P9 ចុងខែឧសភាមកដល់ទីផ្សារស្រុកខ្មែរ
- 2016-05-01 19:41:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
P9 ចុងខែឧសភាមកដល់ទីផ្សារស្រុកខ្មែរ
ចន្លោះមិនឃើញ
P9 នឹងមកដល់ទីផ្សារស្រុកខ្មែរនៅសប្ដាហ៍ទី ៣ ឬចុងខែឧសភានេះ បន្ទាប់ពីប្រកាសជាផ្លូវការនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស និងបានចេញលក់តាមបណ្តាប្រទេសមួយចំនួនជាបន្តបន្ទាប់រួចមក។
កាលពីម្សិលមិញ Huawei បានបង្ហាញទូរសព្ទ P9 ដល់បណ្តាអ្នកសារព័ត៌មានមកពីច្រើនស្ថាប័នដើម្បីស្វែងយល់និងធ្វើតេស្តសាកល្បងដោយផ្ទាល់ ដោយមានការចូលរួមពីកំពូលតារាចម្រៀងកញ្ញា មាស សុខសោភា។
លោក អែម យុទ្ធូ ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា P9 នៅមិនទាន់មានលក់ទេ។ ការបង្ហាញនៅពេលនេះគ្រាន់តែធ្វើឡើងដើម្បីឲ្យបណ្តាញសារព័ត៌មានបានធ្វើតេស្តសាកល្បង ខណៈដែលទូរសព្ទជំនាន់ថ្មីនេះអាចមកដល់ទីផ្សារកម្ពុជានាសប្ដាហ៍ទី ៣ ឬចុងខែឧសភាខាងមុខ។ ទោះបីមិនទាន់ចេញលក់ អតិថិជនអាចបញ្ជាទិញមុន ជាមួយចំនួនមានកំណត់។
ក្នុងឱកាសការដាក់បង្ហាញនោះ អ្នកសារព័ត៌មានមួយចំនួនបានធ្វើតេស្តលើបច្ចេកវិទ្យាកាមេរ៉ាដែលជាចំណុចខ្លាំងទូរសព្ទជំនាន់ថ្មីរបស់ Huawei នេះ។
P9 អាចថតរូបដំណើរការព្រមគ្នា ជាមួយកាមេរ៉ាក្រោយភ្លោះ។ ម្ខាងអាចចាប់ពណ៌ និងម្ខាងទៀតអាចចាប់ពណ៌សខ្មៅបង្កើតរូបភាពភ្លឺនិងដិតច្បាស់ល្អ។ រូបភាពនិងវីដេអូដែលថត ក៏អាចកែកុនបន្ថែមពីលើតែម្តង។
លោកអែម យុទ្ធូ ឲ្យដឹងថា P9 ចំណុចខ្លាំងលើបច្ចេកវិទ្យាកាមេរ៉ា ដោយមានការសហការពីក្រុមហ៊ុន Leica ជាក្រុមហ៊ុនដែលល្បីឈ្មោះខាងផលិតកាមេរ៉ា ដើម្បីនាំអ្វីជាតម្រូវការរបស់អ្នកចូលចិត្តថតរូបលើសពីស្មាតហ្វូនធម្មតា។
កញ្ញា មាស សុខសោភា ដែលជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Huawei ក៏បានសរសើរដល់ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាទូរសព្ទរបស់ Huawei ដែលតែងតែនាំការផ្លាស់ប្តូរថ្មីពីមួយជំនាន់ទៅមួយជំនាន់។ ដូច P9 បាននាំបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មីដែលមានការសហការពីក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំ ដែលអាចនាំការថតរូបដ៏ល្អឥតខ្ចោះ ជាមួយមុខងារប្រើប្រាស់ស្ទើរតែអាចប្រជែងកាមេរ៉ាធំៗបាន។
P9 ដែលគ្រោងចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាក្នុងពេលខាងមុខនេះមាន ៣ ពណ៌មាន ស ប្រាក់ និងប្រផេះហើយតម្លៃប្រហែល ៥០០ ដុល្លារ។
អត្ថបទ៖ ប៊ុណ្ណារ៉ា