"អាសុយទ្រីស្មោះស្នេហ៍" ចាយទុនច្រើនជាង៧ម៉ឺនដុល្លារ
- 2016-02-11 18:52:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"អាសុយទ្រីស្មោះស្នេហ៍" ចាយទុនច្រើនជាង៧ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ផលិតកម្ម BKS បានធ្វើពិធីក្រុងពាលីចេញថត ខ្សែភាពយន្តទី២របស់ខ្លួនហើយកាលពីព្រឹកមិញ មានចំណងជើងថា "អាសុយទ្រីស្មោះស្នេហ៍" ដោយខ្សែភាពយន្តមួយនេះ គ្រោងប្រើដើមទុនច្រើនជាង៧ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់ពីលោក ឈុន សុវណ្ណភក្ដី ម្ចាស់ផលិតកម្ម។
រឿង"អាសុយទ្រីស្មោះស្នេហ៍" គឺជាប្រភេទខ្សែភាពយន្តខ្នាតធំ បែបកំប្លែង លាយឈុតស្នេហាជាច្រើន។ បូកទាំងក្រុមបច្ចេកទេស និងតារាសម្ដែង ខ្សែភាពយន្តមួយនេះ ប្រើមនុស្សជិត១០០នាក់ឯណោះ។ តារាសម្ដែងសំខាន់រួមមាន លោក ឈុន សុវណ្ណភក្ដី, កញ្ញា គីម ច័ន្ទបរមី, អ្នកនាងប៉ែន សុផានី, លោក ម៉ា ដូណា , DJ ពាង, DJ កូនកណ្ដុរ និងតារាកំប្លែងមួយចំនួនទៀត។ ដោយឡែក លោក ឈុន សុវណ្ណភក្ដី និង កញ្ញា គីម ច័ន្ទបរមី សម្ដែងជាតួឯក ។
តាមការលើកឡើងរបស់លោក ឈុន សុវណ្ណភក្ដី ជាម្ចាស់ផលិតកម្ម និង ជាតួឯកប្រុសផងនោះ បានឲ្យដឹងបន្តថា រឿង"អាសុយទ្រីស្មោះស្នេហ៍" BKS គ្រោងផលិតឡើង ដើម្បីធ្វើឲ្យត្រូវស្តង់ដារកុនថ្មី ដែលនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងនិងវិចិត្រសិល្បកំណត់មក។ ក្នុងនោះផលិតកម្មបានបន្ថែមម៉ាស៊ីនថត ក៏ដូចជាបច្ចេកទេសផលិតជាច្រើនទៀត។ លោក សុវណ្ណភក្ដី និយាយថា៖ "យើងថែមកាមេរ៉ាទំនើប២ទៀត លើកាមេរ៉ាមានបច្ចុប្បន្ន ហើយថែម Drone មួយគ្រឿងទៀត យើងធ្វើតម្រូវស្តង់ដារថ្មីដែលក្រសួងកំណត់ឲ្យ។ ចឹងការចំណាយក៏ទៅតាមនោះដែរ"។
លោករំលឹកថា ស្នាដៃទី១គឺរឿង “ដៃគូកំចាត់ខ្មោច” ផលិតកម្មBKS បានចំណាយតែខ្ទង់៧ម៉ឺនដុល្លារ។ ដោយឡែកស្នាដៃទី២នេះ ត្រូវចំណាយអស់ច្រើនជាងមុន ត្បិតអីក្រៅពីចំណាយលើតារាសម្ដែង ក៏ដូចជាបន្ថែមបច្ចេកទេសផលិត ផលិតកម្ម បានចំណាយទៅលើ ជំនួយការអ្នកផលិត ៤ទៅ៥នាក់ថែមទៀត។ "អ្នកនិពន្ធរឿងក៏ខ្ញុំឲ្យទៅជួយមើល អ្នកកាត់តក៏ខ្ញុំឲ្យទៅមើល ហើយ នី មន្នីនាថ ដែលមិនមែនជាតារាសម្ដែងហ្នឹង ក៏ខ្ញុំឲ្យទៅជួយមើលការខុសត្រូវទៀត ចឹងខ្ញុំត្រូវចាយលុយឲ្យពូកគាត់ទៀត"។
រឿង "អាសុយទ្រីស្មោះស្នេហ៍" គ្រោងថតនៅចុងសប្ដាហ៍នេះ ដោយចំណាយពេលថត ប្រហែល១ខែ នៅទីតាំងមួយចំនួនដូចជាភ្នំពេញ និង កំពង់សោម ជាដើម។ ខ្សែភាពយន្តមួយនេះ គ្រោងចាក់បញ្ចាំងបន្ទាប់ពី រឿង “ដៃគូកំចាត់ខ្មោច” ចាក់បញ្ចាំងរួចនៅអំឡុងចុងខែមីនា៕
អត្ថបទ៖ ខុត សីហា