៤​ឆ្នាំ​ក្រោយ​ការ​ស្ថាបនា​​​បណ្ដាញ​សហគ្រិន​ឆ្នើម​​​​ JCI កម្ពុជា

  • 2014-10-27 17:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គួច ផេង ​ពាណិជ្ជករ​​​​​​​​លេច​ធ្លោ​​ទាំង​​​វ័យ​​ក្មេង​​​ បាន​​ក្លាយ​​ជា​បុគ្គល​​ថ្មី​​ ​​ឡើង​​ជា​​​​​​ប្រធាន​​ថ្នាក់​ជាតិ​​របស់​សភា​យុវ​ពាណិជ្ជករ​​អន្តរជាតិ​​​កម្ពុជា (JCI Cambodia) អាណត្តិ​​២០១៥​ ជំនួស​លោក​ ឈាង សុភ័ក្តិ​ អគ្គនាយក​ក្រុមហ៊ុន Master Asia ​ដែល​បាន​​បញ្ចប់​ការ​​​​​ដឹក​នាំ​ស្ថាប័ន​បណ្ដាញ​​​សហគ្រិន​​វ័យ​ក្មេង​​​អន្តរជាតិ​របស់​​​កម្ពុជា​​​​មួយ​នេះ​ ​ពេញ​មួយ​អាណត្តិ​២០១៤។

 

 

ពិធី​​​ផ្ទេរ​​តំណែង​កំពូល​​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​សន្និបាត​ថ្នាក់​ជាតិ​​កាល​ថ្ងៃ​សៅរ៍ ​ដែល​ជា​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​។ ​ការ​បញ្ចប់​​អាណត្តិ​មួយ​ឆ្នាំ​របស់​​ប្រធាន​ចាស់​ នឹងបើក​​​សិទ្ធ​ឲ្យ​​លោក គួច ផេង ​កាន់​កាប់​តួនាទី​​​ប្រធាន​​ JCI ​កម្ពុជា ​​​ជា​អង្គការ​​មិន​រក​ប្រាក់​ចំណេញ​ ដែល​​​​ប្រមូល​ផ្ដុំ​ដោយ​​​​យុវ​ធុរកិច្ច​ជន​​​​​មាន​វ័យ​ចាប់​ពី​១៨​ដល់​៤០​ឆ្នាំ និង​​ធ្វើ​ការ​ទៅ​លើ​ការ​អភិវឌ្ឍន៍​​មូល​ដ្ឋាន​​ស្នូល​៤​ធំ​ៗ​​រួម​មាន ​ការងារ​ជួយ​​​សហគមន៍​ក្រីក្រ ពង្រីក​បណ្ដាញ​​សហគ្រិនភាព​ ​ការ​ផ្សារភ្ជាប់​​រវាង​​បុគ្គល​ និង​​កិច្ច​​ទំនាក់ទំនង​​អន្តរជាតិ​​​។

 

 

ប្រធាន​​អាណត្តិ​ទី​៤​​លោក​​ គួច​ ផេង ដែល​មាន​​​វ័យ​ជាង​​៣០ឆ្នាំ​​​ ជា​ពាណិជ្ជករ​​កំពុង​កាន់​កាប់​​ពហុ​អាជីវកម្ម។ លោក​ជា​ប្រធាន​​​ក្រុមហ៊ុន ​ Advanced Glory Logistics Group, ជា​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Triumph Link Holding Limited, ជា​​ម្ចាស់​ភាគ​ហ៊ុន​​នៅ​​​​ Westline Education Group Co., Ltd ហើយ​លោក​ក៏​ជា​​សមាជិក​ក្រុម​​ភិបាល​​​ជាន់​ខ្ពស់​​​របស់​​សមាគម​​​សហគ្រិន​វ័យ​ក្មេង​កម្ពុជា YEAC។

 

លោក គួច ផេង

 

JCI កម្ពុជា​​បង្កើត​​នៅ​ឆ្នាំ​២០១០​​ ដោយ​ឈរ​​លើ​​​​ចក្ខុវិស័យ ផ្ដល់​​ឱកាស​អភិវឌ្ឍ​ និង​ អំណាច​ដល់​យុវជន ​​ដើម្បី​​បង្កើត​កម្លាំង​នៃ​​​​ការ​ផ្លាស់​​ប្ដូរ​ជា​វិជ្ជមាន​​ដល់​សង្គម។ ​សមាជិក​​និង​​ថ្នាក់​​ដឹក​គ្រប់​លំដាប់​​ស្ទើរ​ទាំង​អស់​​​សុទ្ធ​​តែ​ជា​សហគ្រិន និង​ជា​បុគ្គល​​​មាន​សក្ដានុពល ​ផ្នែក​ពាណិជ្ជកម្ម។ ​៤​ឆ្នាំគត់​​ដែល​ស្ថាប័ន​​ មាន​ទំនាក់ទំនង​​ស្និទ្ធ​ជាមួយ JCI ពិភពលោក​​​មួយ​​នេះ ​​បង្កើត​ឡើង​​ដែល​មាន​លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay Digital ជា​ស្ថាបនិក។ អាណត្តិ​មេដឹក​នាំ​​បាន​កំណត់​​ឲ្យ​មាន​សុពលភាព​​​តែ១​​​ឆ្នាំ​ប៉ុណ្ណោះ​​​​​ ហើយ​ផ្លាស់​​​ប្ដូរ​ដោយ​ការ​​លើក​ដៃ​បោះ​ឆ្នោត​អនុម័ត​ពី​​​​​​ក្រុម​ប្រឹក្សា​ភិបាល​​នៅ​​សន្និបាត​ប្រចាំ​ឆ្នាំ​​​។

 

 

ខាង​ក្រោម​​​នេះ​ជា​បុគ្គល​កំពូល​របស់​ JCI កម្ពុជា​

 

 

លោក ជី សិលា ជា​ស្ថាបនិក​​​ដែល​បង្កើត​ឲ្យ​មាន​បណ្ដាញ​សហគ្រិន​វ័យ​ក្មេង​នេះ​ឡើង​កាល​២០១០

 

 

លោក គួច សុខលី អគ្គនាយក​សាជីវកម្ម​​ហាង​អាហារ​បែប​ទំនើប CBM Corporation ជា​ប្រធាន​អាណត្តិ​២០១២

 

 

លោក​ អ៊ីវ គឹមសួ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន 12K Trading ជាប្រធាន​​អាណត្តិ​​២០១៣​​

 

 

លោក​​ ឈាង សុភ័ក្តិ អគ្គនាយក​​ក្រុមហ៊ុន Master Asia និង​ក្រុមហ៊ុន Master Solution ជា​ប្រធាន​អាណត្តិ​២០១៤​

 

 

លោក គួច ផេង ​​អគ្គនាយក​ Advanced Glory Logistics Group​ ជា​ប្រធាន​ជាប់​ថ្មី​អាណត្តិ​​២០១៥​​

 

 

លោក​បណ្ឌិត​​ គួច ម៉េងលី អគ្គនាយក​​​​វិទ្យាស្ថាន​​​អន្តរទ្វីប​អាមេរិក​កាំង​ ជា​ទីប្រឹក្សាក្រុមប្រឹក្សាភិបាល

 

 

លោក Rami Sharaf អគ្គនាយក​ក្រុមហ៊ុន RMA Group ​ប្រចាំ​កម្ពុជា ជា​ទីប្រឹក្សា​ក្រុម​ក្រុមប្រឹក្សាភិបាល។

 

 

៤​ឆ្នាំ​ក្រោយ​​លេច​មុខ​ឡើង​ ឥលូវ​នេះ​ JCI កម្ពុជា​ បាន​​បំបែកជា​មែក​​ធាង​​​តូច​ៗ​​ គឺ​ការ​​បង្កើត​ជា​ JCI ថ្នាក់​​តំបន់​ក្នុង​ប្រទេស​កម្ពុជា ​​​​​ជ្រក​ក្រោម​ដំបូល​ខ្លួន​មាន​ដូច JCI សាខា​ភ្នំពេញ, JCI សាខា​ចតុមុខ​ និង​ JCI ខាង​​សាខា​មេគង្គ ដែល​ទើប​​ប្រកាស​ជា​ផ្លូវការ​ក្នុង​សន្និបាត​​បើក​​អាណត្តិ​​ថ្មី​​កាល​ថ្ងៃ​សៅរ៍។

 

 

 

​​ក្រៅ​ពី​​ការ​ពង្រឹង​បណ្ដាញ​សហគ្រិន​ ទាំង​ JCI ថ្នាក់​ជាតិ និង​តំបន់​កន្លង​មក​​ដឹក​នាំ​គម្រោង​សង្គម​ដែល​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ​ចំណោម​គម្រោង​ទាំង​ឡាយ​ ​មាន​​​​​​គម្រោង​​មួយ​ចំនួន​​​លេច​ធ្លោ​ខ្លាំង​ មាន​ដូច​ជា​ការ​​​សំអាត​ទីក្រុង Let's Do Itដែល​ទាញ​ប្រជាជន​ពិសេស​កម្លាំង​យុវជន​ចូល​រួម​រាប់​ម៉ឺន​នាក់​។​ គម្រោង​​ជួយ​ដល់​កុមារ​ក្រីក្រ​ និង​សហគមន៍​ដាច់​ស្រយាល​ ឲ្យ​ទទួល​បាន​សេវា​យល់​ដឹង​ពី​​សុខភាព​ អនាម័យ ការអប់រំ​​។

 

គម្រោង​ Let's Do It របស់​ JCI កម្ពុជា ទទួល​ការ​ចូល​រួម​ភ្លូក​ទឹក​ដី 

 

​គម្រោង​សម្អាត​មាត់​ឆ្នេរ​និង​អប់រំ​ពលរដ្ឋ​សហគមន៍ ​​​នៅ​ខេត្ត​ព្រះសីហនុ​កាល​២០១២​។ គម្រោង​ដាំ​​​ដើម​ឈើ​រាប់​ពាន់​ដើម​ ដើម្បី​ទាញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​​បម្រែបម្រួល​ធម្មជាតិ និងលើ​កសោភ័ណ្ឌ​ភាព​ខេត្ត​ព្រះសីហនុ ​កាល​សីហា​២០១៤។​

 

​​ការ​បង្កើត​​វេទិកា​​ប្រកួត​​​​វោហារ​ស័ព្ទ​ថ្នាក់​ជាតិ នឹង​បាន​ដឹក​នាំ​ក្រុម​តំណាង​កម្ពុជា​ទៅ​ឈ្នះ​ពាន​អន្តរជាតិ​នៅ តៃ​វ៉ាន់ មុន​​​២០១៤​នេះ ​ដែល​កម្ពុជា​យុវជន​ឆ្នើម​ដឹក​នាំ​ដោយ​ JCI កម្ពុជា​​ បាន​ទៅ​ឈ្នះ​​ពាន​ អាស៊ី​ប៉ាហ្វិក​ នៅ ASPAC Asia Conference នៅ​ជប៉ុន​ ដែល​​នាំ​ឲ្យ​ក្រុម​យុវជន​​ខ្មែរ​ បើក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ ​​​​ជា​ក្រុម​តំណាង​ឲ្យ អាស៊ី​ប៉ាស៊ីហ្វិក​​ លើ​ឆាក​ប្រកួត​ថ្វី​មាត់​៕

​​​

អត្ថបទ៖ ប៉ែន សុផាន់ណា​​

អត្ថបទថ្មី