បឹង​ដាច់​ស្រយាល​​មួយ​កន្លែង ​​ប្រាប់​​​​រឿង​រ៉ាវ​​ជា​ច្រើន​ពី​ដើម​កំណើត​មនុស្ស​​​

  • 2016-02-25 23:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹង​មួយ​កន្លែង​ ស្ថិត​​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​ក្លាយ​ជា​កន្លែង​​​​សំខាន់​មួយ​ដែល​បំភ្លឺ​អាថ៌កំបាំង​​​ជា​ច្រើន​​ដល់​អ្នក​ស្រាវជ្រាវ​ ឲ្យ​យល់​​ពី​ដំណើរ​វិវត្ត​នៃ​មនុស្ស តាម​រយៈ​​​ ​ការ​រក​ឃើញ​ហ្វូស៊ីល​ជា​ច្រើន​​​​នៅ​ក្នុង​បឹង។

 

នៅ​ក្នុង​បឹង​​ Turkana ដែល​​មាន​ទី​តាំង​នៅ​កណ្ដាល​​សមុទ្រ​ខ្សាច់​ភាគ​ខាង​ជើង​​នៃ​ប្រទេសកេនយ៉ា ត្រូវ​បាន​​អ្នក​​ស្រាវជ្រាវ​​​រក​ឃើញ​ហ្វូស៊ីល​គ្រោង​ឆ្អឹង​ពេញ​លេញ​មួយ ក្នុង​ឆ្នាំ​១៩៨៤ ដែល​ហ្វួស៊ីល​ជា​ច្រើន​​ភាគ​ច្រើន​កម្រ​នឹង​ពេញ​រូប​រាង​​ ដោយ​វា​​ត្រូវ​បែក​ជា​បំណែក​ៗ។
​ ​​ហ្វូស៊ីល​​​ខាង​​លើ គឺ​ជា​​​គ្រោង​ឆ្អឹង​របស់​ក្មេង​ប្រុស​ម្នាក់ ដែល​​ប្រហែល​ជា​បាន​ស្លាប់​នៅ​អាយុ​ ៨​ឆ្នាំ។ ​​​អ្នក​ស្រាវជ្រាវ​​បាន​ឲ្យ​ដឹង​ថា គ្រោង​ឆ្អឹង​​ បាន​លិច​​​ចូល​​​កករ ក្នុង​បឹង​​ និង​​នៅ​រក្សា​បាន​​យ៉ាង​ល្អ​ អស់​រយៈ​ពេល ១,៥ លាន​ឆ្នាំ​​​ និង​ក្លាយ​ជា​គ្រោង​ឆ្អឹង​​ពេញ​លេញ​​​បំផុត​ ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ។

 

យ៉ាង​ណា​ក្ដី គ្រោង​ឆ្អឹង​​​ក្មេង​ប្រុស គ្រាន់​តែ​ជា​​ហ្វូស៊ីល​​​មួយ​ក្នុង​ចំណោម​​​​ហ្វូស៊ីល​​ ដែល​រក​ឃើញ​នៅ​ បឹង Turkana ។ ហ្វូស៊ីល​​ជា​ច្រើន​ទៀត​​ ត្រូវ​បាន​រក​ឃើញ​នៅ​ទី​នោះ បង្ហាញ​ពី​​​​​ ការ​វិវឌ្ឍ​​របស់​មនុស្ស និង​ការ​រស់​នៅ​​របស់​បុព្វ​បុរស​​មនុស្ស ​​​​​រយៈ​កាល​ ៤​លាន​ឆ្នាំ​។

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ Fred Spoor ផ្នែក​កាយ​វិភាគ​នៃ​ការ​វិវត្ត​​​​មនុស្ស​ មក​ពី​សកលវិទ្យាល័យ College London ប្រទេស​អង់គ្លេស បាន​ឲ្យ​​ដឹង​ថា រយៈ​កាល​២​លាន​ឆ្នាំ​​មុន បឹង​ Turkana ​ព័ទ្ធ​ជុំ​វិញ​ដោយ​បរិស្ថាន​​ល្អ សម្រាប់​​បុព្វបុរស​មនុស្ស​រស់​នៅ។ នៅ​ពេល​ពួក​គេ​​ស្លាប់ ទី​នោះ​ក្លាយ​ជា​កន្លែង​​រក្សា​​ទុក​ហ្វូស៊ីល​បាន​យ៉ាង​ល្អ​។

 

ដោយ​សារ​តែ​ បឹង​ Turkana ស្ថិត​ក្នុង​តំបន់​​​ភ្នំ​ភ្លើង ពេល​​មាន​ចលនា​​វិវត្ត​នៃ​​ផែន​ដី ធ្វើ​ឲ្យ​សំបក​ផែនដី​រំកិល​​នឹង​​បង្កើត​ឡើង​ស្រទាប់​ថ្មី​ៗ​ជា​ច្រើន។ នេះ​ជា​ហេតុ​មួយ​ធ្វើ​​ឲ្យ​តំបន់​នោះ មាន​ហ្វូស៊ីល​​តាម​ស្រទាប់​​​ដី នៅ​អាយុ​កាល​ផ្សេង​គ្នា។ ពេល​ដែល​ភ្លៀង​​​ធ្លាក់​នៅ​​តំបន់​នោះ បាន​ច្រោះ​សំណឹក​ដី ធ្វើ​ស្រទាប់​ដី​​នៅ Turkana លេច​ហ្វូស៊ីល​​​ឡើង​ជា​ច្រើន សម្រាប់​អ្នក​ស្រាវជ្រាវ​សិក្សា។

 

រយៈ​​ពេល​ក្រោយ​មក​ ​​ ក្រុម​អ្នក​ស្រាវជ្រាវ​ មក​ពី​សកលវិទ្យាល័យ សហរដ្ឋអាមេរិក អេត្យូពី​ និង​ក្រុម​ស្រាវជ្រាវ​ជា​ច្រើន​ទៀត បាន​រក​ឃើញ​ ហ្វូស៊ីល​ឆ្អឹង​​ ប្រភេទ​​​ស្វា​ជា​ច្រើន​ប្រភេទ​​ ​លក្ខណៈ​ដូច​មនុស្ស ជា​បន្ត​បន្ទាប់ និង​បាន​រក​ឃើញ ពី​ឧបករណ៍​ប្រើ​ប្រាស់​​របស់​បុព្វបុរស​មនុស្ស​នា​សម័យ​​​​មុន ដូច​ជា ថ្ម​សំលៀង​ ប្រើ​ជា​ពូថៅ កាំបិត​ជា​ដើម។ រហូត​មក​ដល់​ ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មី​ៗ នេះ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ប្រកាស​ថា រក​ឃើញ​ ឧបករណ៍​ថ្ម​​​ សម្រាប់​ប្រើ​ប្រាស់ អាយុ​កាល ៣,៣ លាន​ឆ្នាំ​ ជា​ឧបករណ៍​ប្រើ​ប្រាស់​ចាស់​ជាង​គេ​បំផុត។

ដោយ​សារ​ បឹងTurkana ជា​កន្លែង​សំបូរ​ដោយ​ហ្វូស៊ីល ឆ្អឹង​សត្វ​ស្វា​ច្រើន​ប្រភេទ​ដែល​ជា​បុព្វ​បុរស​របស់​មនុស្ស​ រួម​ទាំង​ឧបករណ៍​​ប្រើ​ប្រាស់ វា​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​អ្នក​ស្រាវជ្រាវ។ ​​ ទោះ​យ៉ាង​ណា​ក្ដី អ្នក​ស្រាវជ្រាវ​​​​​​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា បឹងTurkana គ្រាន់​តែ​ជា​​ផ្នែក​សំខាន់​មួយ​ ប៉ុណ្ណោះ នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត ដែល​​​បង្ហាញ​ពី​ការ​វិវត្ត​របស់​មនុស្ស ប៉ុន្តែ​​បាន​បាត់​បង់​ មិន​អាច​រក្សា​ទុក​ហ្វូស៊ីល​បាន៕

ចុចអាន៖ រក​ឃើញ​អាវុធ​ថា​​មាន​អាយុ​កន្លះ​លាន​ឆ្នាំ​ ប៉ុន្តែ​មិន​ដឹង​គេ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ឲ្យ​​​ប្រាកដ​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC​​