ប្រាក់ សុវណ្ណារ៉ា ថា ប៉ះ Lao All Stars ពិបាកជាងប៉ះ Buriram United ទៀត
- 2016-03-19 16:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ សុវណ្ណារ៉ា ថា ប៉ះ Lao All Stars ពិបាកជាងប៉ះ Buriram United ទៀត
ចន្លោះមិនឃើញ
“ប្រកួតជាមួយ Lao All Stars មានភាពស្មុគស្មាញមែនទែន ដែលយើងពិបាកនឹងត្រៀមខ្លួន ព្រោះពួកគេលេងល្អជាងការរំពឹងទុក ណាមួយយើងមានពេលខ្លីដើម្បីរៀបចំក្រុម ដែលធ្វើឱ្យយើងពិបាកជាងប៉ះ Buriram ទៀត”។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុវណ្ណារ៉ា ក្រោយដឹកនាំក្រុម Cambodia All Stars ឈ្នះ Lao All Stars ៣-២ កាលពីយប់មិញ។
លោក ប្រាក់ សុវណ្ណារ៉ា
ក្នុងការប្រកួតមិត្តភាពកាលពីយប់មិញនេះ ក្រុម Lao All Stars មានទម្រង់លេងល្អខ្លាំង ជាពិសេសកីឡាករពាក់អាវលេខ១៧ Sayavutthi ដែលអាចរកបាន២គ្រាប់ម្នាក់ឯង ហើយក៏ជាតួអង្គចែកបាល់ល្អម្នាក់ក្នុងក្រុមឡាវផងដែរ។ ដូច្នេះហើយទើបលោក ប្រាក់ សុវណ្ណារ៉ា បានបង្ហាញចំណាប់អារម្មណ៍ក្រោយប្រកួតចប់ថា ការប្រកួតជាមួយក្រុមឡាវនេះ ពិតជាពិបាករៀបចំក្រុមជាងប៉ះជាមួយ Buriram United ទៅទៀត ព្រោះកីឡាករក្រុមឡាវលេងស៊ីចង្វាក់គ្នាល្អ ណា មួយពួកគេដឹងថា នឹងត្រូវប៉ះក្រុមកម្ពុជាយូរមកហើយ។
អ្នកចាត់ការក្លឹបអាជីពបឹងកេតខាងលើបានបន្តទៀតថា៖ “យើងអាចនិយាយបានថា ប្រកួតនេះពិតជាតឹងតែងមែនទែន ដែលធ្វើឱ្យយើងពិបាកនឹងរៀបក្រុម។ ដូច្នេះហើយទើបខ្ញុំសម្រេចដកកីឡាករច្រើននាក់ចេញ ដើម្បីដាក់បញ្ចូលកីឡាករដែលអាចរក្សាទម្រង់លេងរបស់ក្រុមយើងបាន។ វាពិតជាល្អដែលយើងអាចរក្សាភាពខ្លាំងឈ្នះការប្រកួតមិត្តភាពអន្តរជាតិនេះបាន”។
ការប្រកួតកាលពីល្ងាចមិញរវាង Cambodia All Stars (ស) និង Lao All Stars (ក្រហម)
ក្រុម Cambodia All Stars បានយកឈ្នះក្រុម Lao All Stars ក្នុងលទ្ធផល ៣-២ ដោយ៣គ្រាប់របស់ខាងក្រុមកម្ពុជាធ្វើបានដោយ ឈិន ឈឿន, សុខ សុវណ្ណ និង ប្រាក់ មុន្នីឧត្តម។ ខណៈដែល២គ្រាប់របស់ឡាវធ្វើបានដោយ Sayavutthi ទាំងពីរគ្រាប់។ ជ័យជម្នះនេះទៀតសោត គឺជាជ័យជម្នះលើកទី៣ហើយសម្រាប់ក្រុម Cambodia All Stars ដោយ២លើកកន្លងមកឈ្នះ Muangthong United និង Buriram United របស់ប្រទេសថៃ៕
អត្ថបទ៖ មុន្នី រម្យ