ស្នេហាក្លែងក្លាយ
- 2016-05-02 21:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាក្លែងក្លាយ
ចន្លោះមិនឃើញ
តាំងពីចូលរៀនបឋមសិក្សារហូតដល់វិទ្យាល័យខ្ញុំ គឺជាសិស្សរៀនគួរសមនឹងគេដែរ ហើយក៏សុភាពគ្រាន់បើផងតែពិបាកត្រង់មិនចេះស្រលាញ់ស្រី។
រហូតចូលរៀនដល់សាកលវិទ្យាល័យដំបូងក៏មិនទាន់ចេះមានស្នេហាទៀត តែកន្លងទៅបានប្រមាណជាងមួយខែស្រាប់តែលោកគ្រូបានចែកក្រុម Assignment ដែលក្នុងក្រុមយើងបានសរសេរលេខទូរស័ព្ទក្នុងក្រុមរួច Copy ចែកគ្នា។
នារីម្នាក់នៅក្នុងក្រុមរបស់ខ្ញុំដែលកាលដើមឡើយខ្ញុំមិនពេញចិត្តទេដោយសារ សក់នាងលាបពណ៌ទង់ដែង ហើយមុខស កខ្មៅទៀត នាងទូរសព្ទមកខ្ញុំនៅវេលាយប់បន្ទាប់ពីថ្ងៃនោះ ។ យើងបាននិយាយទូរសព្ទជាមួយគ្នាមួយយប់ទល់ភ្លឺ ។
ដោយសារពេលនោះខ្ញុំមិនសូវចេះនិយាយទូរសព្ទ ហើយមិនចេះនិយាយជាមួយស្រីទៀតនោះ ទើបនាងជាអ្នកនិយាយច្រើនជាងខ្ញុំ ។ នាងបាននិយាយរៀបរាប់ពីគ្រួសាររបស់នាង និងរឿងរ៉ាវផ្សេងទៀតជាច្រើន។ ត្បិតនាងមិនមែនជាអ្នកក្រសម្បត្តិ តែសុភមង្គលគ្រួសារនាងមិនសូវមានឡើយ ។
និយាយអស់ជាច្រើនម៉ោងស្រាប់តែនាងសួរខ្ញុំថា តើខ្ញុំស្រលាញ់នាងទេ? ដោយជាលើកដំបូងដែលមានគេស្រលាញ់ ហើយដោយសេចក្ដីអាណិតនាងផងនោះខ្ញុំក៏និយាយថា«ស្រលាញ់»។ ខ្ញុំក៏សួរសំនួរដូចគ្នាវិញហើយនាងក៏ឆ្លើយថាស្រលាញ់ខ្ញុំដែរ។
បន្ទាប់មកស្រាប់តែនាងសួរថា តើប្រកាន់នាងទេបើនាងធ្លាប់មានសង្សាររួចហើយ? ណ្ហើយតើអាចប្រកាន់បានយ៉ាងណាបើព្រួញស្នេហ៍បានដោតជាប់ក្នុងជម្រៅបេះដូងរួចទៅហើយនោះ? ខ្ញុំក៏និយាយថា «ទោះជាអតីតកាលយ៉ាងណាក៏ខ្ញុំមិនប្រកាន់ដែរ» ។
តាំងពីនោះមក នាងមានកាយវិការហាក់ស្និទ្ធស្នាលជាមួយខ្ញុំជាងសមាជិកក្រុមដទៃទៀត ហើយខំតុបតែងខ្លួនតាមអ្វីដែលខ្ញុំប្រាប់ គឺមានលក្ខណៈសុភាពជាងមុន។ នៅក្នុងក្រុមរបស់ខ្ញុំមានសមាជិកក្រុមម្នាក់មានចិត្តស្រលាញ់នាងខ្លាំងណាស់ តែនាងមិនរវល់នឹងគាត់ឡើយ ។
ក្នុងចិត្តរបស់ខ្ញុំគិតថាប្រហែលជាមកពីនាងមានតែខ្ញុំម្នាក់ហើយមើលទៅ។ ដោយខ្ញុំមិនមែនជាអ្នកមានហើយជាក្មេងវត្តផងនោះ ខ្ញុំមិនដែលបានដើរលេងជាមួយនាងឡើយ ហើយខ្ញុំគិតថានាងក៏មិនចង់ដើរលេងជាមួយខ្ញុំដែរព្រោះនាងរវល់កិច្ចការងារផ្ទះរបស់នាង។ តែយ៉ាងណាក៏ខ្ញុំអាចធ្វើជាទីប្រឹក្សានៅពេលដែលនាងមានទុក្ខកង្វល់ ដោយខ្ញុំមិនដែលគិតពីពេលវេលាផ្ទាល់ខ្លួនឡើយ ។
