"សិស្សប្អូនទី៦" របស់ទិនហ្វីនិយាយរឿងជីវិតទាល់ច្រកសឹងសម្លាប់ខ្លួន
- 2016-03-16 13:03:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"សិស្សប្អូនទី៦" របស់ទិនហ្វីនិយាយរឿងជីវិតទាល់ច្រកសឹងសម្លាប់ខ្លួន
ចន្លោះមិនឃើញ
តារាសម្ដែងហុងកុង Lam Chi Chung គឺជាតារាសម្ដែងដែលមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវ តែឆាប់បានល្បីឈ្មោះតាមរយៈភាពយន្ត "បាល់ទាត់សៅលិញ"។ យ៉ាងណាក៏ដោយ លោកធ្លាប់ធ្លាក់ក្នុងស្ថានភាពទាល់ច្រកព្រោះជីវិតខ្វះខាត។
Lam Chi Chung ត្រូវបានគេស្គាល់ច្រើនតាមរយៈរហស្សនាម "សិស្សប្អូនទី៦" នៅក្នុងភាពយន្ត "បាល់ទាត់សៅលិញ"។ ថ្មីៗនេះលោកទទួលបានការចាប់អារម្មណ៍សារជាថ្មីពេលចូលលេងក្នុងរឿង "The Mermaid” ក្រោមការដឹកនាំរបស់តារាសម្ដែងទិន ហ្វី។ តាមបណ្ដាញព័ត៌មាន Sam Dong នៅពេលឆ្លើយនឹងបទសម្ភាសន៍កាលពីថ្ងៃទី១០ ខែមីនាមុននេះ លោកបានផ្ញើពាក្យអរគុណទៅកាន់ស្ដេចកំប្លែងហុងកុង។
“ពួកខ្ញុំជាបងប្អូនល្អនឹងគ្នា គាត់ចាត់ទុកខ្ញុំដូចជាប្អូនបង្កើត។ ខ្ញុំមានថ្ងៃនេះក៏ដោយសារ Stephen Chow ដែរ"។
Lam Chi Chung បានឲ្យដឹងថាទស្សនិកជនធ្លាប់តែឃើញរូបភាពកំប្លែងរបស់លោកនៅលើកញ្ចក់ទូរទស្សន៍ទាំងមិនដឹងជីវិតពោរពេញទៅដោយឧបសគ្គនៅខាងក្រោយឆាករបស់លោក។ តារាសម្ដែងកើតឆ្នាំ ១៩៧៦ ធ្លាប់ជំពាក់បំណុលគេវ័ណ្ឌក រស់នៅក្នុងស្ថានភាពមួយថ្ងៃកាត់មួយថ្ងៃកោរ។
“ឆ្នាំ ២០០១ ខ្ញុំជោគជ័យជាមួយរឿង "បាល់ទាត់សៅលិញ" បន្ទាប់មកក៏បានចូលរួមក្នុងរឿងមួយចំនួនទៀត។ ឆ្នាំ ២០១១ ខ្ញុំជួបវិបត្តិសេដ្ឋកិច្ចក្រោយពេលផលិតរឿងឡុងចុង។ ខ្ញុំត្រូវសងបំណុលគេ ទ្រព្យសម្បត្តិទាំងអស់ត្រូវបាត់ក្នុងមួយប៉ប្រិចភ្នែក។ ពេលនោះខ្ញុំក្រដល់ថ្នាក់គ្មានបាយហូប។ មួយថ្ងៃៗមិនហ៊ានឈានចេញពីផ្ទះ ព្រោះខ្លាចគេមកទារបំណុល"។ Lam Chi Chung នឹកឡើងវិញ។
“បើគ្មានបងទិន ហ្វី ហៅខ្ញុំថតរឿងដើម្បីសងលុយគេ មិនដឹងជីវិតមួយនេះត្រូវរសាត់ទៅដល់ណានោះទេ"។ លោកចែករំលែក។ពេលភាពលំបាកឡើងដល់កំពូល តារាសម្ដែងអាយុ ៣៩ឆ្នាំធ្លាប់គិតដល់ការបញ្ចប់អាយុជីវិតខ្លួនឯងព្រោះរកដំណោះស្រាយមិនបាន។ "សំណាងល្អ ខ្ញុំមានមិត្តស្រីល្អតែងនៅក្បែរលើកទឹកចិត្ត"។ Lam Chi Chung និងមិត្តស្រីបានរៀបការក្នុងឆ្នាំ ២០១២ និងទទួលបុត្រដំបូងក្នុងឆ្នាំ ២០១៥។
“ជីវិតប្រៀបដូចរលកសមុទ្រ មានឡើងមានចុះ។ ខ្ញុំដឹងថា Stephen Chow ក៏ទទួលរងរឿងអាស្រូវមិនតិចដែរ។ តែសូមជឿខ្ញុំ ទិន ហ្វីមិនមែនជាប្រភេទមនុស្សដែលអ្នកទាំងអស់គ្នាបានអាននោះទេ"។ Lam Chi Chung បញ្ជាក់៕
ចុចអាន៖“The Mermaid” របស់ទិន ហ្វី បន្តដាក់បញ្ចាំង៣ខែទៀតក្រោយរកបាន៥០០លានដុល្លារ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing