មិន​ធម្មតា! ​ដើម​ឆ្នាំ​នេះ​ប្រាក់​ចំណេញ​របស់​ Facebook កើន​ឡើង​គុណ​នឹង​បី​

  • 2016-04-28 15:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ហិរញ្ញ​វត្ថុ​ប្រចាំ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៦​ ដែល​ក្រុមហ៊ុន​ Facebook បាន​ចេញ​ផ្សាយ​​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ បាន​បង្ហាញ​ថា​ប្រាក់​ចំណេញ​ទទួល​បាន​​ មាន​ការ​កើន​ឡើង​ដល់​ទៅ​ ១៩៥% ឯ​ណោះ។

 

 

បើ​ក្រឡេក​ទៅ​មើល​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ បណ្ដាញ​ Facebook ទទួល​បាន​ប្រាក់​ចំណេញ​ ៥១២​លាន​​ដុល្លារ។ ចំណែក​ក្នុង​ឆ្នាំ​នេះ​វិញ​ក្រុមហ៊ុន​អាច​រក​បាន​ដល់​ ១,៥​ពាន់​លាន​ដុល្លារ ដែល​ទទួល​បាន​ តាម​រយៈ​ការ​បញ្ចេញ​ផលិតផល​ថ្មីៗ​ រួម​ទាំង​ការ​​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ជា​​ប្រភព​ចំណូល​ដ៏​ធំ។

 

ចំពោះ​ចំណូល​សរុប​ប្រចាំ​ត្រីមាស​ឯ​ណោះ​វិញ​ ឃើញ​ថា​មាន​ការ​កើន​ឡើង​ ៥៧% បើ​ប្រៀប​ទៅ​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដោយ​រក​បាន​ ៥,៣៨​ពាន់​លាន​ដុល្លារ។ តួលេខ​នេះ​គឺ​លើស​ពី​អ្វី​ដែល​សារព័ត៌មាន​ Wall Street បាន​ព្យាករណ៍​ទុក។

 

លើស​ពី​នេះ​ទៅ​ទៀត​ចំនួន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​ក៏​ឃើញ​ថា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​ដោយ​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​មាន​ ១,៦៥​ពាន់​លាន​នាក់៕​​​​​​​​​​​​

 

ចុច​អាន៖ Motorola ត្រូវ​អតិថិជន​ប្ដឹង​ទារ​ ៥​លាន​ដុល្លារ​ ព្រោះ​សេវាកម្ម​​មិន​ល្អ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BBC​​​​​​​