ទាំងកិច្ចការសាលា ឬការពឹងពាក់ផ្សេងទៀតក៏ខ្ញុំមិនដែលរួញរាដែរ ដោយប្រឹងប្រែងអស់លទ្ធភាពមិនគិតពីការងារផ្ទាល់ខ្លួនឡើយ។ ដោយខ្ញុំចេះគូរគំនូរ និងតែងកំណាព្យខ្លះដែរ ខ្ញុំតែងតែជូននាងជាញឹកញាប់ ទុកជាវត្ថុអនុស្សាវរីយ៍។
(រូបគំនូរមួយ ដែលរដ្ឋាធ្លាប់គូឱ្យនាង)
នាវេលាថ្ងៃមួយដែលពេលនោះគឺជិតដល់ថ្ងៃប្រលងបញ្ចប់ឆមាសផងនោះខ្ញុំបានរៀបចំឯកសារសម្រាប់ត្រៀមប្រលង ពេលនោះនាងបានទូរសព្ទមកខ្ញុំហើយសួរខ្ញុំតើមានឯកសារអ្វីមើលទេ ? ហេតុតែយើងបានស្រលាញ់គេ ខ្ញុំក៏សុខចិត្តប្រគល់ឯកសារនោះទៅឲ្យនាងដែលខ្ញុំមិនទាន់បានមើលឲ្យចាំផង។
នាងបានណាត់ឲ្យខ្ញុំជួបនាងនៅមុខសាកលវិទ្យាល័យ ។ ដោយការគោរពពេលវេលាខ្ញុំបានអង្គុយចាំនៅមុខសាលាតាំងពីកន្លះម៉ោងមុន។ ប្រមាណជាមួយម៉ោងទៅហើយនៅតែមិនឃើញ ស្រាប់តែនាងទូរសព្ទមកប្រាប់ថានាងជាប់រវល់ហើយនាងឲ្យបងជីដូនមួយរបស់នាងមកយកជំនួស។
មួយសន្ទុះបុរសម្នាក់នោះបានមកយកឯកសារទៅ ហើយនាវេលាយប់នាងបានទូរស័ព្ទមកអគុណខ្ញុំ ហើយនាងបានសួរពាក្យមួយថា «តើបងជីដូនមួយខ្ញុំស្អាតអត់?» ខ្ញុំឆ្លើយទាំងការងឿងឆ្ងល់ហេតុអីសួរចឹងតែខ្ញុំឆ្លើយតបថា«ស្អាតតើ» ។
ដោយការសង្ស័យខ្ញុំក៏បានស្វែងរកទំនាក់ទំនងរវាងបុរសម្នាក់នោះជាមួយនាង ។ ទាំងការសាកសួរមិត្តអ្នកធ្លាប់រៀនជាមួយនាង និង Facebook ខ្ញុំក៏បានដឹងពីទំនាក់ទំនងបុរសម្នាក់នោះជាមួយនាង។ ខ្ញុំពិតជាមានការក្ដុកក្ដួលក្នុងអារម្មណ៍ជាខ្លាំង ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះបុរសម្នាក់នោះមិនមែនជាបងជីដូនមួយនាងទេ តែជាសង្សាររបស់នាងដែលមិនទាន់បែកគ្នា។
តើខ្ញុំត្រូវធ្វើយ៉ាងណា បើកាលដើមឡើយស្នេហាដំបូងរបស់ខ្ញុំជាសំណល់ពីគេ? តែខ្ញុំមិនប្រកាន់ឡើយ ហើយទីបំផុតការស្រលាញ់របស់នាងជាការស្រលាញ់ក្លែងក្លាយទៀត។ ពេលនេះទោះខ្ញុំចង់យំក៏យំលែងចេញដែរ។
គិតទៅខ្ញុំខំប្រឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីគេ តែទីបំផុតគេយកស្នេហា ដើម្បីប្រើប្រាស់ខ្ញុំសោះ! តែណ្ហើយចុះខ្ញុំមានតែខំប្រឹងព្យាបាលរបួសដួងចិត្តខ្លួនឯង ដែលមានពេលវេលាជាឱសថ៕
រៀនពូកែតែចាញ់កលស្រី ចិត្តខំភក្ដីត្រូវស្រីបោកប្រើ!
អានអត្ថបទ៖ មនុស្សដែលខ្ញុំលួចស្រឡាញ់ អត្ថបទ៖ រដ្ឋា
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com
ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧ ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា...