និស្សិត IT ប្រុសៗ​ឃើញ​ស្រី​មិន​បាន?

  • 2016-04-20 17:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​បច្ចុប្បន្ន​វិស័យ ICT នៅ​កម្ពុជា​កំពុង​តែ​រីក​ចម្រើន តែ​បើ​និយាយ​ពី​ចំនួន​និស្សិត​ស្រី​ចាប់​យក​ជំនាញ​នេះ​នៅ​តិច​តួច​នៅ​ឡើយ រហូត​ធ្វើ​ឱ្យ​ថ្នាក់​រៀន​ខ្លះ​មាន​ស្រី​តែ ​២​ ទៅ ៣ នាក់ ឬ​ខ្លះ​​អាច​ច្រើន​ជាង​នេះ​បន្តិច​។ និស្សិត​ប្រុស​រៀន​ព័ត៌មាន​វិទ្យា (IT) ខ្លះ​អត់​ទាន់​មាន​សង្សារ ហើយ​ខ្លះ​ទៀត​ក៏​ចង់​មាន​ដែរ​តែ​រក​មិន​បាន ដូច្នេះ​ទើប​ក្លាយ​ជា​ប្រធាន​ពេញ​និយម​លើ​ហ្វេសប៊ុក ដល់​ថ្នាក់​ផេក Troll មួយ​ចំនួន Troll ឌឺ​ដង​និស្សិត​ IT ប្រុសៗ​ម៉ា​កប់ៗ​ថា​ឃើញ​ស្រី​មិន​បាន។

 

 

និយាយ​រឿង​ខ្សត់​សិស្ស​ស្រី​រៀន​ថ្នាក់ IT នេះ លោក ឃៀង ​ដែល​ជា​អតីត​និស្សិត​រៀន​ជំនាញ IT នៅ​សាកលវិទ្យាល័យ​​មេគង្គ​និយាយ​ថា កាល​​រៀន​ឆ្នាំ​ទី ១ ថ្នាក់​រៀន​លោក​មាន​សិស្ស​ស្រី​តែ ៤ទៅ ៥នាក់​ទេ។ លោក​ថា ដល់​ថ្នាក់​រៀន​លោក​ខ្សត់​ស្រី​បែប​នេះ មាន​អារម្មណ៍​ប្លែក​ហើយ​ពេល​ខ្លះ​ក៏​ស្រ្តេស​ដែរ។ ពេល​ដើរ​ឃើញ​ស្រី​ស្អាតៗ​រៀន​ថ្នាក់​ផ្សេង (មិន​មែន​ថ្នាក់ IT) លោក​និង​មិត្តភ័ក្ដិ​តែង​ហៅ​គ្នា​មើល​ឬ​សម្លឹង​​មិន​ដាក់​ភ្នែក​ក៏​មាន។

 

“ពេល​ដើរ​ឃើញ​ស្រី​ស្អាតៗ​ម្តងៗ ញុំ (ខ្ញុំ) និង​​ពួកម៉ាក (មិត្តភ័ក្ដិ) ឡើង​វ៉ុល...ធ្វើ​ដូច​អត់​ឃ្លាន​ណាស់​ចឹង"។ ឃៀង​និយាយ​បណ្តើរ​សើច​បណ្តើរ។

 

ងាក​មក​លោក ហៀង ដែល​ជា​និស្សិត​រៀន​ថ្នាក់ Master ជំនាញ IT នៅ​សាកលវិទ្យាល័យ​ន័រតុន និយាយ​​​ស្រដៀង​គ្នា​នេះ​ដែរ​ថា លោក​ដូច​គ្មាន​អារម្មណ៍​រៀន​ទេ ព្រោះ​ថ្នាក់​រៀន​លោក​មាន​ស្រី​តែ​ម្នាក់។ លោក​ថា​ថ្នាក់​រៀន​អត់​សិស្ស​ស្រី​ហើយ លោក​អត់​មាន​សង្សារ​ទៀត ខុស​ពី​មិត្ត​ភ័ក្តិ​​លោក​ដែល​គេ​មាន​​ទាំង​ប្រាក់​ខែ​ច្រើន​​និង​​​សង្សារ​ស្អាតៗ​។

 

ដោយឡែក លោក តុលា​ ដែល​ជា​និស្សិត​ឆ្នាំ​៣ ផ្នែក IT នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និយាយ​ថា​កាល​ពី​មុន​ថា្នក់​រៀន​អត់​មាន​សិស្ស​ស្រី​ទេ តែ​ឥឡូវ​​មាន​បី​បួន​នាក់​ដែរ។ តុលា​​ថា កាល​មិន​ទាន់​មាន​រៀន​ដូច​ស្ត្រេស​ដែរ តែ​ក្រោយ​មាន​និស្សិត​ស្រី​ស្អាតៗ​ដល់​ទៅ ៤នាក់​ហើយ​ជា​សិស្ស​ពូកែ​ទៀត លោក​​រឹង​តែ​ប្រឹង​រៀន​​ខ្លាំង​ឡើង​​ហើយ ​អត់​ដែល​​ហ៊ាន​អវត្តមាន​ទេ ព្រោះ​ខ្លាច​ញ៉ែ​គេ​មិន​បាន។

 

កាល​ពី​មុន និស្សិត​ស្រី​មួយ​ចំនួន​យល់​ខុស​ថា ជំនាញ IT ស័ក្ដិសម​តែ​មនុស្ស​ប្រុស​ទេ​ដែល​ត្រូវ​រៀន ព្រោះ​វា​ត្រូវ​ការ​ប្រឹងប្រែង​ខ្លាំង​ទាំង​កាយ​ទាំង​ចិត្ត​រហូត​ដាច់​យប់​ក៏​មាន ទើប​ពួកគេ​ងាក​ទៅ​ចាប់​ជំនាញ ធនាគារ ឬ​គណនេយ្យ​ជំនួស។ ដោយ​សារ​ចង់​ឱ្យ​និស្សិត​ស្រី​មាន​វត្តមាន​ច្រើន​ក្នុង​វិស័យ ICT បណ្តា​គ្រឹស្ថាន​សិក្សា​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត​ដោយ​ផ្ដល់​អាហារូបករណ៍​ដល់​ពួកគេ ដើម្បី​​មាន​លទ្ធភាព​រៀន​​ជំនាញ​ព័ត៌មាន​វិទ្យា​ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង​សម្រាប់​​ជួយ​ដល់​ការ​រីកចម្រើន​​សង្គម​ជាតិ៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី