ចូលរួមត្រេកអរ! សៀវម៉ី ឈ្នះមេដាយប្រាក់ទ្វីបអាស៊ី យប់មិញ
- 2016-04-19 12:54:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមត្រេកអរ! សៀវម៉ី ឈ្នះមេដាយប្រាក់ទ្វីបអាស៊ី យប់មិញ
ចន្លោះមិនឃើញ
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី បានឈ្នះមេដាយប្រាក់មួយគ្រឿងទៀត បន្ទាប់ពីចាញ់កីឡាការិនីដែលជាម្ចាស់កីឡាតេក្វាន់ដូមកពីកូរ៉េខាងត្បូងក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ី ( ASIAN TAEKWONDO CHAMPIONSHIPS 2016 ) កាលពីយប់មិញនៅប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានកីឡាកាលពីយប់មិញ។
ការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូទ្វីបអាស៊ីនេះគ្រោងប្រកួតកាលពីរសៀលម្សិលមិញ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ប្រហែលម៉ោង៧យប់ទើបប្រកួតចាប់ផ្តើមដែលឈានដល់ម៉ោង១២យប់ទើបចប់នៅប្រទេសហ្វីលីពីន។ ការប្រកួតនេះប្រជុំដោយជើងខ្លាំងតេក្វាន់ដូមកពីប្រទេសនានាក្នុងទ្វីបអាស៊ី។ ទីបំផុតកីឡាការិនីកម្ពុជាបានក្លាយជាអ្នកខ្លាំងប្រចាំពូលហើយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវចាញ់ជើងខ្លាំងម្ចាស់ក្បាច់គុនដើម្បីទទួលបានត្រឹមមេដាយប្រាក់។
មេដាយប្រាក់នេះជាការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូទ្វីបអាស៊ីឆ្នាំ២០១៦ ខណៈមេដាយមាសដែលកញ្ញាឈ្នះកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦គឺជាការប្រកួតជម្រុះស្វែងបេក្ខភាពទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ហើយកញ្ញាទទួលបានសិទ្ធិគ្រប់គ្រាប់ដើម្បីទៅចូលរួមប្រកួតអូឡាំពិក និងជាកីឡាការិនីកម្ពុជាទី១ដែលទទួលបានសិទ្ធិពេញលេញនេះ។
ការប្រកួតជម្រុះកីឡាតេក្វាន់ដូទៅកីឡាអូឡាំពិក និងការប្រកួត ជើងឯកតេក្វាន់ដូទ្វីបអាស៊ី គឺប្រទេសហ្វីុលីពីនទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៦ ដល់ទី២០ ខែមេសា ឆ្នាំ២០១៦៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា