មហាសេដ្ឋីទី២លើលោក កើតចេញពីត្រកូលក្រខ្សត់ហៅមិនឮ
- 2016-04-27 23:01:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីទី២លើលោក កើតចេញពីត្រកូលក្រខ្សត់ហៅមិនឮ
ចន្លោះមិនឃើញ
លោក Amancio Ortega មានវ័យ ៨០ឆ្នាំ ជាជនជាតិអេស្ប៉ាញ បានជាប់ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពី Bill Gates ជាមួយទឹកប្រាក់ ៦៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ នេះ។ ទម្រាំមានប្រាក់ដ៏ច្រើនសម្បើមដូច្នេះ តើលោក Amancio Ortega មានប្រវត្តិយ៉ាងណាខ្លះ?
បច្ចុប្បន្នលោក Amancio Artega ជាស្ថាបនិកក្រុមហ៊ុនលក់សំលៀកបំពាក់ Zara និងជាអ្នកមានបំផុតនៅទ្វីបអឺរ៉ុប រួមទាំងជាអ្នកលក់បន្តមានជាងគេនៅលើផែនដី។ លោកចាប់ផ្ដើមបើករបរផលិតគ្រឿងវាយនភណ្ឌIndustria de Diseño (Inditex)ដំបូង ជាលក្ខណៈគ្រួសារតូចមួយក្នុងឆ្នាំ ១៩៦៣ មុនពេលបង្កើតហាងលក់សំលៀកបំពាក់ Zara មួយទៀតជាមួយភរិយាដើម អ្នកស្រី Rosalia Mera ក្នុងឆ្នាំ ១៩៧៥ តែបានស្លាប់នៅឆ្នាំ ២០១៣ ក្នុងវ័យ ៦៩ឆ្នាំ។
នៅពាក់កណ្ដាលឆ្នាំ ១៩៨៩ លោកតា Ortega បានពង្រីកជំនួញលក់ដូរខាងលើ ពាសពេញប្រទេសអេស្ប៉ាញ និងឈានជើងចូលបើកហាងលើទឹកដីអាមេរិកដំបូងក្នុងឆ្នាំ ១៩៨៩ ដែរ។ សព្វថ្ងៃនេះ គាត់បានបង្កើតហាងលក់បន្តមាន Zara, Massimo Dutti និង Pull&Bear ជាដើម។
បើនិយាយពីប្រវត្តិកាលកុមារភាពវិញ លោកកើតនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ១៩៣៦ នៅភូមិ Busdongo de Arbas ខណៈពេលប្រទេសអេស្ប៉ាញចាប់ផ្ដើមកើតសង្គ្រាមស៊ីវិល។ ភូមិរបស់គាត់មានប្រជាជនតិចជាង ១០០នាក់ប៉ុណ្ណោះ នៅខេត្ត Leon ភាគពាយ័ព្យប្រទេស។ គាត់ជាកូនពៅក្នុងចំណោមបងប្អូន ៤នាក់។ ដោយសារតែជីវភាពក្រខ្វះខាតខ្លាំងមែនទែន គ្រួសារ Ortega បានផ្លាស់ទៅរស់នៅ La Coruna ទីក្រុង Galicia ព្រោះការងារឪពុកធ្វើនៅស្ថានីយរថភ្លើង ដោយរស់នៅក្នុងផ្ទះរហែករយ៉ៃសម្រាប់កម្មកររថភ្លើង។
ចំណែកម្ដាយរបស់លោក គឺជាអ្នកបម្រើតាមផ្ទះ និងធ្លាប់ដើរសុំទានតាមហាង ដើម្បីទិញរបស់ប្រើប្រាស់ ជាហេតុធ្វើឲ្យលោក Ortega ឈប់រៀននៅអាយុ ១៤ឆ្នាំ ដើម្បីជួយកិច្ចការគ្រួសារ។ ការងារដំបូងរបស់មហាសេដ្ឋីពាន់លានរូបនេះ គឺជាជំនួយការក្នុងហាងមួយឈ្មោះ Gala និងជាពេលគាត់បានរៀនច្នៃសំលៀកបំពាក់ដោយដៃ ចាប់តាំងពីពេលនោះមក។
ក្រៅពីការងារដ៏លំបាកខាងលើ កុមាររូបនេះចូលចិត្តជិះកង់កម្សាន្តជុំវិញទីក្រុង និងជាពេលវេលាធ្វើឲ្យគេមានគំនិតចង់រកប្រាក់ខ្លួនឯង។ ក្នុងឆ្នាំ ១៩៥០ Ortega បានស្វែងរកទីតាំងដ៏ប្រសើរមួយនៅទីក្រុង Galicia សម្រាប់គម្រោងអនាគតខ្លួនគឺ បើកកន្លែងដេរខោអាវកូនក្មេង អាវទ្រនាប់ និងឈុតគេងយប់។ រហូតដល់ឆ្នាំ ១៩៦៣ ក្រោយទទួលបទពិសោធន៍ជាង ១០ឆ្នាំពីការងារកាត់ដេរ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Confecciones GOA ដែលមានទទួលកាត់ដេរ ច្នៃម៉ូដសំលៀកបំពាក់។ លុះដល់ឆ្នាំ ១៩៦៦ លោកបានរៀបការជាមួយភរិយាដើមឈ្មោះ Rosalia Mera តែម្ដង រហូតកើតជាជំនួញថ្មីៗបន្ថែមដល់ពេលបច្ចុប្បន្ន៕
អ្នកស្រី Rosalía Mera ជាភរិយាដើម (ស្លាប់)
ជាមួយភរិយាបច្ចុប្បន្ន
ដកស្រង់ចេញបញ្ជី Forbe ឆ្នាំ ២០១៦
ចុចអាន៖ ១០ យ៉ាងដែលអ្នកគួរដឹងពីមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ
ចុចអាន៖ មហាសេដ្ឋីក្នុងលោក រកចំណូលបានប្រាក់ពាន់លានក្នុងជំនួញ៥នេះ
ចុចអាន៖ កំពូលមហាសេដ្ឋីផុតលេខទាំង ៥រូប របស់ប្រទេសថៃ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Forbe, astrumpeople