រក​ឃើញ​ខ្សែភាពយន្ត​ខ្មែរ​​ពី​សម័យ​ដើម ដែល​​ខ្មែរ​មួយ​ចំនួន​មិន​ធ្លាប់​ឃើញ បង្ហាញ​ល្ងាច​មិញ​

  • 2014-10-27 18:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​​មួយ​ក្រុម ​ដែល​មាន​ឈ្មោះ​ថា "ក្រុម​ព្រះសុរិយា" បាន​ស្រាវជ្រាវ​រក​ឃើញ​ខ្សែភាពយន្ត​ខ្មែរ​មួយ​​ចំនួន​មុន​ឆ្នាំ​ ១៩៧៥ ដែល​ខ្សែភាពយន្ត​មួយ​នេះ​ ប្រជាជន​ខ្មែរ​​មិន​ធ្លាប់​ឃើញ​ឡើយ ត្រូវ​បាន​បង្ហាញ​ជូន​ជា​សាធារណៈ​​ កាល​ពី​ល្ងាចមិញ។

 

ភាពយន្ត​នោះ​ មាន​ឈ្មោះ​ថា "ផែនដី​វិល" ដោយ​​មាន​រយៈ​ពេល​តែ ​៥ នាទី​​ ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​បង្ហាញ​ជា សាធារណៈ ​កាល​ពី​ល្ងាច​មិញ​ នៅ​ក្នុង​ព្រឹត្តិការណ៍​ ទេសចរណ៍​សិល្បៈ ​ភាពយន្ត​លើក​ទី ១ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាល​មហោស្រព​​ចតុមុខ ក្រោម​​​វត្តមាន សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ,​ លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌​ និង ​វិចិត្រសិល្ប ព្រម​ទាំង ទស្សនិកជន និង សិល្បករ​ សិល្ប​ការិនី​ជាច្រើន​នាក់​​ទៀត។

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក វីរៈ ប្រធាន "ក្រុម​ព្រះសុរិយា" បាន​ឲ្យ​ដឹង​ថា ភាពយន្ត "ផែនដី​វិល" ត្រូវ​បាន​ក្រុម​​អ្នក​ស្រាវជ្រាវ​​ភាពយន្ត​ចាស់ៗ​មួយ​​នេះ​ ​រក​ឃើញ​នៅ​លំនៅដ្ឋាន ​ប្រជាពលរដ្ឋ​ម្នាក់ ដែលជា អតីត​អ្នក​​​​ចាក់​បញ្ចាំង​​កុន​ចាស់ៗ ក្នុង​​​ខេត្ត​បាត់ដំបង កាល​ពី ចុង​ឆ្នាំ ២០១២ ។

 

ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​​ខាង​លើ​បាន​រៀបរាប់ ​នៃ​ការ​រក​ឃើញ​ភាពយន្ត​នោះ​ថា ក្រុម​របស់​លោក ​ដែល​មាន​គ្នា ៤ នាក់ បាន​ចុះ​ទៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង កាល​ពី​ចុង​ឆ្នាំ​ ២០១២ ដើម្បី​ស្វែង​រក​ភាពយន្ត​ចាស់ៗ ​របស់​ខ្មែរ ទុក្ខ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង។ គ្រា​នោះ បាន​ស្គាល់​អ្នក​រត់​​កង់​បី ដែល​មាន​ឪពុក​ជា អ្នក​ធ្លាប់​​ប្រកប​របរ​ជា​​ចាក់​បញ្ចាំង​​កុន​រឿង​ចាស់ៗ ក្នុង​​ខេត្ត​បាត់ដំបង ហើយ​ក៏​បាន​ទៅ​លេង​​ដល់​ផ្ទះ​ អ្នក​រត់​កង់បី​នោះ ដើម្បី​សួរនាំ​ស្វែង​រក​ភាពយន្ត​ចាស់ៗ ​ដែល​គ្រួសារ​មួយ​នោះ ចាក់​បញ្ចាំង ។

 

