ភូមិចំនួនពីរ នៅស្រុកកោះធំរក្សាល្បែង ទាញព្រ័ត្រផ្ដៅ បានជាង ១០០ឆ្នាំ
- 2016-04-04 21:12:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភូមិចំនួនពីរ នៅស្រុកកោះធំរក្សាល្បែង ទាញព្រ័ត្រផ្ដៅ បានជាង ១០០ឆ្នាំ
ចន្លោះមិនឃើញ
អស់រយៈកាលជាង ១០០ ឆ្នាំកន្លងទៅហើយ ដែលអ្នកភូមិចំនួនពីរ គឺភូមិត្របែកពក និង ភូមិព្រែកឫស្សីស្ថិតនៅក្នុងឃុំ កំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បាននាំគ្នាថែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីល្បែងប្រជាប្រិយទាញព្រ័ត្រ។
ជារៀងរាល់ឆ្នាំនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពួកគាត់តែងតែនាំគ្នាជាក្រុមលេងទាញព្រ័ត្រដែលជាល្បែងដូនតារបស់ខ្លួនបានបន្សល់ទុកឲ្យ។ សន្ធឹកស្រែកហ៊ោកញ្ជ្រៀវអមជាមួយនឹងបទភ្លេងឆៃយ៉ាំប្រគំព្រមគ្នានៅពេលអ្នកទាញព្រ័ត្រស្រីម្ខាងប្រុសម្ខាងប្រឹងទាញ ដោយសេចក្ដីអររំភើបមើលទៅគួរឲ្យសប្បាយរីករាយនៅត្រង់ទីកន្លែងមួយ ដែលប្រជាជនគ្រប់គ្នាតែងតែហៅថាដើមសំរោង។ ដើមសំរោង គឺជាឈ្មោះទីកន្លែងមួយដែលស្ថិតនៅចំចំណុចកណ្ដាលនៃព្រំប្រទល់ភូមិត្របែកពក និងភូមិព្រែកឬស្សី។ នៅទីនោះមានរោងអ្នកតាម្ចាស់ស្រុកមួយដែលគេនិយមហៅថាអ្នកតាដើមសំរោង។
លោក យ៉ែម វ៉ាស៊ី មានជន្មាយុ ៧៦ ឆ្នាំ និងលោកតាទេពមេនជន្មាយុ ៧០ ឆ្នាំ រស់នៅក្នុងភូមិព្រែកឫស្សីបានមានប្រសាសន៍ដូចគ្នាថា តាំងពីគាត់កើតមកដឹងក្ដីកាលណាឃើញតែគេលេងទាញព្រ័ត្រនៅទីកន្លែងអ្នកតាដើមសំរោងជាដរាបមក។ "ខ្ញុំមិនដឹងថា ដូនតាចាស់ៗប៉ុន្មានជំនាន់ហើយ ដែលនាំគ្នាលេងទាញព្រ័ត្រហ្នឹង តែខ្ញុំឃើញគេលេងនៅទីនេះតាំងពីខ្ញុំនៅក្មេង"។
អ្នកស្រី អ៊ុម សឿន ដែលមានតួនាទីជាជំនួយការមេភូមិព្រែកឫស្សីបានថ្លែងថា អាយុកាលនៃការលេងទាញព្រ័ត្រនៅដើមសំរោងហ្នឹងយូរយារណាស់មកហើយខ្ទង់ជាង ១០០ឆ្នាំ តាំងពីដូនតាមុនៗលេងមករហូតមិនដែលខានមួយឆ្នាំណាឡើយ គឺអាក់ខានតែជំនាន់ ៣ឆ្នាំ៨ខែ២០ថ្ងៃ (សម័យខ្មែរក្រហម) តែប៉ុណ្ណោះ។
បន្ថែមពីលើនេះ មេភូមិត្របែកពក លោក សឿន ធី វិញគាត់បាននិយាយថា តាំងពីក្រោយសម័យប៉ុលពតមកក៏អ្នកភូមិរបស់គាត់នៅបន្តលេងទាញព្រ័ត្រហ្នឹងទៀតរហូតដល់សព្វ ថ្ងៃនេះដដែល។ ហើយនៅឆ្នាំនេះគាត់ចង់ឲ្យយុវជនយុវនារីនាំគ្នាលេងល្បែងប្រជាប្រិយឲ្យបានច្រើនជាងការជិះម៉ូតូដើរលេងខ្វាត់ខ្វែងអាចនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោក ជា វ៉ាត មានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រែកឫស្សី គឺជា អ្នករ៉ាប់រងការងារធ្វើព្រ័ត្រជារៀងរាល់ឆ្នាំបន្តពីដូនតាជំនាន់មុនៗគាត់ថ្លែងថា អ្នកភូមិរបស់គាត់មិនដែលយកខ្សែពួរ ឬខ្សែអ្វីផ្សេងក្រៅពីដើមផ្ដៅនេះមកធ្វើជាព្រ័ត្រឡើយ។ ដើមផ្ដៅជាវត្ថុធាតុដើមនៃព្រ័ត្រនោះជារុក្ខជាតិវល្លិដែលដុះនៅក្នុងព្រៃរនាមមានចម្ងាយប្រហែល១គីឡូម៉ែត្រ ពីភូមិរបស់ពួកគាត់។ រយៈពេលមុនចូលឆ្នាំកន្លះខែពួកគាត់តែងតែនាំគ្នាទៅបោចផ្ដៅហើយ ហាលវា នៅពេលជិតដល់ថ្ងៃចូលឆ្នាំក៏ជញ្ជូនអូសមកកន្លែងដើមសំរោងនាំគ្នាវេញធ្វើជាព្រ័ត្រ។
លោក ជា វ៉ាត បញ្ជាក់ថា ក្នុងព្រ័ត្រមួយហ្នឹងចំណាយផ្ដៅចំនួន ៤ ទៅ ៥ ចន្ទាស ក្នុង ១ ចន្ទាស មាន ២០ដើមហើយក្នុងផ្ដៅមួយដើមប្រវែងពី ១០-១៥ម៉ែត្រ។ ការខិតខំចំណាយកម្លាំងទៅបោចផ្ដៅមកធ្វើព្រ័ត្រជារៀងរាល់ឆ្នាំនេះ លោក ជា វ៉ាត ចង់ឲ្យមនុស្សជំនាន់ក្រោយបានស្គាល់ពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្បែងប្រជាប្រិយ ដែលដូនតាបានបង្កើត និងបន្សល់ទុកឲ្យលេងកម្សាន្តក្នុងន័យថែរក្សាប្រពៃណី ជាតិ។
លោក ជុំ សុខ អាយុ ៦៣ឆ្នាំ ជាគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំកំពង់កុង និងត្រូវជាម្ចាស់ផ្ទះ នៃទីតាំងដែលគេលេងទាញព្រ័ត្រនោះគាត់បាននិយាយថា "រឿងព្រ័ត្រផ្ដៅហ្នឹងបើតាមខ្ញុំដឹងខ្លះៗព្រោះខ្ញុំអាយុ ៦៣ឆ្នាំទៅហើយឃើញតែគេលេងអញ្ចឹង។ ប៉ុន្តែខ្ញុំបានសួរឪពុករបស់ខ្ញុំ ដែលគាត់ស្លាប់ទៅជិត២០ឆ្នាំទៅហើយហើយកាលឪពុកខ្ញុំស្លាប់គាត់មានអាយុ ៨២ ឆ្នាំកាលគាត់នៅរស់ខ្ញុំបានសួរថា តើព្រ័ត្រហ្នឹងកើតត្រឹមឆ្នាំប៉ុន្មានមក? ឪពុកខ្ញុំគាត់ឆ្លើយថា គាត់អត់ច្បាស់ឆ្នាំណាប្រាកដទេគាត់ឃើញតែគេលេងចឹងដែរ...។ អញ្ចឹងបានប្រហែលជាង ១០០ឆ្នាំហើយ ល្បែងព្រ័ត្រហ្នឹងតាមគិតទៅ។"
បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ៣ថ្ងៃចប់ គេចាប់ផ្ដើមធ្វើបុណ្យអ្នកតាដើមសំរោងជាបន្តបន្ទាប់ ចំនួន ២យប់ ៣ថ្ងៃទៀត ហើយនាំគ្នាលេងទាញព្រ័ត្រនៅអំឡុងប៉ុន្មានថ្ងៃបុណ្យនោះ។ ក្រៅពីលេងល្បែងប្រជាប្រិយនេះ មានការពូនភ្នំខ្សាច់ ការស្រង់ទឹក អ្នកមានគុណ និង ពិធីបុណ្យតាមបែបសាសនាជាច្រើនទៀត ។
នៅថ្ងៃបញ្ចប់កម្មវិធីបុណ្យ គេនាំគ្នាទាញព្រ័ត្រផ្ដៅនោះឲ្យដាច់ជាពីរកំណាត់ ដើម្បីផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និង បួងសួងសុំសេចក្ដីសុខកើតមានដល់ភូមិស្រុកផងដែរ ។ ល្បែងទាញព្រ័ត្រនេះជានិមិត្តរូបតំណាងការរួបរួមសាមគ្គីគ្នារវាងយុវជនយុវនារី ប្រជាជន និងប្រជាជន ។
លោក ជុំ សុខ និងអ្នកភូមិផ្សេងទៀតមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងនៅពេលដឹងថា ល្បែងទាញព្រ័ត្រត្រូវបានអង្គការយូណេស្កូទទួលស្គាល់ ដោយចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕
អត្ថបទ៖ ថន ស៊ុយទ្រី