Van Gaal និយាយ​អ្វី​ខ្លះ​ពី Rashford ​ក្រោយ​ស៊ុត​ប្រល័យ​ Man City ​យប់​មិញ?

  • 2016-03-21 18:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Louis van Gaal ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​សរសើរ​ដល់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Marcus Rashford ​ថា​ជា "ខ្សែ​ប្រយុទ្ធ​ពិតៗ” ​បន្ទាប់​ពី​​កីឡាករ​រូប​នេះ ស៊ុត​​១​គ្រាប់​ជួយ​ឲ្យ​ Man Utd ឈ្នះ​​ Man City ១-០ នៅ​ប្រកួត​​ Derby យប់​មិញ។

 

 

 

Rashford គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​តែ​១​គ្រាប់​គត់​ ក្នុង​ការ​ប្រកួត​​ធំ​នៅ​ Premier League យប់​មិញ ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​រូប​នេះ ​បាន​អូស​​ញាក់​ដាច់​​ខ្សែ​ការពារ​ Martin Demichelis ​និង​​ស៊ុត​ផុត​ដៃ​អ្នកចាំទី​ Joe Hart របស់​ Man City យ៉ាង​ល្អ​ឥត​ខ្ចោះ​​ តាំង​ពី​នាទី​ទី​១៦។

 

ក្រោយ​ចប់​ការ​ប្រកួត​ អ្នកចាត់ការ​ Van Gaal បាន​ប្រាប់​ដល់​ Sky Sports ថា៖ "គាត់ (Rashford) គឺជា​ខ្សែ​ប្រយុទ្ធ​ពិតៗ ​ហើយ​នោះ​គឺជា​មូលហេតុ ​ដែល​ខ្ញុំ​ដាក់​ឲ្យ​គាត់​លេង​នៅ​តំបន់​នោះ ​ព្រោះ​​គាត់​អាច​រក​​គ្រាប់​បាល់​បញ្ចូល​ទី​បាន។ ខ្ញុំ​ចូលចិត្ត​គាត់​ខ្លាំង​ណាស់ ប៉ុន្តែ​​គាត់​ទើប​តែ​អាយុ​១៨​ឆ្នាំ ដូច្នេះ​យើង​ត្រូវ​ចាំ​មើល​ថា តើ​គាត់​អាច​​​រក្សា​ស្ថិរភាព​ទម្រង់​លេង​ដ៏​ល្អ​នេះ​បាន​ទៀត​ ឬ​យ៉ាង​ណា?"។

 

 

១​គ្រាប់​របស់​ Rashford យប់​មិញ​នេះ​ មាន​ន័យ​ថា កីឡាករ​វ័យ​ក្មេង​អង់គ្លេស​រូប​នេះ​ ស៊ុត​ឲ្យ​ Man Utd ៥​គ្រាប់​ហើយ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ ៨​ប្រកួត​នៅ​ឈុត​ធំ តាំង​ពី​ប្រកួត​ UEFA Europa League ទល់​នឹង​​ក្រុម​ FC Midtjylland ចុង​​ខែ​មុន​មក៕

 

-ចុចអាន៖ Southampton វាយ​បក​ឈ្នះ Liverpool ៣-២ ខណៈ Man City ចាញ់ Man Utd

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Sky Sports