ហេតុ​​អ្វី​ខ្មែរ​​អាច​រៀបការ​ថ្ងៃ​ចូល​ឆ្នាំ​​ថ្មី​បាន ប៉ុន្តែ​​ចិន​មិន​អាច?

  • 2016-04-13 13:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ដឹង​​ទេ​ថា ហេតុ​អ្វី​ខ្មែរ​អាច​រៀបចំ​ពិធី​មង្គល​ការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរបាន ប៉ុន្តែ​​ហេតុ​អ្វី​ចិន​មិន​អាច​រៀប​អាពាហ៍ពិពាហ៍​ថ្ងៃ​ចូល​ឆ្នាំ​ចិនបាន?

 

ចំពោះ​ហេតុផល លោក​តា​អាចារ្យ អ៊ីម នៅ​ខេត្ត​កំពង់​ចាមបាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​​​យល់​ថា ឱ្យ​តែ​មាន​វេលា​ជ័យ​ល្អ បើ​ទោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​​សៅ-អាទិត្យ ឬ បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ ក៏​ពួកគេ​រៀបការ​ដែរ។ ចំណែក​ហេតុ​ផល​មួយ​ទៀត​នោះ គឺ​ប្រជាជន​ខ្មែរ​តែង​ទៅ​ធ្វើការ​ស្រុក​ឆ្ងាយ កម្រ​បាន​ជួប​ជុំ​គ្រួសារ បងប្អូន ម្ល៉ោះហើយ​​គេក៏​​រៀប​ពិធី​មង្គលការនៅ​​ថ្ងៃ​ចូល​ឆ្នាំ​តែ​ម្ដង។

 

“​ឥលូវ​គេ​មិន​សូវ​គិត​ទេ ឱ្យ​តែ​មាន​វេលា​ជ័យ​ល្អ​គេ​ការ​ហើយ។ ណា​មួយ​បងប្អូន​កូន​ចៅ​អី គេ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ អ៊ីចឹង​គេ​រៀបការ​ថ្ងៃ​ចូលឆ្នាំ ដើម្បី​បាន​ជួបជុំ​គ្នា ព្រោះ​គេ​កម្រ​បាន​មក​លេង​ស្រុក​ណា​ក្មួយ"។

 

 

 

ចុះ​ប្រជាជន​​ចិន​វិញ រៀប​អាពាហ៍ពិពាហ៍​ថ្ងៃ​ចូលឆ្នាំ​ចិន​អត់? លោក កុក ឡុង គ្រូ​ហោរា​ចិន​ប្រចាំ​ក្រុង ភ្នំពេញ​បាន​ប្រាប់​ថា ប្រជាជន​ចិន​មិន​រៀបការ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ទេ ព្រោះ​ជា​ពេល​ដែល​ប្រជាជន​ចិន​ រវល់​ជួបជុំ​គ្នា ដើរលេង​សប្បាយ ហើយ​មាន​អាហារ​ហូបចុក​សម្បូរ​ហូរហៀរ។

 

“ចូល​ឆ្នាំ​ចិន ចិន​អត់​ការ​ទេ ព្រោះ​អី​​​គេ​ជួប​ជុំ​បង​ប្អូន ដើរលេង ផឹកស៊ី ហើយ​គេ​មាន​អាហារ​ហូរហៀរ ជាពិសេស​ចាប់ឆាយ។ បើ​ការ គ្មាន​អ្នកណា​ចង់​ទៅ​​ទេ។ ម្យ៉ាង​ទៀត​ទេវតា ចុះ​មក​ឱ្យ​សិរីសួស្ដី អ៊ីចឹង​គេ​នៅ​អបអរ​ទេវតា​របស់​គេ"។

 

លោកគ្រូ​ហោរា​រូប​នេះ​ថ្លែង​បន្ត​ថា ប្រជាជន​ចិន​អាច​រៀបការ​បាន​មុន​ចូល​ឆ្នាំ​ចិន ១ អាទិត្យ និង ក្រោយ​ចូលឆ្នាំ​ចិន ១ ខែ៕

 

ចុចអាន៖ ឪពុក​ម្ដាយ​កើត​ឆ្នាំ​វក គួរ​យក​បុត្រ​ធីតា​ឆ្នាំ​ណា​ល្អ ?​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