Lee Minho និង Jun Jihyun នឹង​ចូល​សម្ដែង​ក្នុង​រឿង​ថ្មី​របស់​អ្នក​និពន្ធ "សង្សារខ្ញុំជាមនុស្សភពផ្កាយ”?

  • 2016-04-20 20:20:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​កំពុង​ជ្រួល​ច្របល់​ពី​លទ្ធភាព​ដែល​តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​កូរ៉េ​ខាង​ត្បូង Lee Minho និង Jun Jihyun អាច​នឹង​សហការ​គ្នា​ក្នុង​រឿង​ភាគ​ថ្មី​របស់​អ្នក​និពន្ធ​រឿង "សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ" នៅ​ពេល​ខាង​មុខ។

 

កាល​ពី​ខែ​មករា​កន្លង​ទៅ សារ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា​តារា​សម្ដែង​ប្រុស Lee Minho កំពុង​តែ​​គិតគូរ​ពី​ការ​ចូល​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​មួយ​របស់​អ្នក​និពន្ធ Park Ji Eun កវី​និពន្ធ​របស់​កំពូល​រឿង​ភាគ "My Love From the Star”។ ផលិតកម្ម Starhaus តំណាង​ក្រុមហ៊ុន​របស់​តួ​រឿង "City Hunter” ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​តារា​របស់​ខ្លួន​គឺ​មាន​គម្រោង​ចង់​សម្ដែង​ក្នុង​រឿង​ថ្មី​របស់ Park Ji Eun ពិត​ប្រាកដ​មែន។

 

 

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ កំពូល​តារា​សម្ដែង Jun Jihyun ដែល​បាន​សម្រាល​កូន​ប្រុស​​កាល​ពី​ខែ​កុម្ភៈ​នោះ​ក៏​ចាប់​ផ្ដើម​ត្រលប់​មក​កាន់​វិស័យ​សិល្បៈ​វិញ​ដែរ។ ព័ត៌មាន​ថ្មី​បំផុត​បាន​រាយការណ៍​ថា​តារា​សម្ដែង​អាយុ ៣៤​ឆ្នាំ​កំពុង​តែ​មាន​គម្រោង​ចង់​សហការ​ជាមួយ​អ្នក​និពន្ធ​រឿង "My Love From the Star” សម្រាប់​រឿង​ភាគ​ថ្មី​របស់​នាង។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា លទ្ធភាព​ដែល Lee Minho និង Jun Jihun នឹង​ជួប​គ្នា​​ក្នុង​រឿង​ភាគ​ថ្មី​គឺ​ខ្ពស់​បំផុត។

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក អ្នក​គាំទ្រ​មិន​បាន​ឃើញ​មុខ Lee Minho នៅ​លើ​កញ្ជក់​ទូរទស្សន៍​នោះ​ទេ​ដោយ​ក្រោយ​ពី​សម្ដែង​ក្នុង​រឿង "The Heirs” មក តួ​រឿង "កន្លង់​បាក់​ស្លាប​កុលាប​មាន​ស្នេហ៍" ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​លើ​ភាពយន្ត​ដោយ​មិន​សូវ​រវីរវល់​​នឹង​រឿង​ភាគ​នោះ​ឡើយ​។ រីឯ​សម្រាប់ Jun Jihyun វិញ​ក្រោយ​ពេល​ល្បី​រន្ទឺ​ជាមួយ​រឿង "My Love From the Star” កាល​ពី​​ឆ្នាំ ២០១៤​នោះ នាង​ក៏​​មិន​បាន​សម្ដែង​ថែម​រឿង​​ភាគ​មួយ​ណា​ទៀត​ដែរ៕

 

ចុចអាន៖“សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” កំពុង​ត្រៀម​ផលិត​​វគ្គ​២ ប៉ុន្តែ…

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖dramafever

អត្ថបទថ្មី