វីរៈ បាន​បន្ត​ថា ជា​អកុសល​កាសែត​ នៃ​ខ្សែភាពយន្ត​ចាស់ៗ​ ដែល​ក្រុមគ្រួសាមួយ​​នោះ ធ្លាប់​ចាក់​បញ្ចាំង​ត្រូវ​បាន​លក់​ឲ្យ​អេតចាយ​អស់​ទៅ​ហើយ ប៉ុន្តែ ​ចៃដន់ ក្រុម​របស់​លោក​បាន​ឃើញ ខ្សែ​ដុំ​ហ្វីល​មួយ​ខ្សែ​នៅ​ក្រោម​គ្រែ ដែល​អង្គុយ​លេង​នោះ ហើយ​ក៏​នាំ​យក​មក​​ភ្នំពេញ ដើម្បី​​ចាក់​បញ្ចាំង​មើល។ ពេល​ចាក់​បញ្ចាំង​ដុំ​ហ្វីល នោះ​មិន​មាន​សំឡេង​ទេ ហើយ​ឈុត​ឆាកនៅ​ក្នុង​ហ្វីល​នោះ ត្រូវ​បាន​ថត ៤ ទៅ ៥ ដង ដែល​នាំ​ឲ្យ​សន្និដ្ឋាន​បាន​ថា ជា​ហ្វីល សល់​​ពី​ការ​កាត់​​ត រឿង​ចាស់ៗ ។

 

ក្រោយ​មក ជនជាតិ​អាល្លឺម៉ង់​ម្នាក់​​ឈ្មោះ លោក ម៉ាចដ៍ ​បាន​​ជួយ​​យក​ដុំហ្វីល​នោះ ទៅ​​លាង​សម្អាត​​ឲ្យ ​នៅ ប្រទេស​អូស្ត្រាលី។ នៅ​ក្នុង​ភាពយន្ត "ផែនដី​វិល" ទោះ​បី​ជា​មាន​រយៈ​ពេល​តែ ៥ នាទី​ ក៏​ពិត​មែន ប៉ុន្តែ​ភាពយន្ត​មួយ​នេះ បាន​បង្ហាញ​ពី​សំលៀកបំពាក់ និង បែបផែន​នៃការ​រស់​នៅ របស់​ប្រជាពលរដ្ឋ​នៅ​សម័យ​នោះ​ផង​ដែរ ​ចំណែក​ឯ តារា​សម្ដែង​ក្រុម​អ្នក​ស្រាវ​ជ្រាវ ​មិន​បាន​ប្រាប់​ពី​​ឈ្មោះ​​អ្វី​ខ្លះ​នោះ​ឡើយ។ បច្ចុប្បន្នភាព​យន្ត "ផែនដី​វិល" កំពុង​​រក្សា​ទុក​ដោយ ​ក្រុម "ព្រះសុរិយា" និង នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង វប្បធម៌​ និង ​វិចិត្រសិល្ប ដើម្បី​ជា​ឯកសារ​មួយ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

 

នៅ​ក្នុង​ព្រឹត្តិការណ៍​​ទេសចរណ៍​សិល្បៈ ​ភាពយន្ត​លើក​ទី ១ ​កាល​ពី​ល្ងាច​មិញ​នេះ ក្រៅ​ពី​ការ​ចាក់​ភាព​យន្ត "ផែនដី​វិល" ក៏​បាន​ចាក់​បញ្ចាំង​ពី​ភាពយន្ត​ឯកសារ ស្ដី​ពី ឆ្មាំ​ប្រាសាទ ការ​បង្ហាញ​សំលៀកបំពាក់​ច្នៃ​ពី​ខ្ចៅ ថង់​ប្លាស្ទិក និង ផ្ទាំង​ទស្សនីយភាព​​ល្ខោននិយាយ​ រឿង "ស្ត្រី និង​ ឧបករណ៍​ភ្លេង​ខ្មែរ" ផង​ដែរ។ កម្មវិធី​ខាង​លើ​មាន​ក្រុមហ៊ុន​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន Sabay ​បាន​ចូល​រួម​ឧបត្ថម្ភផងដែរ៕

 

 

អាន​អត្ថបទ៖ សាន់ដេ​ថា​ ចំណូល​ពី “សង្សារ​ខ្មោច” អាច​​មាន​ផល​ប៉ះពាល់​ខ្លះៗ អានអត្ថបទ៖ ធី យ៉ាដា ពូកែ​ថ្ងូរ

 

អត្ថបទ៖ ខុត សីហា

 

អត្ថបទថ្មី