ជី សិលា៖ "ដឹង​ពី​ទំនោរ​អនាគត ដើម្បី​​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ"

  • 2016-03-21 20:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បើ​អាច​ដឹង​មុន​ថា​តម្រូវ​ការ​លើ​ទីផ្សារ​នឹង​ប្រែ​ប្រួល​ម៉េច​ខ្លះ នោះ​អ្នក​នឹង​អាច​ក្លាយ​ជា​អ្នក​ជំនួញ​ម្នាក់​ដ៏​ជោគជ័យ"។ នេះ​ជា​សម្ដី​ដ៏​មាន​អត្ថន័យ ដែល​លោក​សិលា នាយក​ក្រុមហ៊ុន Sabay Digital Corporation បាន​ចែក​រំលែក​ដល់​បណ្ដា​សហគ្រិន​វ័យ​ក្មេង​និង​អ្នក​ចូល​រួម​ក្នុង​ពិព័រណ៍ Inno Tech ដែល​ចង់​​ទទួល​បាន​ជោគជ័យ​លើ​អាជីវកម្ម​​​នៅ​ពេល​អនាគត។

 

លោក​ ជី សិលា នាយក​ក្រុមហ៊ុន Sabay 

 

រយៈ​ពេល​ប្រមាណ​ជាង ២០នាទី ដែល​លោក ជី សិលា ធ្វើ​ជា​វាគ្មិន​បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​នាំ​ជោគជ័យ​ដល់​អាជីវកម្ម លោក​សង្កត់​ធ្ងន់​ថា សហគ្រិន​ម្នាក់​ដែល​មាន​សមត្ថភាព​មើល​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​ពេល​អនាគត​បាន នោះ​គេ​កំពុង​តែ​ធ្វើ​ដំណើរ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នា​ពេល​ខាង​មុខ​ដោយ​មិន​ដឹង​ខ្លួន។

 

ដើម្បី​អាច​មាន​សមត្ថភាព​មើល​ឃើញ​ថា ទីផ្សារ​នឹង​ប្រែប្រួល​យ៉ាង​ណា អ្នក​ត្រូវ​រៀន​អាន​និង​ស្រាវជ្រាវ​ឱ្យ​បាន​ច្រើន​​គួប​ផ្សំ​នឹង​ភាព​វៃឆ្លាត​ រក​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ស្រុក​និង​ជុំវិញ​ពិភពលោក ហើយ​ត្រូវ​វិភាគ​ថ្លឹងថ្លែង​ថា​តើ​តម្រូវ​ការ​លើ​ទីផ្សារ​ពេល​អនាគត​នឹង​ប្រែប្រួល​យ៉ាង​ណា​បើ​ធៀប​នឹង​បច្ចុប្បន្ន។

 

"នៅ​ពេល​យើង​បើក​ក្រុមហ៊ុន Sabay ដំបូង​នៅ​​កម្ពុជា​ក្នុង​ឆ្នាំ ២០០៧ វា​ជា​ក្រុមហ៊ុន​ហ្គេម​តូច​មួយ ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​វា​ជា​ជំនួញ​មួយ​គ្រោះថ្នាក់​ហើយ​ជា​គំនិត​ឆ្កួត​ភ្លីភ្លើ ព្រោះ​ពេល​នោះ​វិស័យ​បច្ចេកវិទ្យា​ក្នុង​ស្រុក​ពុំ​ទាន់​រីក​ចម្រើន។ ប៉ុន្តែ​ពេល​នេះ Sabay មិន​ត្រឹម​តែ​ជា​ក្រុមហ៊ុន​លេចធ្លោ តែ​ជា​វិបសាយ​ខ្មែរ​លេខ​មួយ​លើ​ពិភពលោក"។

 

