Di Matteo ចង់​​នាំ​ Torres ​​ទៅ​កាន់ Schalke

  • 2014-10-23 22:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​លីក​កំពូល​អាល្លឺម៉ង់ Schalke លោក Roberto Di Matteo ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ត្រៀម​ដាក់​សំណើ​​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Fernando Torres របស់​ក្រុម​តោ​ខៀវ Chelsea យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។​

 

​កាស្សែត​អាល្លឺម៉ង់ ​Bild ​បាន​សរសេរ​ថា​លោក Matteo​ ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​៣០ឆ្នាំ​រូប​​នេះ ហើយ​គ្រោង​នឹង​ទិញ​យក​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដែល​បើក​នៅ​ខែ​មករា​ខាង​មុខ។

 

Torres កំពុង​ត្រូវ​បាន​ AC Milan ខ្ចី​ជើង​ពី Chelsea ប៉ុន្តែ​ទើប​តែ​ស៊ុត​ចូល​១គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​៥ប្រកួត។ ការ​មិន​អាច​បង្ហាញ​ទម្រង់​លេង​ល្អ​បែប​នេះ ធ្វើ​ឲ្យ​គេ​អាច​ប៉ាន់ស្មាន​បាន​ថា​ AC Milan ប្រហែល​ជា​មិន​ទិញ​យក​ដាច់​ពី​តោ​ខៀវ​នោះ​ឡើយ​ក្រោយ​ចប់​កិច្ច​សន្យា​ខ្ចី​ជើង។

 

Torres លេង​ឲ្យ AC Milan

 

យ៉ាង​ណា​ក្ដី ដោយ​សារ​តែ​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ល្អ លោក Di Matteo ដែល​ធ្លាប់​ដឹក​នាំ​ Chelsea ឈ្នះ​ពាន Champions League ឆ្នាំ​២០១២ នោះ ទំនង​ជា​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​អាច​ជួយ​ឲ្យ Torres មុត​ស្រួច​ឡើង​វិញ។

 

គេ​មិន​ទាន់​អាច​ប៉ាន់ស្មាន​បាន​នៅ​ឡើយ​ទេ​ថា​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ មាន​តម្លៃ​ខ្លួន​ប៉ុន្មាន ប៉ុន្តែ​ Chelsea ក៏​ប្រហែល​មិន​លក់​ថ្លៃ​ពេក​ដែរ ព្រោះ​នេះ​ជា​ឱកាស​​ដ៏​ល្អ​ដែល​ក្លិប​នេះ​អាច​​បាន​ប្រាក់​មក​វិញ​ខ្លះ ក្រោយ​ជះ​លុយ​ទិញ​រូប​គេ​ពី Liverpool ដល់​ទៅ​៥០លាន​ផោន ឬ​ប្រហែល​៨០លាន​ដុល្លារ។​

 

កុង​ត្រា​របស់ ​Torres​ នៅ Chelsea នឹង​ត្រូវ​ផុត​កំណត់​នៅ​ពាក់​កណ្ដាល​ឆ្នាំ ​២០១៦។ អតីត​យុវជន​ក្លិប​ Atletico Madrid រូប​នេះ ធ្លាប់​កសាង​កេរ្ដិ៍ឈ្មោះ​ដល់​កំពូល​ពេល​លេង​នៅ Liverpool ចន្លោះ​ឆ្នាំ ២០០៧-២០១១ ដោយ​អាច​​ស៊ុត​បញ្ចូល​ទី​បាន​៦៥គ្រាប់ ​ក្នុង​១០២​ប្រកួត ខណៈ​នៅ​ Chelsea រូប​គេ​អាច​ស៊ុត​បាន​តែ​២០គ្រាប់​ប៉ុណ្ណោះ ​ក្នុង​១១០ប្រកួត៕

 

ប្រែ​សម្រួល៖​ អូន សៅណាត

 ប្រភព៖ ​The Express