បច្ចេកវិទ្យា​ភ្លើង​ស្តុប​ថ្មី ១០០ កន្លែង​នៅ​ភ្នំពេញ អាច​​តាមដាន​​ស្ទើរ​គ្រប់​សកម្មភាព

  • 2016-04-22 16:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ស្តុប​ចំនួន ១០០​ទីតាំង​ទូទាំង​រាជធានី​ភ្នំពេញ ដែល​​កំពុង​តែ​ដំឡើង សុទ្ធ​តែ​បំពាក់​​​កាមេរ៉ា​ទំនើប អាច​បញ្ជូន​ទិន្នន័យ​រហ័ស ថែម​ទាំង​អាច​សម្រួល​ចរាចរណ៍​និង​​ឃ្លាំ​មើល​ចោរកម្ម​និង​គ្រោះ​ថ្នាក់​ផ្សេង​បាន​យ៉ាង​ល្អ។

 

 

ទាក់ទិន​​ដំណើរការ​ភ្លើង​ស្តុប​ថ្មី លោក លី ប៉ អ្នក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម​នៅ Mitsubishi Corporation ពន្យល់​ដូច្នេះ​ថា ភ្លើង​ស្តុប​ទាំង​អស់​នឹង​បំពាក់​ដោយ​កាមេរ៉ា​ចាប់​យក​សកម្មភាព និង​អាច​រាប់​ចំនួន​រថយន្ត​ដែល​ឈប់​នៅ​ត្រង់​ស្តុប​នីមួយៗ។ បន្ទាប់​មក​ទិន្នន័យ​ដែល​ចាប់​ដោយ​កាមេរ៉ា​ទំនើប​ទាំង​នោះ​នឹង​បញ្ជូន​ទៅ Control Center ដែល​មាន​ទីតាំង​នៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន ដើម្បី​ត្រួត​ពិនិត្យ។

 

ករណី​ផ្លូវ​ណា​មួយ​ក្នុង​ចំណោម​ផ្លូវ​បែក​ជា​បួន មិន​សូវ​មាន​យានយន្ត​កក​ស្ទះ នោះ​ចំនួន​នាទី​នៅ​ត្រង់​ភ្លើង​ស្តុប​​នឹង​សារ៉េ​យ៉ាង​ណា​ឱ្យ​ផ្លូវ​ដែល​មាន​យានយន្ត​កកកុញ បាន​ឆ្លង​​ស្តុប​ទៅ​មុខ​លឿន ខុស​ពី​ភ្លើង​ស្តុប​បច្ចុប្បន្ន​ដែល​នាទី​ថេរ​គ្រប់​ស្ថានភាព។

 

លោក ប៉ បន្ថែម​ថា មួយ​វិញ​ទៀត ឧទាហរណ៍​ពេល​មាន​គណៈ​ប្រតិភូ​សំខាន់ៗ​ត្រូវ​ឆ្លង​កាត់​ស្តុប នោះ​ភ្លើង​ស្តុប​នឹង​ប្រែ​ពណ៌​ខៀវ​ភ្លាម ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​​របស់​ក្រុម​គណៈប្រតិភូ​​ឱ្យ​មាន​ភាព​រលូន។

 

លើស​ពី​នេះ បើ​សិន​មាន​ករណី​ចោរកម្ម​ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណា​មួយ​កើត​ឡើង​នៅ​ម្តុំ​ភ្លើង​ស្តុប កាមេរ៉ា​នឹង​ចាប់​យក​រូបភាព​ទាំង​អស់​ហើយ​បញ្ជូន​ទៅ Control Center ដើម្បី​ពិនិត្យវាយ​តម្លៃ និង​​​ប្រតិបត្តិការ​ផ្សេងៗ​ផ្អែក​លើ​ភស្តុតាង​​មាន​ស្រាប់​​ចាប់​បាន​​ដោយ​កាមេរ៉ា​សុវត្ថិភាព។

 

យ៉ាងណា លោក ប៉ ថា​​ ការ​ផ្លាស់​ប្តូរ​ភ្លើង​ស្តុប​ទំនើប​ដែល Mitsubishi Corporation ​​ទទួល​ខុស​ត្រូវ​ដំឡើង​តាំង​ពី​ខែ​មីនា​កន្លង​ទៅ​ នឹង​បញ្ចប់​នៅ​ខែ​មីនា​ឆ្នាំ ២០១៧។ ប៉ុន្តែ​បញ្ហា​ប្រឈម​សម្រាប់​ការ​ដោះដូរ​ភ្លើង​ស្តុប​ចាស់ៗ​ទាំង ១០០ ទីតាំង​នោះគឺ​ថា ក្រុមហ៊ុន​ត្រូវ​កាត់​ឬ​ខួង​ផ្លូវ និង​មាន​ការ​សហការ​ជាមួយ​បណ្តា រដ្ឋាករ​ទឹក អគ្គិសនី​កម្ពុជា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​បណ្តា​អង្គភាព​ឯកជន​ពាក់ព័ន្ធ​ផ្សេង ដើម្បី​ឱ្យ​ការ​ខួង​​និង​កាត់​ផ្លូវ​បំពាក់​ស្តុប​ថ្មី ដំណើរ​ការ​រលូន​ល្អ៕

 

 អាន៖ ដឹង​ថា​កាមេរ៉ា​បំពាក់​​តាម​ស្តុប​សមត្ថភាព​ខ្លាំង​កម្រិត​ណា?

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី