ហ្គេម​មិន​ងាយ​ផលិត ​ត្រូវ​ការ​ធាតុផ្សំ​ ៤​ ទើប​ជោគជ័យ​

  • 2016-05-02 17:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផលិត​ហ្គេម​មួយ​ទទួល​បាន​ជោគជ័យ ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី (Developer)។ វា​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ធំៗ​ ៤ ​តាំង​ពី​ចាប់​ផ្តើម​ផលិត​រហូត​ដល់​បញ្ចប់។

 

 

ម៉ាលិះ ដែល​ជា​អ្នក​ឌីហ្សាញ​វ័យ​ក្មេង​នៅ​ក្រុម​ផលិត​ហ្គេម​លេចធ្លោក្នុង​ស្រុ​ក DirexPlay បញ្ជាក់​ថា សម្រាប់​ក្រុម​កញ្ញា​ត្រូវ​ប្រើ​ពេល​ដល់​ទៅ​កន្លះ​ឆ្នាំ​ដើម្បី​សម្រេច​ហ្គេម​មួយ។ ផ្នែក​សំខាន់ៗ​ទាមទារ​សម្រាប់​ការ​ផលិត​ហ្គេម​​មាន​ ការ​សរសេរ​កូដ ការ​រចនា​តួអង្គ (Character) និង ការ​រចនា Background ឬ Environment និង​ទីផ្សារ។

 

ចំពោះ​ផ្នែក សរសេរ​កូដ ម៉ាលិះ​ថា ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​គេ។ អ្នក​កាន់​តួនាទី​ផ្នែក​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ដំណើរការ​តាំង​ពី​ចាប់​ផ្តើម​ផលិត​ដំបូង​រហូត​ត​ទៅ។ ការ​សរសេរ​កូដ​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​​តួអង្គ​ឬ​ផ្នែក​ផ្សេងៗ​របស់​ហ្គេម​ដំណើរការ​តាម​ការ​ចង់​បាន​និង​រលូន កុំឲ្យ​​មាន​ការ​រំខាន (Error) ណាមួយ​កើត​ឡើង​ពេល​កំពុង​លេង​ហ្គេម។ ទោះ​បី​ពេល​ហ្គេម​ផលិត​ចប់ អ្នក​សរសេរ​កូដ​នៅ​តែ​មាន​តួនាទី​ត្រួត​ពិនិត្យ​ពី​ដំណើរការ​គ្រប់​ផ្នែក​នៃ​ហ្គេម​​​ឲ្យ​បាន​ញឹកញាប់ ដើម្បី​តាម​ដាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង។

 

សម្រាប់​ការ​រចនា​តួអង្គ​និង Background ត្រូវ​មាន​ការ​ស្រមើស្រមៃ​និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ដើម្បី​អាច​ផលិត​រូបភាព Background និង​តួអង្គ​ប្លែកៗ​និង​ទាក់ទាញ។ យ៉ាង​ណា ម៉ាលិះ​ថា សម្រាប់​កញ្ញា​ ដែល​មាន​តួនាទី​ផ្នែក​ឌីហ្សាញ ការ​រចនា Background រាង​លំបាក​បន្តិច ដោយ​ត្រូវ​ឌីហ្សាញ​យ៉ាង​ម៉េច​ឱ្យ​ស៊ី​គ្នា​តួអង្គ​ដែរ ទើប​ហ្គេម​ទាំង​មូល​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍។

 

ផ្នែក​ទីផ្សារ​ជា​ជំហាន​ចុង​ក្រោយ សម្រាប់​ក្រុម​​ម៉ាលិះ។ ហ្គេម​ដែល​ផលិត​រួច​រាល់ ត្រូវ​មាន​ការ​ផ្សព្វផ្សាយ​លើ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​ទទួល​ការ​គាំទ្រ​និង​ឈាន​ដល់​ការ​រក​ប្រាក់​ចំណូល​សម្រាប់​ក្រុម​ទាំង​មូល។

 

អ្នក​ឌីហ្សាញ​វ័យ​ក្មេង​រូប​នេះ​ថា កន្លង​មក​ក្រុម DirexPlay ផ្តោត​ខ្លាំង​លើ​ទីផ្សារ​ក្រៅ​ប្រទេស​ដែល​នាំ​ឲ្យ​​ការ​គាំទ្រ​ក្នុង​ស្រុក​ហាក់​នៅ​រាង​ខ្សោយ តែ​សម្រាប់​ហ្គេម​រាប់​តាំង​ពី Sok and Sao's Adventure និង​ហ្គេម​ក្រោយៗ ក្រុម​កញ្ញា​នឹង​ព្យាយាម​រចនា​យ៉ាងណា​ឲ្យ​ទាក់ទង​នឹង​អត្តសញ្ញាណ​ខ្មែរ៕

 

អត្ថបទ៖ ប៉ែត ផាន់និត