នាយក​ក្រុមហ៊ុន Sabay រូប​នេះ ថ្លែង​ដូច្នេះ​ថា លោក​ពុំ​មែន​ជា​មនុស្ស​ពូកែ​ខាង​បច្ចេកវិទ្យា​នោះ​ទេ​ពេល​បើក​ក្រុមហ៊ុន Sabay ដំបូង តែ​លោក​​មាន​គំនិត Crazy (អស្ចារ្យ) ប្លែកៗ​ជា​ច្រើន ដែល​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​គិត​ដល់។

 

រហូត​ដល់​ឆ្នាំ ២០១០ លោក​ក៏​បាន​បង្កើត​វិបសាយ Sabay.com ឡើង ដោយ​ពេល​នោះ​មាន​មនុស្ស​តែ​៤នាក់​ប៉ុណ្ណោះ​ធ្វើ​ការ។ មូលហេតុ​នៅ​ពី​ក្រោយ​ការ​បង្កើត​វិបសាយ​ព័ត៌មាន Sabay.com ឡើង​នោះ លោក សិលា ចង់​ឱ្យ Sabay ក្លាយ​ជា​កន្លែង​មួយ​ដែល​អាច​បម្រើ​គ្រប់​សេវាកម្ម​ទាំងអស់​ដល់​អតិថិជន។

 

“ខ្ញុំ​ចង់​ផ្តល់​អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើ​ឱ្យ​មនុស្ស​សប្បាយ​រីករាយ។ ពេល​ពួកគេ​ចង់​បាន​ភាព​រីករាយ គេ​គិត​ដល់ Sabay មុន​គេ។ នេះ​ជា​​សុបិន​ធំ​របស់​ខ្ញុំ តែ​ខ្ញុំ​ត្រូវ​ចាប់​ផ្តើម​ពី​តូច​ទៅ​មុន"។

 

ពេល​វិបសាយ​ព័ត៌មាន​អនឡាញ Sabay.com ចាប់​លេច​ជា​រូបរាង​ដំបូង​នៅ​ឆ្នាំ ២០១០ មាន​តែ​មនុស្ស ៤នាក់​ប៉ុណ្ណោះ​ធ្វើ​ការ ហើយ Font ដែល​យក​មក​ប្រើ​គឺ Unicode ដោយ​គិត​ថា​មាន​តែ Font នេះ​ទេ ដែល​​អាច​ដំណើរ​ការ​បាន​ទូទាំង​ពិភព​លោក​ពេល​អនាគត ខណៈ​មនុស្ស​ភាគ​ច្រើន​​ក្នុង​ប្រទេស​នៅ​បន្ត​ប្រើ Font អក្សរ Limon នៅ​ឡើយ។

 

ក្រោយ​មក Khmer Unicode ត្រូវ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូច​ជា Microsoft និង Apple ទទួល​ស្គាល់ ហើយ​ក៏​ពេញ​និយម​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ Sabay.com បាន​ក្លាយ​ជា​វិបសាយ​ខ្មែរ​​ធំ​ចំណាត់​ថ្នាក់​លេខ​មួយ​លើ​​ពិភពលោក។

 

អ្វី​ដែល​លោក ជី សិលា​ចង់​ផ្តាំ​ផ្ញើ​ជា​ចុង​ក្រោយ គឺ​លោក​ចង់​ឱ្យ​អ្នក​ជំនួញ​មិន​ថា​​ទើប​តែ​ចាប់​ផ្តើម​ឬ​អ្នក​កំពុង​គិត​ចង់​ប្រឡូក​ធ្វើ​ជំនួញ​នោះ​ទេ ត្រូវ "Dream BIG, but do Small”។ លោក​ចង់​បាន​ន័យ​ថា ត្រូវ​មាន​ក្តី​សុបិន​ដ៏​ធំ​មួយ តែ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ពី​តូច​សន្សឹមៗ ហើយ​ត្រូវ​ធ្វើ​ជា "មនុស្ស​រិះ​បំផុត" ដោយ​ត្រូវ​គិត​ថា​អ្នក​កាន់​តែ​ចំណាយ​តិច តែ​បាន​ចំណូល​ច្រើន"៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី