ការ​មើល​រូប​ថត​ចាស់​ៗរំលឹក​អនុស្សាវរីយ៍​ អាច​ជួយ​​សុខភាព​ផ្លូវ​ចិត្ត​បាន​ច្រើន​យ៉ាង​​​​

  • 2016-02-24 15:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ទេ​ អង្គុយ​មើល​រូប​ថត​​​​ពី​មុន​ៗ នឹក​ឃើញ​អ្វី​មួយ​ រួច​ញញឹម​​​ម្នាក់​ឯង​ដោយ​មិន​ដឹង​ខ្លួន​? តាម​ការ​ស្រាវជ្រាវ​​​ថ្មី​មួយ​ធ្វើ​ឡើង​នៅ​​សាកលវិទ្យាល័យ​​​ប្រទេស​អង់គ្លេស​ និង​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថាការ​មើល​រូប​ថត​ចាស់​ៗ រួច​នឹក​ឃើញ​​អនុស្សាវរីយ​ល្អ​ៗ​​​ ជួយ​អារម្មណ៍​អ្នក​បាន​ប្រសើរ​ឡើង​។

 

ការ​ស្រាវជ្រាវ​​ពីរ​ផ្សេង​គ្នា ដឹក​នាំ​​ដោយ​លោក​​ស្រី​បណ្ឌិត​ Erica Hepper ​សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ Surrey ប្រទេស​អង់គ្លេស​ផ្នែក​ចិត្ត​វិទ្យា និង​​ លោក​សាស្ត្រាចារ្យ​​ Clay Routledge នៃ​សកលវិទ្យាល័យ North Dakota State ​សហរដ្ឋអាមេរិក​ ។ សាស្ត្រាចារ្យ​ទាំង​ពីរ​​​បាន​ឲ្យ​ដឹង​ថា​ ជា​​មធ្យម​មនុស្ស​​​​​​អាច​រំឭក​​អនុស្សាវរីយ​​របស់​ខ្លួន​ឡើង​វិញ​ក្នុង​រយៈ​ពេល​១​ដង ក្នុង​​១​សប្ដាហ៍ ដូច​ជា​​ការ​ស្ដាប់​តន្ត្រី​ដែល​ពួក​គេ​ចូល​ចិត្ត​​​​ឬ​ មើល​រូប​ថត​ចាស់​ៗ​របស់​ខ្លួន។

 

​​​​សាស្ត្រាចារ្យ​​ Routledge ជា​មួយ​សហការី​​បាន​​បង្ហាញ​​លទ្ធ​ផល​ស្រាវជ្រាវ​ តាម​រយៈ​ទស្សនាវដ្ដី Memory ថា​ ការ​រំលឹក​ទៅ​អតីតកាល ​​​​ទាក់​ទង​នឹង​​បទ​ពិសោធន៍​​ពី​មុន​ៗ គឺ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​​​ជីវិត​​បច្ចុប្បន្ន​របស់​មនុស្ស។​ នៅ​ពេល​មនុស្ស​​ឃើញ​​រូប​ថត​ចាស់​ៗ របស់​ខ្លួន ពួក​គេ​មាន​អារម្មណ៍ ​ថា​ស្រលាញ់ និង​ឲ្យ​តម្លៃ​​ខ្លួន​ឯង ជួយ​​បង្កើន​​​​​​ចិត្ត​​ចង់​​ចូល​រួម​ក្នុង​សង្គម​។ ពេល​មាន​អារម្មណ៍​​​​ឯកា​វា​បាន​ជួយ​​ឲ្យ​ពួក​គេ​​​​​ធូរ​ស្បើយ​​ រំសាយ​ពី​អារម្មណ៍​ស្ត្រែស​តប់​ប្រមល់​​ និង មាន​អារម្មណ៍​​​ល្អ​​ឡើង​វិញ ​​​។

 

ចំណែក​លោក​​ស្រី​សាស្ត្រាចារ្យ Hepper បាន​​ឲ្យ​ដឹង​ថា៖ "នៅ​ពេល​ពួក​យើង រំលឹក​មើល​​ឃើញ​ពី​អតីតកាល​ល្អ​ៗ ពួក​យើង​​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ សរសើរ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង មាន​​អារម្មណ៍​ថា​​​ជិត​ស្និទ្ធ ហើយ​​ជីវិត​​គឺ​​ពិត​ជា​មាន​ន័យ។ បទ​ពិសោធ​​អតីតកាល​នៃ​​ភាព​ជូរ​ចត់​​ និងភាព​រីក​រាយ​​នៅ​លាយ​ឡំ​គ្នា ប៉ុន្តែ​ភាព​​​ក្រៀម​ក្រំ​​​នឹង​​​​អាច​រសាយ​បាត់​ទៅ​ដោយ​ខ្លួន​​ឯង​​​"។ ការ​ចុះ​ផ្សាយ​​ព្រឹត្តិបត្រ​​​លទ្ធ​ផល​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៣ របស់​សាស្ត្រាចារ្យ Hepper និង​សហការី​បង្ហាញ​ថា ការ​មើល​រូប​ថត​ចាស់​ៗ រំលឹក​រឿង​ល្អ​ៗ គឺ​បាន​ជំរុញ​​ចិត្ត​ឲ្យ​គិត​​​​​វិជ្ជមាន ធ្វើ​ឲ្យ​មនុស្ស​​មាន​អារម្មណ៍​​ស្រលាញ់​​បង​ប្អូន​ គ្រួសារ និង​ដៃ​គូ​ស្នេហា​កាន់​តែ​ច្រើន​​​ ​ ស្រលាញ់​និង​ជួយ​​​​កិច្ច​ការ​សង្គម និង​កាត់​បន្ថយ​កំហឹង។

 

ក្រៅ​​ពី​បង្ហាញ​​លទ្ធផល​ស្រាវជ្រាវ​​​​​​ខាង​លើ សាស្ត្រាចារ្យ​​ Hepper ក៏​បាន​​លើក​​ទឹក​ចិត្ត​​ឲ្យ ​មើល​រូប​ថត​ចាស់​ៗ​ រំលឹក​អនុស្សាវរីយ ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង៖

 

ឲ្យ​អតីតកាល​​ដាស់​តឿន​​​អនាគត​របស់​អ្នក​​

​​​​​​​​​​​​​​​​​​រំលឹក​ទៅ​អតីតកាល​​​ល្អ​ៗ ស្នាដៃ​ដែល​សម្រេច​បាន អ្វី​ដែល​ជំរុញ​ចិត្ត​អ្នក ជា​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​​សម្រាប់​​សម្រេច​​បាន​នូវ​គោល​ដៅ​​ចម្បង​របស់​អ្នក។

 

រំលឹក​ទៅ​អតីតកាល​ ​អនុស្សាវរីយ​ជា​ក្រុម សួរ​ទៅ​កាន់​សមាជិក​គ្រួសារ​ឬ​ មិត្ត​ភក្តិ មើល​ទៅ​រូប​ថត​អតីតកាល ស្ដាប់​ការ​ចែក​រំលែក​ពី​បទ​ពិសោធន៍​​​​​របស់​ពួក​គេ។ អ្នក​​អាច​រៀន​ពី​បទ​ពិសោធ​ល្អ​ៗ​ទាំង​នោះ សម្រាប់​ជា​មេរៀន​បច្ចុប្បន្ន​និង​អនាគត។

 

​បង្កើត​​អនុស្សាវរីយ​ថ្មី​ៗ​

ព្យាយាម​កសាង​នូវ​អ្វី​​ល្អ​ៗ​​ ជា​បទ​​ពិសោធ​សម្រាប់​ជីវិត​នា​ពេល​អនាគត។ អ្នក​ត្រូវ​ចាំ​ថា អ្វី​ដែល​កើត​ឡើង​ថ្ងៃ​នេះ​ នឹង​ក្លាយ​ជា​អនុស្សាវរីយ​​មួយ​សម្រាប់​អ្នក​​​​​នៅ​ថ្ងៃ​អនាគត៕

 

ចុចអាន៖ ដាំ​រុក្ខជាតិ​បៃតង​ក្នុង​ការិយាល័យ​​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ huffingtonpost​​​

អត្ថបទពេញនិយម
អត្ថបទថ្មី