តើ​លោក​គ្រូ ​ថាង​ចេង​ច្រៀង​បទ​អង់គ្លេស​ដូច​ព្យុះ​ក្នុង​រឿង "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" ជា​អ្នក​ណា?

  • 2016-04-19 13:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង "Only You” ដែល​បកស្រាយដោយ​លោក​គ្រូ​ថាងចេង Law Kar Ying បាន​ធ្វើ​ឲ្យ​​អ្នក​ស្រលាញ់​ចូលចិត្ត​រឿង​របស់​ស្ដេច​កំប្លែង​ទិនហ្វី​មិន​អាច​បំភ្លេច​បាន។

 

ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ទស្សនា​រឿង "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" របស់​តារា​សម្ដែង​ទិនហ្វី ប្រាកដ​ជា​ស្គាល់​តួ​អង្គ​លោក​គ្រូ​ថាងចេង​ដែល​សម្ដែង​ដោយ​តារា​សម្ដែង Law Kar Ying ជាក់​ជា​មិន​ខាន។

 

 

ស្នេហា​វិស័យ​ល្ខោន

Law Kar Ying កើត​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ ១៩៤៦ ក្នុង​ខេត្ត Guangdong ប្រទេស​ចិន។ នៅ​ពេល​មាន​អាយុ​៣​ឆ្នាំ​លោក​ព្រម​ទាំង​ឪពុក​ម្ដាយ​រួម​ទាំង​បងប្អូន​៤​នាក់​ទៀត​បាន​ផ្លាស់​មក​រស់​នៅ​ទីក្រុង​ហុងកុង។ គ្រួសារ​របស់ Kar Ying គឺ​ជា​គ្រួសារ​មួយ​ដែល​ដើរ​តាម​គន្លង​សិល្បៈ​មួយ​។ អាយុ​៨​ឆ្នាំ Law Kar Ying ចាប់​ផ្ដើម​បាន​ឪពុក​ផ្ទេរ​ចំណេះ​សម្ដែង​ល្ខោន​ឲ្យ។ ក៏​ចាប់​ពី​ពេល​នោះ​មក​ដែរ លោក​ចាប់​ផ្ដើម​ឈ្លក់​វង្វេង​នឹង​វិស័យ​សិល្បៈ​​បុរាណ​មួយ​នេះ។

 

 

អាយុ​១២​ឆ្នាំ Law Kar Ying បាន​ដើរ​តាម​ឪពុក​ម្ដាយ​ទៅ​សម្ដែង​នៅ​លើ​ឆាក​តូច​ធំ​ពី​ហុងកុង​រហូត​ដល់​សិង្ហបុរី​និង​ម៉ាឡេស៊ី។ នៅ​ក្នុង​ដំណើរ​ទៅ​សម្ដែង​ទាំង​នេះ លោក​​សន្សំ​​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​ក្រាស់ក្រែល​។ក្រោយ​ឆ្នាំ ១៩៧០ ល្ខោន​ចិន​ត្រូវ​បាន​វិស័យ​កម្សាន្ត​ផ្សេង​ៗ​វាយលុក​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​បាត់​បង់​ចំនួន​ទស្សនិកជន​ដែល​ធ្លាប់​មាន​កន្លង​មក។ មក​ដល់​អាយុ​១៨​ឆ្នាំ Law Kar Ying សុំ​ចូល​រៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​​តារា​សម្ដែង​ថ្មី​​របស់​ប៉ុស្តិ៍​ទូរទស្សន៍ TVB។ ដំបូង​​ឡើយ Law Kar Ying បាន​ត្រឹម​សម្ដែង​តួ​អង្គ​តូច​តាច​ក្នុង​រឿង​របស់ TVB តែ​ប៉ុណ្ណោះ​ហើយ​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​នោះ​ទេ។ លោក​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាង​តាម​រយៈ​តួនាទី​ជា​មិត្ត​ប្រុស​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Liza Wang។

 

ល្បី​កក្រើក​ដោយ​ច្រៀង​បទ "Only You” ក្នុង​រឿង "ស្ដេច​ស្វា​ស៊ុនអ៊ូខុង"

 

 

Law Kar Ying ចាប់​ផ្ដើម​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាង​នៅ​ពេល​ចូល​សម្ដែង​ក្នុង​រឿង "007” និង "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" របស់​ទិនហ្វី។ ឈុត​ឆាក​ដែល​លោក​ច្រៀង​បទ "Only You” បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រឿង​របស់​ស្ដេច​កំប្លែង​ហុងកុង​ចងចាំ​មិន​អាច​បំភ្លេច​បាន។ តួ​​អង្គ​លោក​គ្រូ​ថាងចេង​ក្នុង​រឿង "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" គឺ​ជា​និស្ស័យ​មួយ​ដោយ Kar Ying បាន​ស្គាល់​ទិនហ្វី​នៅ​ពេល​រៀន​នៅ TVB ជាមួយ​គ្នា។

 

 

“007” គឺ​ជា​ភាពយន្ត​ទី​១​ដែល Stephen Chow និង Law Kar Ying សហការ​នឹង​គ្នា។ ក្រោយ "007” Law Kar Ying បាន​ក្លាយ​ជា​មិត្ត​សម្ដែង​ត្រូវ​ចិត្ត​របស់​ទិនហ្វី។ មុន​ពេល​ចាប់​ផ្ដើម​ថត​រឿង "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" ទិនហ្វី​បាន​អញ្ជើញ Law Kar Ying ឲ្យ​សម្ដែង​តួ​មួយ​ក្នុង​ភាពយន្ត​នេះ​តែ​លោក​បាន​បដិសេធ​ដោយ​បាន​ទទួល​ពាក្យ​ថត​​រឿង​មួយ​នៅ​ចិន​ដីគោក​រួច​ទៅ​ហើយ។ យ៉ាងណាក៏ដោយ ទិន ហ្វី​នៅ​តែ​ព្យាយាម​បញ្ចុះបញ្ចូល Kar Ying ឲ្យ​ទាល់​តែ​បាន​ដោយ​ស្ដេច​កំប្លែង​បាន​គិត​ថា​គ្មាន​អ្នក​ណា​អាច​សម្ដែង​តួ​លោក​គ្រូ​ថាងចេង​ក្រៅ​ពី​លោក​បាន​នោះ​ទេ។

 

 

ក្រោយ​មក Stephen Chow បាន​ចែក​រំលែក​ថា​បើ​មិនមែន Law Kar Ying សម្ដែង​តួ​ថាងចេង​នោះ​ទេ "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" ក៏​មិន​អាច​ទទួល​បាន​ជោគជ័យ​នោះ​ដែរ។ ចាប់​ពី​ពេល​នោះ​ដែរ នៅ​ពេល​នឹក​ដល់​រឿង "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" គ្មាន​អ្នកណា​អាច​បំភ្លេច​ឈុត​លោក​គ្រូ​ថាង​ចេង​​ច្រៀង​បទ​អង់គ្លេស "Only You” ដូច​ព្យុះ​បាន​នោះ​ទេ។ ក្រៅ​ពី​រឿង "007” និង "ស្ដេច​ស្វា​ស៊ុនអ៊ូខុង" Law Kar Ying ក៏​បាន​មាន​វត្តមាន​ក្នុង​រឿង​ជា​ច្រើន​ទៀត​របស់​ទិនហ្វី​ដូច​ជា "Forbidden City Cop” “The God of Cookery” “Lawyer Lawyer” និង "Triple Tap” ជា​ដើម៕

 

ចុចអាន៖ឆាក​ជីវិត​តស៊ូ និង​ការ​ស្លាប់​​ដ៏​អាថ៌​កំបាំង​របស់​​កំពូល​តារា​សម្ដែង​ក្បាច់គុន​លី ស៊ាវ​ឡុង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soha

អត្ថបទថ្មី