យោងតាមមជ្ឈមណ្ឌលផ្កាយរណបជាតិរបស់វៀតណាម បានឲ្យដឹងថាប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់បញ្ជូនផ្កាយរណបរបស់ខ្លួនទៅក្នុងគន្លងតារាវិថី នាឆ្នាំ២០១៨។ ដែលក្នុងការបាញ់បញ្ជូនផ្កាយរណបនេះ មានការសហការជាមួយប្រទេសជប៉ុនផងដែរ។
ផ្កាយរណបដែលត្រៀមបាញ់បង្ហោះនោះមានឈ្មោះថា Micro Dragon ដែលវាមានទម្ងន់តែ ៥០គីឡូក្រាមតែប៉ុណ្ណោះ ដែលជាស្នាដៃរួមគ្នាមួយរវាងក្រុមវិស្វករ និងសាស្ត្រាចារ្យមកពី ៥សកលវិទ្យាល័យនៃប្រទេសវៀតណាម និងជប៉ុន។
ផ្កាយរណបថ្មីនេះមានតួនាទីវិភាគ ថែទាំគុណភាពទឹកសមុទ្រ និងជីវចម្រុះនានាដែលមានក្នុងដែនសមុទ្ររបស់ប្រទេសវៀតណាមទាំងមូល។
រំលឹកផងផងដែរថា កាលពីឆ្នាំ ២០១៣ ប្រទេសវៀតណាមបានបញ្ជូនផ្កាយរណបរបស់ខ្លួនទៅគន្លងតារាវិថីម្ដងរួចទៅហើយ ដែលផ្កាយរណបនោះមានឈ្មោះ Pico Dragon ហើយវាមានទម្ងន់តែ ១គីឡូក្រាមតែប៉ុណ្ណោះ។ លើសពីនេះខាងមជ្ឈមណ្ឌលផ្កាយរណបជាតិរបស់វៀតណាម បានឲ្យដឹងទៀតថាពួកគេនឹងបាញ់បង្ហោះផ្កាយរណបឈ្មោះ NanoDragon ដែលទម្ងន់ ១០គីឡូក្រាម ក្នុងឆ្នាំ ២០១៦នេះ និងបាញ់ផ្កាយរណបឈ្មោះ LOTUSat-2 ដែលមានទម្ងន់ ៥៥០គីឡូក្រាម ក្នុងឆ្នាំ ២០២០៕
ចុចអាន ៖
ប្រទេសឡាវបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួន Lao Sat-1 ដំបូងទៅលើអាកាស
ប្រែសម្រួល ៖ រដ្ឋ
ប្រភព ៖ thanhniennews