វិធី​ជួយ​ឲ្យ​ខ្លួន​ឯង​អាច​ក្រោក​ឈរ​ឡើង​វិញ ក្រោយ​ជួប​បរាជ័យ

  • 2016-03-18 13:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អ្នក​បរាជ័យ ហើយ​ក្ដី​សុបិន​​ឃ្លាត​ទៅ​កាន់​តែ​ឆ្ងាយ គឺ​ជា​រឿង​លំបាក​មួយ​ សម្រាប់​ការ​​​ក្រោក​ឈរ​ឡើង​វិញ​និង​ចាប់​ផ្ដើម​ជា​ថ្មី។ អីចឹង តើ​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​ក្រោក​ឈរ​វិញ​បាន​លឿន​ក្រោយ​បរាជ័យ?

 

 

ទទួល​ស្គាល់​ថា​បរាជ័យ​ជា​រឿង​ធម្មតា​ក្នុង​ជីវិត

 

វា​ជា​រឿង​សំខាន់ ដែល​យើង​ត្រូវ​ដឹង​ថា​អ្នក​ណា​ៗ​ក៏​ជួប​បរាជ័យ​ដែរ។ តើ​អ្នក​និពន្ធ J.K. Rowling បាន​ផ្ញើ​អត្ថបទ​រឿង "Harry Potter”ទៅ​ប៉ុន្មាន​រោងពុម្ព​ទម្រាំ​រក​ឃើញ​អ្នក​ដែល​បោះពុម្ព​វា​បាន? ហើយ​អ្នក​ដឹង​ទេ​ថា​ Beyonce មាន​បទ​ចម្រៀង​ប៉ុន្មាន​បទ​ដែល​និពន្ធ​និង​ថត​ហើយ​ប៉ុន្តែ​ចេញ​លក់​មិន​បាន? អាន​អត្ថបទ​អំពី​ការ​តស៊ូ​របស់​បុគ្គល​ជោគជ័យ​​ឲ្យ​បាន​ច្រើន ប្រសិន​បើ​អ្នក​ត្រូវ​ការ​ការ​ជំរុញ​ទឹក​ចិត្ត​បន្ថែម។ ជួន​កាល​យើង​អាច​ភ្លេច​ថា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​បរាជ័យ​នៅ​ពេល​ណា​មួយ។ នេះ​គឺ​ដោយ​សារ​តែ​ភាគ​ច្រើន​យើង​មិន​​ពេញ​ចិត្ត​នឹង​ជោគជ័យ​ដែល​ខ្លួន​ឯង​ធ្លាប់​ទទួល​បាន ហើយ​ចូលចិត្ត​ប្រៀបធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ។ ដូច្នេះ​ត្រូវ​ជឿជាក់​ខ្លួន​ឯង នោះ​អ្នក​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ។​​

 

លួង​ខ្លួន​ឯង ដូច​លួង​មិត្តភ័ក្ដិ

 

ស្ដាប់​ទៅ​ដូច​ជា​ធម្មតា​ពេក ប៉ុន្តែ​ជា​ការ​ពិត​អ្នក​ត្រូវ​តែ​ជា​អ្នក​លើក​ទឹក​ចិត្ត​សម្រាប់​ខ្លួន​ឯង! ពេល​មិត្ត​ល្អ​របស់​អ្នក​ជួប​បរាជ័យ​ តើ​អ្នក​អាច​និយាយ​ថា "ឯង​ជា​មនុស្ស​បរាជ័យ" "ឯង​មិន​អាច​ជោគជ័យ​ទេ​មួយ​ជីវិត​នេះ" ឬ "ឃើញ​ទេ សុបិន​របស់​ឯង​វា​មិន​អាច​កើត​ឡើង​ទេ"... ដែរ​ឬ​ទេ? ប្រាកដ​ជា​គ្មាន​ទេ។ ប៉ុន្តែ​ពេល​ជួប​បរាជ័យ​ខ្លួន​ឯង យើង​បែរ​ជា​និយាយ​ពាក្យ​នេះ​មក​ខ្លួន​ឯង​ទៅ​វិញ។ ដូច្នេះ​ លើក​ក្រោយ​ពេល​មាន​អារម្មណ៍​ថា​ខ្លួន​បរាជ័យ ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​និង​និយាយ​ថា "ខ្ញុំ​នឹង​សម្រេច​វា​​បាន​ នៅ​ថ្ងៃ​ណា​មួយ!” ​

ចាត់​ទុក​បរាជ័យ​ជា​មេរៀន​

 

ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​មិន​មែន​ត្រង់ ​ស្រួល​រហូត​ទេ។ ក្នុង​ជីវិត​ពិត វា​គឺ​ជា​ផ្លូវ​ដែល​ពោរពេញ​ដោយ​ក្រួស ​ថ្ម និង​មាន​ភាព​ឡើង​ចុះ​ៗ​មិន​ទៀងទាត់។ ពេល​ឡើង​ក៏​ល្អ ប៉ុន្តែ​ពេល​វា​ធ្លាក់​ចុះ អ្នក​នឹង​អាច​រៀន​មេរៀន​មាន​តម្លៃ​ជា​ច្រើន​អំពី​ខ្លួន​ឯង ។ អ្នក​ប្រហែល​ជា​មិន​អាច​យល់​ពី​វា​ភ្លាម​ៗ​ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​អ្នក​នឹង​ដឹង​ថា​បរាជ័យ​គឺ​ជា​មេរៀន​និង​មូលហេតុ​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​តស៊ូ​ត​ទៅ​មុខ​ទៀត។

 

**វិធី​សម្រួល​អារម្មណ៍​ឲ្យ​ប្រសើរ​ឡើង

 

បើ​មាន​អារម្មណ៍​ស្មុគស្មាញ​ពេក ត្រូវ​ចេញ​ទៅ​កន្លែង​ណា​មួយ​ដែល​ខុស​ប្លែក អាច​បន្ធូរ​បន្ថយ​ភាព​តានតឹង​បាន។ បរិយាកាស​​ថ្មី ក៏​អាច​ឲ្យ​អ្នក​ទទួល​បាន​អារម្មណ៍​ថ្មី​ទន្ទឹម​គ្នា​ដែរ។ ​ក្រៅ​ពី​នេះ អ្នក​អាច​ហាត់​ប្រាណ ឬ​ក៏​ធ្វើ​ការងារ​​តូចតាច​​ណាមួយ ដោយ​កំណត់ពេលវេលា​ជាក់លាក់។ ក្រៅ​ពី​អាច​បន្លប់​ខ្លួន​ឯង​ពី​រឿង​ពិបាក​ចិត្ត​មួយ​រយៈ ពេល​ធ្វើ​រួច​ហើយ​អ្នក​នឹង​អាច​មាន​អារម្មណ៍​ល្អ​ថែមទៀត តាម​រយៈ​សមិទ្ធផល​ដែល​អ្នក​សម្រេច​បាន​ពី​ការងារ​ទាំង​នោះ ៕​​

 

 

ចុចអាន៖ភាព​ខុសគ្នា​១០យ៉ាង ​រវាង​មនុស្ស​​ធម្មតា និង​បុគ្គល​ជោគជ័យ​

ចុចអាន៖សម្រង់​សម្ដី ១០​ឃ្លា ​​រួម​ចំណែក​ដាស់​ស្មារតី​ការ​គិត​របស់​​​អ្នក​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ careergirldaily