ស្ត្រី​​​​​គ្រប់គ្រង​ក្រុមហ៊ុន​ មិន​បាន​ល្អ​ដូច​បុរស?

  • 2016-03-08 14:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ក្នុង​វិស័យ​ជំនួញ ស្ត្រី​បាន​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុនច្រើនគួរ​សម​ក្ដី ប៉ុន្តែនៅ​មាន​មតិ​ខ្លះ​លើក​ឡើងថា ​"ស្ត្រី​​​គ្រប់គ្រង​ក្រុមហ៊ុន​ មិន​បាន​​ល្អ​ដូច​បុរស" ​ដែល​បង្ហាញ​ឱ្យ​ឃើញ​​​ថា ស្ត្រី​នៅ​មិន​ត្រូវ​បាន​គេ​ជឿ​លើ​សមត្ថភាព​នៅ​ឡើយ។

 

លោក ចាន់ សុផាន់ណា ប្រធាន​ការិយាល័យ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ឱ្យ​ដឹង​ថា លោក​​​មិន​យល់​ដូច្នេះ​ឡើយ​ ដោយ​លើក​ឡើង​ថាសហគ្រិន​ស្ត្រី​ ក៏​​មាន​សមត្ថភាព​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ល្អ​ដូច​​​បុរស​ដែរ។

 

លោក​ប្រាប់​ថា៖ "មិន​ថា​ពួក​គាត់​​ខ្លាំង​ជាង​បុរស​ទេ តែ​ចាប់​ពី​ខ្ញុំ​ធ្វើ​ការ​នៅ​ទី​នេះ​មក ខ្ញុំ​ឃើញ​ថា​ពួក​គាត់​មាន​សមត្ថភាព​​​ដូច​បុរស​ដែរ មិន​អន់​ជាង​បុរស​​អី​ប៉ុន្មាន​ទេ។ ខ្ញុំ​ឃើញ​ថា​ជំនួញ​របស់​ពួក​គាត់ ដើរ​រលូន ជោគជ័យ។ អ្នក​ខ្លះ​ស្ទុះ​ឡើង​ខ្លាំង ទៅ​តាម​ជំនួញ​របស់​ពួក​គាត់"។

 

ប្រធាន​ការិយាល័យ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​រូប​នេះ​ បាន​បន្ថែម​ថា បើ​តាម​ការ​សង្កេត​របស់​លោក គឺ​មាន​​សហគ្រិន​​បុរស​ច្រើន ​បរាជ័យ ប៉ុន្តែ​មិន​ទាន់​ឃើញ​សហគ្រិន​​ស្ត្រី​ណាម្នាក់ បិទ​ក្រុមហ៊ុន​ចោល​​​នៅ​ឡើយទេ ហើយ​​លោក​​បាន​ប្រាប់​ថា ​ភាព​សកម្ម និង​ការ​ជួយ​ការងារ​ ឈឺឆ្អាល​សង្គម ​ជា​ចំណុច​ខ្លាំង​របស់​ពួកគេ។

 

 

ដោយឡែក​លោកស្រី ជា សុផល្លា នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន Emerald+ ទទួល​ស្គាល់​ថា ស្ត្រី​មាន​ភាព​មមាញឹក​ជាង​បុរស​ ដោយ​សារ​​ត្រូវ​បំពេញ​ការងារ​ច្រើន ពោលគឺ​​ជា​អ្នកដឹកនាំ​ផង និង​ស្ត្រីមេ​ផ្ទះ​​ផង។ ប៉ុន្តែ​យ៉ាងណា​ក្ដី​លោក​ស្រី​ថា ចំពោះ​ទស្សនៈ​នេះ​ គឺ​​អាស្រ័យ​លើ​បុគ្គល ប៉ុន្តែ​​​មិន​មាន​ន័យថា បុរស​អាច​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ល្អ​ជាង​ស្ត្រី​នោះ​ដែរ។

 

"ស្ត្រី​មាន​ភាព​ខ្លាំង​ច្រើន ដូចជា​ ​ហ្មត់ចត់ គិត​ច្រើន ពូកែ​ទំនាក់ទំនង ហើយ​គេឱ្យ​តម្លៃ។ ស្ត្រី​មាន​បន្ទុក​ច្រើន​ជាងបុរស...មាន​​បន្ទុក​ជា​មេផ្ទះ ជា​ម្ដាយ ជា​ភរិយា គឺ​​​គាត់​គិត​ច្រើន​។ តែ​​មិន​ប្រាកដ​ថា បុរស​​​គ្រប់គ្រង​ក្រុមហ៊ុន​ខ្លាំង​ជា​ង​ស្ត្រី​ភេទ​ទេ។ ចំពោះ​ទស្សនៈ​នេះ​ ខ្ញុំ​គិត​ថា​​វា​អាស្រ័យ​ទៅ​លើ​បុគ្គល"។ ​

 

បន្ទុក​គ្រួសារ ការ​ដើរហើរ​ច្រៀង​ខារ៉ាអូខេ​ និង​ការ​ងារ​មួយ​ចំនួន​ ដែល​ស្ត្រី​ធ្វើ​មិន​អាច​​ធ្វើ​ដូច​បុរស​បាន គឺ​ជា​ឧបសគ្គ​របស់​សហគ្រិន​ស្ត្រី​ ប៉ុន្តែ​ការគ្រប់គ្រង​ក្រុមហ៊ុន ឬ​មុខ​ជំនួញ មិន​មែន​ជា​បញ្ហា​សម្រាប់​ស្ត្រី​នោះ​ទេ។ លោកស្រី ជា សុផល្លា បញ្ជាក់។

 

"ខ្ញុំ​សូម​ផ្ដាំ​ទៅ​កាន់​សហគ្រិន​ស្ត្រី​ក្មេងៗ​ជំនាន់​ក្រោយ​ថា សូម​កុំ​អស់​សង្ឃឹម​ និង​សូម​កុំបាក់​ទឹកចិត្ត​ឲ្យ​សោះ ទោះបីជា​យើង​ដួល ឬ​ក៏​បរាជ័យ​ប៉ុន្មាន​ដង​ក៏ដោយ។ ត្រូវ​ចេះ​តស៊ូ​ឡើង និង​ត្រូវ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ដើម្បី​ធ្វើ​ឲ្យ​ក្ដី​សុបិន​របស់​យើង​ក្លាយ​ជា​ការ​ពិត​... ត្រូវ​ឧស្សាហ៍​ព្យាយាម​ក្នុង អាជីវកម្ម និង សកម្មភាព​សង្គម​ផ្សេងៗ ពី​ព្រោះ​ការ​ដែល​យើង​ចង់​ចេះ ចង់​ដឹង ធ្វើ​ការ​ស្រាវជ្រាវ និង ភាព​ឧស្សាហ៍​ព្យាយាម​នេះ​ហើយ ដែល​ជួយ​ឲ្យ​យើង​ជោគជ័យ​បាន​"។

 

​​លោកស្រី ជា សុផល្លា បន្ថែ​ម​ថា ការ​ចេះ​គ្រប់គ្រង​ពេលវេលា ការ​ចេះ​រៀបចំ​ផែនការ​អាជីវកម្ម និង​ការ​ចេះ​សង្កេត​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​ ដែល​កើត​ឡើង​ជុំវិញ​ខ្លួន​ ក៏​ជា​កត្តា​មួយ​ជួយ​ឲ្យ​​ជោគជ័យ​ក្នុង​ជំនួញ​​ផង​ដែរ​។

 

បច្ចុប្បន្ន​ស្ត្រី ក្នុង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​កើនឡើងជា​បន្តបន្ទាប់ ដោយ​​ឆ្នាំ​ ២០១៥ មាន​ចំនួន​សរុប ៣១២ នាក់ កើន​ឡើង​ចន្លោះ ៦០ ទៅ ៧០ នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤ ហើយ​ពួកគេ​ភាគច្រើន​​ ជា​សហគ្រិនលំ​ដាប់​មធ្យម (SME) ដែល​មាន​ចំនួន​ពាក់​កណ្ដាល នៃ​ចំនួន​សហគ្រិន​ស្ត្រី​សរុប។ បើទោះ​​មាន​ការ​កើន​ឡើង ប៉ុន្តែ​​​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា នៅ​​មាន​ចំនួន​តិច​នៅ​ឡើយ បើ​ធៀប​នឹង​បុរស។ នេះ​បើ​តាម​លោកការ​ឱ្យ​ដឹង​របស់​ ចាន់ សុផាន់ណា៕

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី