ចំបាប់​ចេញ​ទៅ​ដណ្ដើម​​មេដាយ​នៅ សិង្ហបុរី ម៉ោង ៦ ល្ងាច​នេះ

  • 2014-10-23 21:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ កីឡា​ការិនី ចំបាប់​របស់​កម្ពុជា ចំនួន ៩ រូប​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី នៅ​វេលា​ម៉ោង ៦:១០ នាទី​ល្ងាច​នេះ​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​កីឡា​ចំបាប់ អាស៊ាន បូក អូស្រ្តាលី ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់ ២៧ តុលា ឆ្នាំ ២០១៤ នេះ។

ក្រុម​កម្ពុជា ហ្វឹកហាត់​ត្រៀម នាពេល​កន្លង​មក (រូបថត៖ FB )

 

កីឡាករ​ទាំង ៩ រូប​មាន កីឡាករ ឌន សៅ ទម្ងន់ ៩៧ គីឡូក្រាម, ចាប លឿន ទម្ងន់ ៨៦ គីឡូក្រាម , កាង ដែន​ពិសិដ្ឋ ទម្ងន់ ៦១ គីឡូក្រាម និង កីឡាករ ងួន មករា ទម្ងន់ ៦១ គីឡូក្រាម ត្រូវ​ប្រកួត​កីឡា​ចំបាប់​សេរី។ ចំណែក​ផ្នែក​ចំបាប់​ក្រិ​កកូ​រ៉ូ​មាំ​ង មាន​កីឡាករ ជន់ ធូ ទម្ងន់ ៥៩ គីឡូក្រាម កីឡាករ ឆាំង ពិ​សិន ទម្ងន់ ៦៦ គីឡូក្រាម និង ផ្នែក​ចំបាប់​សេរី នារី មាន​កីឡាការិនី ចូ​វ សុធា​រ៉ា ទម្ងន់ ៤៨ កីឡាការិនី ឌន ស្រី​ម៉ៅ ទម្ងន់ ៥៣ គីឡូក្រាម និង កីឡាការិនី នី សំណាង ទម្ងន់ ៥៥ គីឡូក្រាម។

 

លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​លើក​ឡើង​ថា រាល់​ចំណាយ​​របស់​ក្រុម​កម្ពុជា​ទៅ​ប្រកួត​នៅ​សិង្ហ​បុរី​ ​នេះ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក Casey Barnett អនុប្រធាន​របស់​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ក្នុង​ទឹកប្រាក់​​ចំនួន ៦,៨០០ ដុល្លារ​អាមេរិក។

 

 ព្រឹត្តិការណ៍​សម្រាប់​កីឡា​ចំបាប់​នេះ​ធ្វើ​ឡើង​ដើម្បី​រក​ផ្លូវ​ជួយ​បញ្ចូល​កីឡា​ប្រភេទ​នេះ​​ទៅ​​កីឡា​ស៊ីហ្គេម ឆ្នាំ ២០១៥ ខាង​មុខ ស្រប​ពេល​ការ​សម្រេច​បឋម នា​ពេល​កន្លង​ទៅ​មិន​មាន​ឈ្មោះ​ចំបាប់​នៅ​ឡើយ​នោះ​ទេ។

 

លោក ធិន វិចិត្រ នៅ​តែ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ប្រជែង​យក​មេដាយ​ត្រឡប់​មក​វិញ ព្រោះ​នេះ​ជា​ការ​ប្រកួត​ថ្នាក់​តំបន់​អាស៊ាន មិន​សូវ​តាន​តឹង​ដូច​ការ​ប្រកួត កីឡា Asian Games។

 

 ចំបាប់ បាន​បង្ហាញ​សាច់ដុំ​​ដ៏​អស្ចរ្យា​គឺ​ក្នុង​​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៣ ដែល​រៀបចំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ដណ្ដើមបាន​មេដាយ​ចំនួន ១០ គ្រឿង ដែលមាន​មេដាយមាស ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង និង មេដាយ​សំរឹទ្ធ ៤ គ្រឿង៕

 

អត្ថបទ៖ ម៉ឺន រស្មី