លួច​ crush គេ​តាំង​ពី​ថ្នាក់​ទី​ ៣ មាន​ដុង​តាំង​ពី​ក្មេង​ហ្មង!

  • 2016-03-22 17:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱ្យ​តែ​គេ​និយាយ​រឿង​ crush ខ្ញុំ​នឹក​ឃើញ​រឿង​កាល​នៅ​តូចៗ។ បើ​វិភាគ​ឱ្យ​មែន​ទែន​ទៅ​ ខ្ញុំ​ចេះ​ crush គេ​តាំង​ពី​ថ្នាក់​ទី​បី​ម្ល៉េះ​ គ្រាន់​តែ​ពេល​ហ្នឹង​មិន​ទាន់​ចេះ​ពាក្យ​ Crush និង​​ដឹង​ថា​ចង់​ឃើញ​គេ​រាល់​ថ្ងៃ ចង់​លេង​ជាមួយ​គេ។

 

ខ្ញុំ​ទើប​តែ​ផ្លាស់​ពី​ខេត្ត​មក​រៀន​នៅ​ភ្នំពេញ​ ខ្ញុំ​​ក៏​ជា​សិស្ស​ពូកែ​ដែរ​ ពេល​ឡើង​ថ្នាក់​ទី​បី​ស្រាប់​តែ​ខែ​ដំបូង​ខ្ញុំ​បាន​លេខ​ប្រាំ​មួយ។ អារម្មណ៍​ពេល​នោះ​ចាប់​ផ្ដើម​មិន​ស្រួល​ភ្លាម​ ព្រោះ​ខ្ញុំ​តែង​តែ​គ្រង​តំណែង​លេខ​មួយ​រាល់​ខែ ចុះ​អ្នក​ណា​គេ​ថ្លើម​ធំ​ពាស​មេឃ​មក​ដណ្ដើម​កន្លែង​ខ្ញុំ។ ពេល​មើល​បញ្ជី​ឈ្មោះ​ ទើប​ដឹង​ថា​ណាក់​ជា​អ្នក​បាន​លេខ​មួយ។ ខ្ញុំ​មិន​ទាន់​ស្គាល់​មុខ​ទេ ស្គាល់​តែ​ឈ្មោះ​ប៉ុណ្ណោះ។

 

ពេល​ដែល​ដឹង​ថា ​អ្នក​ផ្សេង​​បាន​លេខ​មួយ ​ភ្លាមៗ​អារម្មណ៍​ខ្ញុំ​ច្របូក​ច្របល់​ព្រោះ​ធ្លាប់​តែ​រៀន​បាន​លេខ​មួយ​រាល់​ខែ។​ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក៏​ដឹង​ថា​គេ​ហ្នឹង​ហើយ​ សត្រូវ​ខាង​រៀន​របស់​ខ្ញុំ ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា «ផ្ញើ​សិន​ចុះ​អាអូន​ចាំ​មើល​ខែ​ក្រោយ» មិន​តែ​ប៉ុណ្ណោះ​គេ​​ក៏​ក្លាយ​ជា​ crush របស់​ខ្ញុំ​ដែរ សូម្បី​តែ​របៀប​នៃ​ការ​សរសេរ​អក្សរ​ក៏​ខ្ញុំ​ចម្លង​តាម​គេ​ដែរ ព្រោះ​មើល​ទៅ​ស្អាត​ហើយ​មាន​របៀប។

 

គេ​ជា​ក្មេង​ប្រុស​ម្នាក់​ ដែល​មាន​សម្បុរ​ស្រអែម​ ភ្នែក​ធំៗ​ឈ្មោះ​ពេញ​ភ្លេច​បាត់​ហើយ ចាំ​តែ​មួយ​ម៉ាត់​គឺ​ណាក់។ ក្រៅ​ពី​ឡូយ​ក្នុង​ភ្នែក​ខ្ញុំ​ហើយ​ គេ​ជា​សិស្ស​ពូកែ​ទៀត​ផង និយាយ​រួម​គេ​ជា​តួ​ឯក​ក្នុង​ថ្នាក់។

 

កាល​នោះ​ខ្ញុំ​មិន​សូវ​មាន​អ្នក​រាប់​រក​ទេ និយាយ​ទៅ​ខ្ញុំ​ជា​តួ​រាយ​រង​ក្នុង​ថ្នាក់​។ លុះ​ខែ​ក្រោយ​ខ្ញុំ​ដណ្ដើម​បាន​លេខ​មួយ​វិញ​ អ្នក​ណាៗ​ក៏​ស្គាល់​ខ្ញុំ​ដែរ​ ហើយ​ខ្ញុំ​ក្លាយ​ជា​តួ​ឯក​វិញ​ម្ដង។

 

 

(រូបតំណាង)

 

ណាក់​មិន​ដែល​និយាយ​រក​ខ្ញុំ​ពី​មុន​មក​ទេ​ តែ​តាំង​ពី​ខ្ញុំ​បាន​លេខ​មួយ​មក​ទើប​គេ​មក​លេង​ជាមួយ​ខ្ញុំ។ ចេញ​លេង​ លេង​បិទ​ពួន​ ចូល​រៀន​ទើប​គេ​មក​បបួល​ខ្ញុំ​ញ៉ាំ​មី​ស្រុះ​ តែ​ដោយ​សារ​កាល​នោះ​អត់​លុយ​ទើប​បាន​ត្រឹម​តែ​លេប​ទឹក​មាត់។

 

ខ្ញុំ​ចាំ​ទៀត​ថា​គេ​កាល​នោះ​ ​គេ​ជិះ​កង់​ ពណ៌​ផ្កា​ឈូក ស្លៀក​ពាក់​ស្អាត​បាត​ ​បង្ហាញ​ថា​គេ​កូន​អ្នក​ធូធារ។ ឱ្យ​តែ​ខែ​ណា​ខ្ញុំ​បាន​លេខ​មួយ​គេ​ជិះ​កង់​វ៉ា​ខ្ញុំ​ ហើយ​ស្រែក​ថា «យើ! អ្នក​បាន​លេខ​មួយ»។ ខ្ញុំ​ទើប​ដឹង​ ការ​ពិត​ទៅ​ផ្ទះ​គេ​ នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​ខ្ញុំ​ដែរ​គ្រាន់​តែ​ច្រក​ចូល​ផ្ទះ​ គេ​ដល់​មុន។ ខ្ញុំ​ស្គាល់​ត្រឹម​ច្រក​ចូល​ផ្ទះ​គេ​ប៉ុណ្ណោះ​មិន​ដឹង​ផ្ទះ​មួយ​ណា​ទេ។

 

តាំង​ពី​ខ្ញុំ​ក្លាយ​ជា​តួ​ឯក​ប្រចាំ​ថ្នាក់​មក​ គេ​ក៏​ធ្លាក់​ទឹក​ដៃ​រៀន​មិន​សូវ​ខ្លាំង​ដូច​មុន។ ពេល​ឡើង​ថ្នាក់​ទី​បួន​ ពួក​យើង​រៀន​ថ្នាក់​ផ្សេង​គ្នា ទី​ប្រាំ​ ទី​ប្រាំ​មួយ ទី​ប្រាំ​ពីរ រហូត​ដល់​ឥឡូវ​ខ្ញុំ​លែង​បាន​ជួប​មុខ​គេ​​ សូម្បី​តែ​ម្ដង។

 

អារម្មណ៍​ខ្ញុំ​ពេល​នេះ​ មិន​បាន​នឹក​នា​អី​ដល់​គេ​នោះ​ទេ​គ្រាន់​តែ​នឹក​ឃើញ​ ហើយ​កាល​នោះ​ក៏​ប្រហែល​ជា​មិន​មែន​ក្ដី​ស្រឡាញ់​អី​ផង​ក៏​មិន​ដឹង​។ វា​ប្រហែល​ជា​អារម្មណ៍​ចូល​ចិត្ត​ក្មេង​ពូកែៗ ហើយ​ឆ្លាតៗ​ ដូច​ជា​គេ​ប៉ុណ្ណោះ៕

 

អានអត្ថបទ៖ ជា​សិស្ស​ពូកែ​ដែរ​ តែ​ខ្ញុំ​មិន​ស្រឡាញ់!

អត្ថបទ៖ អាយ៉ា​

 

មានរឿងរ៉ាវចង់ចែករំលែកដូចអាយ៉ា ដែរឬទេ? បើមាន​សូមផ្ញើអត្ថបទរបស់អ្នកទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬ ទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

អត្ថបទពេញនិយម
អត្ថបទថ្មី