មួយ​ឃ្លា​យ៉ាង​មាន​ន័យ​ពី វឌ្ឍនាកា ​មិន​ទាត់​បាល់​ប៉េណាល់ទី​យប់​មិញ

  • 2016-03-19 19:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“ខ្ញុំ​គិត​ថា​នរណា​ទាត់​ចូល​ក៏​ក្រុម​ឈ្នះ​ដែរ” ​ជា​ពាក្យ​មួយ​ឃ្លា​ដ៏​មាន​ន័យ​ ដែល ​ចាន់ វឌ្ឍនាកា ​បញ្ជាក់​ពី​មូលហេតុ​ឱ្យ​ប្រាក់ មុន្នីឧត្តម ​ជា​អ្នក​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​​ដែល​ជួយ​ឲ្យ​ក្រុម​ Cambodia All Stars យក​ឈ្នះ​ក្រុម Lao All Stars ​ ដោយ​លទ្ធផល ៣-២ ក្រោម​សំឡេង​គាំទ្រ​រាប់​ម៉ឺន​នាក់​ដែល​ឧបត្ថម្ភ​ដោយ​ស្រាបៀរ​​កម្ពុជាកាល​ពី​យប់​មិញ។

 

 

ក្រោយ​លទ្ធផល​ស្មើ​​គ្នា ២-២ ​នៅ​យប់​មិញ​នេះ ​ខាង​ក្រុម Cambodia All Stars ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ​បន្ទាប់​ពី​ខាង​កីឡាករ​ក្រុម​ឡាវ​បង្ក​កំហុស​លើ​ វឌ្ឍនាកា ​ក្នុង​តំបន់​គ្រោះ​ថ្នាក់។ គ្រា​នោះ អ្នក​គាំទ្រ​ជាង​៥ម៉ឺន​នាក់​​​សឹង​តែ​គិត​គ្រប់​គ្នា​ទៅ​ហើយ​ថា​ប្រាកដ​ជា​តារា​ជើង​ស៊ុត​របស់​បឹង​កេត​ជា​អ្នក​ទាត់​បាល់​នោះ​ហើយ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​រូបគេ​បែរ​ជា​ឱ្យ​បាល់​នោះ​ទៅ​មិត្ត​រួម​ក្រុម ប្រាក់ មុន្នីឧត្តម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ទៅ​វិញ។

 

ចំពោះ​កន្លែង​នេះ​ដែរ កីឡាករ​ដើម​កំណើត​នៅ​កំពត​ខាង​លើ ​បាន​បកស្រាយ​ប្រាប់ Sabay ​ថា ​មក​ពី​មិន​ចាំ​បាច់​តែ​ស៊ុត​គ្រប់​ប្រកួត​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ឱ្យ​តែ​ក្រុម​ទាំង​មូល​ឈ្នះ​ការ​ប្រកួត​ទៅ​បាន​ហើយ។ វា​មិន​មែន​ជា​រឿង​សំខាន់​ទេ សម្រាប់​នរណា​ជា​អ្នក​ស៊ុត​ចូល អ្វី​ដែល​សំខាន់​គឺ​លេង​សហការ​គ្នា​យក​ឈ្នះ​គូ​ប្រកួត។

 

 

ការ​ប្រកួត​រវាង​ក្រុម Cambodia All Stars ​និង Lao All Stars ​បាន​បញ្ចប់​ទៅ​ដោយ​ខាង​ក្រុម​កម្ពុជា​ឈ្នះ​ដោយ​លទ្ធផល ៣-២ ​ដែល​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ស៊ុត​ដោយ​កីឡាករ​ប្រាក់ មុន្នីឧត្តម ​នោះ​ហើយ​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ។  ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ Cambodia All Stars និង​ Lao All Stars នេះ​ក្នុង​គោល​បំណង​រំលឹក​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​លើក​ទី​៦០​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ស្រាបៀរ​កម្ពុជា​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក៕

 

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី