Khmer Library នឹង​ឈាន​ជើង​ចូល Windows Phone Store បើ​មាន​ការ​ឧបត្ថម្ភ

  • 2016-04-11 16:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khmer Library ដែល​កម្មវិធី​សម្រាប់​អាន​សៀវភៅ​និង​រឿង​និទាន​លើ​ទូរសព្ទ នឹង​ឈាន​ជើង​ចូល Windows Phone Store បើ​សិន​ទទួល​ការ​ជ្រោមជ្រែង​ឧបត្ថម្ភ។

 

  លោក ញឹម រ៉ូណាល់ ដែល​ជា​អ្នក​ទទួល​បន្ទុក​គម្រោង ICT នៃ​អង្គការ Aide et Action កម្ពុជា និយាយ​ថា លោក​ក៏​មាន​គម្រោង​នាំ Khmer Library ចូល Windows Phone Store នៅ​ពេល​អនាគត​ដែរ។

 

បច្ចុប្បន្ន​លោក​ រ៉ូណាល់ កំពុង​ធ្វើ​សំណើ (Proposal) ដើម្បី​ទទួល​បាន​ការ​ជ្រោមជ្រែង​ឧបត្ថម្ភ សម្រាប់​ជា​កម្លាំង​ចិត្ត​ក្រុម​លោក អាច​ផលិត​កំណែប្រែ Khmer Library សម្រាប់ Windows Phone។ យ៉ាង​ណា​ក្តី អ្នក​ទទួល​បន្ទុក​គម្រោង ICT រូប​នេះ ពុំ​បាន​បញ្ជាក់​ថា Proposal របស់​លោក​នឹង​ទទួល​បាន​ជោគជ័យ​កម្រិត​ណា​នោះ​ឡើយ មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា។

 

កម្មវិធី​ Khmer-Library មាន​សៀវភៅ​សិក្សា​សម្រាប់​ក្មេង​ៗ​រៀន​ពី​ព្យញ្ជនៈ​ខ្មែរ ពណ៌ ឬ រូប​ភាព​មាន​សំឡេង​បង្រៀន​ថែម​ទៀត​ផង។ ចំណែក​សៀវភៅ​ផ្សេង​ៗ​សម្រាប់​អ្នក​សិក្សា​ និង​អ្នក​ចង់​បាន​ចំណេះដឹង​ទូទៅ​ដូច​ជា សៀវភៅ​កសិកម្ម សេដ្ឋកិច្ច ច្បាប់ IT សិល្បៈ​កម្សាន្ត ចំណេះ​ដឹង​ទូទៅ​ និង​សៀវភៅ​ជា​ច្រើន​ទៀត​​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​នេះ​ដោយ​មាន​ការ​បែងចែក​ជា​ផ្នែក​យ៉ាង​ត្រឹម​ត្រូវ។

 

កន្លង​មក អ្នក​អភិវឌ្ឍ​កម្មវិធី​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​មាន​បំណង​បង្កើត App សម្រាប់ Windows Phone Store ដែរ តែ​មួយ​ចំនួន​ក៏​រាថយ​ទៅ​វិញ​ដោយ​សារ​មិន​ទទួល​បាន​ការ​ជួយ​​ឧបត្ថម្ភ​ពី​ខាង Microsoft ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព ​និង​កម្លាំង​ចិត្ត​ប្រឹងប្រែង​បន្ត​ផលិត​កម្មវិធី​សម្រាប់ Windows Phone។ កម្មវិធី​ខ្លះ​រហូត​មិន​ទទួល​ការ Update អ្វី​ថ្មី​បន្តិច​សោះ​ទោះ​បី​ដាក់​ឱ្យ​ដំណើរការ​លើ Windows Phone Store យូរ​ហើយ​ក្តី ខុស​ពី App លើ App Store និង Play Store ដែល​ទទួល​បាន​កំណែប្រែ​ថ្មី​ទៀងទាត់៕

 

អត្ថបទ៖ ប៉ែត ផាន់និត