារឹតតែមិនអាចទៀត។” គិតចុះគិតឡើងទើបនឹកឃើញពូចិត្តល្អនៅជិតផ្សាចាស់ “ប្រាកដជាពូនោះយកមិនខានទេ!? ទេ គាត់ចិត្តល្អយ៉ាងនេះ ធូរធារយ៉ាងនេះមិនសមគាត់ធ្វើអីចឹងទេ។” ខ្ញុំគិតមិនចេញក៏សន្និដ្ឋានថាខ្លួន ឯងប្រហែសធ្វើឲ្យបាត់ ឯអ្នកផ្ទះទើបនិងផ្ញើមកដើមខែនេះ គាត់គ្មានលុយឯណាឲ្យទៀតទេជម្រើស ចុងក្រោយគឺខ្ចីលុយអ្នកទើបមកពីស្រុកដប់ដុល្លារទុកចាយវាយបន្តទម្រាំដល់ខែថ្មី។
ពេលចូលរៀនវិញខ្ញុំនិយាយប្រាប់មិត្តម្នាក់ទៀតដែលឲ្យកាបូបទៅពូចិត្តល្អមើលដូចគ្នា ថា៖ “ញុំបាត់លុយអស់ម្ភៃរៀលបាត់” តែគេដូចជាមិនភ្ញាក់ផ្អើលហើយខ្សឹបប្រាប់ខ្ញុំវិញ “កុំប្រាប់អ្នកណាទៀត! ញុំបាត់អស់សែសិបរៀលឯណោះ (ចាំមិនសូវច្បាស់)”។ ទើបតែពេលនោះបានប្រាកដក្នុងចិត្ត“ច្បាស់ជាអាពូចិត្តល្អហ្នឹងហើយអ្នកយក”។គិតៗទៅហួសចិត្តខ្លួនឯងដែលល្ងង់ឆាប់ជឿគេពេក រឿង ដែលកាន់តែហួសចិត្តទៀតនោះគឺមនុស្សបីនាក់ភ្នែកប្រាំមួយហើយនៅមើលមិនឃើញគាត់យកទៀត។
ជាចុងក្រោយសូមផ្ដាំបងប្អូនដែលទើបមកពីស្រុកស្រែថា មនុស្សមួយចំនួននៅទីក្រុងមិនស្មោះត្រង់ដូចអ្នកស្រុកយើងទេ ដូច្នេះចូរអ្នកបង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់ជំហាន។ ហើយក៏សូមសំណូមពរដល់អ្នកដែលធ្នាប់មានទម្លាប់មិនល្អ មេត្តាអាណិតអ្នកស្លូតត្រង់ផង មេត្តាគិតថា “ខ្ញុំមិនអាចក្លាយជាអ្នកមានដោយសាររបស់បន្តិចបន្តួចនោះទេ តែអ្នកផ្សេងអាចវេទនាដោយសារបាត់បង់របស់ទាំងនោះ”៕
សូមអគុណចំពោះការចំណាយពេលវេលារបស់លោកអ្នក ហើយក៏សូមមេត្តាអធ្យាស្រ័យផងដែរ ប្រសិនបើមានកំហុសឆ្គងត្រង់ប្រការណាមួយ៕
ពីខ្ញុំ៖ ក្មេងវត្ត
អាន៖ ខ្ញុំសុខចិត្តធ្វើជាប្រុសកំសាកដើម្បីសេចក្ដីសុខនាង
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖
លេខទូរសព្ទ៖ 017 557 688 អ៊ីមែល៖ prak.chanseyha@cidc.com.kh លេខទូរសព្ទ៖ 099 588 880 អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!