ម្ចាស់​ផ្ទះ​ស្វាយ​រៀង​ បរាជ័យ​ដំបូង​ក្រោម​ថ្វី​ជើងការពារ​ជាតិ​​ ៥-១

  • 2016-04-30 02:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ខក​ចិត្ត​ដោយបាន​​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល ៥-១ ​ក្នុង​ដី​ខ្លួន​ឯង ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​អម្បាញ់មិញ​នេះ។

 

ការ​ប្រកួត​​នៅ​តង់​ទី​១​ ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជ​ស្វាយរៀង​បាន​រក​គ្រាប់​បាល់​​នាំមុខ​ក្រសួង​ការពារ​ជាតិ​មុន​ដោយ​ខ្សែ​បម្រើ សំអឿន ពិដោរ នៅ​នាទី​ទី​១៤ ប៉ុន្តែ​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​មក​ពី​កូរ៉េ​ខាង​ជើង​ Myong Ho ស៊ុត​​ឲ្យ​ក្រុម​ទ័ព​តាម​ស្មើ​នៅ​នាទី​ទី​២៦។ ចប់​តង់​ទី​មួយក្រុម​ទាំង​ពីរ​បាន​ត្រឹម​​ស្មើ​គ្នា​១-១ ប៉ុន្តែ​ក្រុម​ម្ចាស់​បង្ហាញ​​ទម្រង់​លេង​ល្អ​ជាង។

 

សម្រាប់​ការ​ប្រកួត​តង់​ទី​ពីរបាន​តែ​ពីរ​នាទី​ប៉ុណ្ណោះ​ប្រធាន​ក្រុម ភួង សុខសាណា បាន​បំប៉ោង​សំណាញ់​ទី​របស់​ម្ចាស់​​ផ្ទះ​ដើម្បី​នាំ​មុខ​២-១ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន​ខក​ចិត្ត។ អ្វី​ដែល​កាន់​តែ​ខក​ចិត្ត​ខ្លាំង​នោះ​ ខ្សែ​ការពារ​របស់​ស្វាយរៀង ណុប តុលា បាន​បញ្ជូន​បាល់​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​ទី​៥៥​ដើម្បី​​បង្កើន​ទំនុក​ចិត្ត​ក្នុង​ការ​នាំ​មុខ​៣-១ សម្រាប់​ក្រសួង​ការពារ​ជាតិ។ ទោះ​ជា​នាំ​មុខ​​៣-១ ហើយ​ក៏​ដោយ ក៏​​ក្រុម​ភ្ញៀវ​​មិន​បន្ធួរបន្ថយ​ក្នុង​ការ​​វាយ​សម្រុក​ចូល​ឡើយ​ ​ដោយ​ ខ្សែ​ប្រយុទ្ធ​មក​ពី​កូរ៉េ​ខាង​ជើង Kyong Hun បាន​រក​គ្រាប់​បាល់​២គ្រាប់​ទៀត​នៅ​នាទី​៦៩ និង​៩០។ ក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​សម្រុក​ដែរ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​បន្ថែម​ទៀត។​ ​ចប់​ការ​ប្រកួត ក្រសួង​ការពារ​ជាតិ​ឈ្នះ​ព្រះ​ខ័នរាជ​ស្វាយរៀង ៥-១។ ​

 

លទ្ធផល​នេះ​ជា​បរាជ័យ​លើក​ដំបូង​សម្រាប់​​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​ បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៦​ដែល​ឈាន​ចូល​ដល់​សប្តាហ៍​ទី៦​ ខណៈ​ក្រសួង​ការពារ​បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​ជា​បណ្តោះអាសន្ន៕

 

អត្ថបទ៖ សុខ មុន្នីរម្យ​