​មហាសេដ្ឋី​ចិន​បោះ​សម្ដី​ថា​​ Apple ជា​ក្រុមហ៊ុន​ហួស​សម័យ

  • 2016-04-25 20:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​ទូរទស្សន៍​ CNBC មហាសេដ្ឋី​ចិន​​លោក​ Jia Yueting បាន​បោះ​សម្ដី​​ដែល​បង្ហាញ​ពី​ការ​ឌឺដង​ផ្លែ​ផ្កា​ទៅ​កាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple។

 

 

លោក​ Jia Yueting បាន​​លើក​ឡើង​ថា​ ការ​រចនា​ផលិតផល​របស់​ក្រុមហ៊ុន​ Apple គឺ​ហួស​សម័យ។ មិន​តែ​ប៉ុណ្ណោះ​សូម្បី​តែ​ចំនួន​លក់​​ក្នុង​ប្រទេស​ចិន​ ដែល​ជា​​ទីផ្សារ​ធំ​ទី​​ពីរ​របស់​ Apple ​​មាន​សភាព​កាន់​តែ​យ៉ាប់​យឺន​ទៅ។

 

លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​លើក​ឡើង​ដូច​នេះ​ថា​៖ "​មូលហេតុ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ចំនួន​លក់​​មាន​សភាព​មិន​ល្អ​ គឺ​ថា​​ភាព​ច្នៃ​ប្រឌិត​របស់​ Apple ហាក់​យឺត​យ៉ាវ​ខ្លាំង។ ឧទាហរណ៍ កាល​ពី​មួយ​ខែ​មុន​ Apple បាន​ប្រកាស​ពី​ iPhone SE។ បើ​ឈរ​លើ​ជ្រុង​​ក្នុង​នាម​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ​ វា​ជា​ផលិតផល​​មួយ​ដែល​មាន​កម្រិត​បច្ចេកវិទ្យា​ថ្នាក់​ទាប ហើយ​យើង​គិត​ថា​វា (iPhone SE) ​ជា​អ្វី​ដែល​ពួក​គេ (ក្រុមហ៊ុន​ Apple) ​មិន​គួរ​ធ្វើ​នោះ​ឡើយ"។

 

លោក​បន្ត​ទៀត​ថា​៖ "ក្នុង​នាម​ជា​អ្នក​ដឹកនាំ​នៃ​ឧស្សាហកម្ម Apple គួរ​តែ​បង្កើត​ផលិតផល​ដែល​ពិសេស​លើស​នេះ។ ទូរសព្ទ​ iPhone នៅ​តែ​ជា​ផលិតផល​ឈាន​មុខ​កាល​ពី​ប្រាំ​ឆ្នាំ​មុន​ ចាប់​តាំង​ពី​ចេញ​លក់​នៅ​ឆ្នាំ​ ២០០៨ មក​ ប៉ុន្តែ​ពេល​នេះ​​បែរ​ជា​តាម​មិន​ទាន់​គេ​ទៅ​វិញ"។​​​​​​​​​​​​

 

ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​​មហាសេដ្ឋី​ចិន​ខាង​លើ​នេះ​ ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​តបត​ពី​សំណាក់​ក្រុមហ៊ុន​ Apple នៅ​ឡើយ​នោះ​ទេ។

 

 

 

លោក​ Jia Yueting ជា​នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន​ LeEco ដែល​ល្បី​ល្បាញ​ថា​ជា​​ក្រុមហ៊ុន​ Netflix របស់​ប្រទេស​ចិន។ ក្រៅ​ពី​ផ្ដល់​សេវាកម្ម​ទូរទស្សន៍​ក្រុមហ៊ុន​នេះ​ក៏​មាន​ ផលិត​ផលិតផល​ដូច​ជា​ ទូរសព្ទ​, ទូរទស្សន៍, កង់​ជិះ​ឡើង​ភ្នំ ហើយ​ផលិតផល​ចុង​ក្រោយ​ដែល​បង្ហាញ​ថ្មីៗ​នេះ​គឺ​រថយន្ត​អគ្គិសនី៕​

 

ចុច​អាន៖ ឆ្នាំ ២០១៦ អនាគត​ Apple មិន​ល្អ​ ការ​លក់​ iPhone ធ្លាក់​ចុះ​ខ្លាំង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNBC​​​​​​​​​​

អត្ថបទថ្មី