Man Utd អាច​ស៊ី​ West Ham ​ឡើង​ Top 4 បាន​​អត់​យប់​នេះ?

  • 2016-05-10 23:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​​ នឹង​​ដំណើរ​ទៅ​កីឡដ្ឋាន​ Upton Park ​​​ប៉ះ​ក្រុម​ញញួរ​យក្ស​ West Ham ក្នុង​ការ​ប្រកួត​ Premier League ​បង្គ្រប់​សប្ដាហ៍​ទី​៣៧​ ​នៅ​​វេលា​​ម៉ោង​០១:៤៥​នាទី​យប់​នេះ។

 

 

Man Utd ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ ដើម្បី​យក​តំណែង​លេខ​៤ ពី​ក្រុម​ Manchester City នៅ​យប់​នេះ ​និង​ដើម្បី​បាន​លេង​ UEFA Champions League រដូវ​កាល​ក្រោយ ប៉ុន្តែ​​ West Ham ក៏​ត្រូវ​ការ​៣​ពិន្ទុ​ដូច​គ្នា​​ ដើម្បី​សង្ឃឹម​បាន​កៅអី​​លេង​ UEFA Europa League និង​ដើម្បី​ពិធី​​លា​កីឡដ្ឋាន​ ​Upton Park ឬ Boleyn Ground ​រយៈពេល​១១២​ឆ្នាំ​ផង​ដែរ មុន​ពេល​ពួកគេ​ចាក​ចេញ​​ទៅ​កីឡដ្ឋាន​ថ្មី Olympic Stadium នៅ​រដូវ​កាល​ក្រោយ។

 

សម្ដី​អ្នកចាត់ការ៖

 លោក Slaven Bilic

 

Slaven Bilic អ្នកចាត់ការ​ក្រុម​ West Ham៖ "វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ ដោយសារ​មាន​ហេតុផល​ពីរ​បី​យ៉ាង។ ហេតុ​ផល​ទី​១ គឺ​វា​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​យើង​នៅ​ Upton Park ​ហើយ​​​វា​​​ពិត​ជា​ការ​ប្រកួត​ដ៏​ពិសេស ទាំង​អារម្មណ៍​ក្ដុកក្ដួល ព្រោះ​ទី​នេះ​​ប្រៀប​ដូច​ជា​ផ្ទះ​របស់​យើង...​យើង​នឹង​នឹក​កីឡដ្ឋាន​នេះ។ មួយ​វិញ​ទៀត​ វា​ក៏​ជា​ការ​ប្រកួត​ ដើម្បី​រក​ពិន្ទុ​ដ៏​សំខាន់​ទាំង​ក្រុម​យើង និង​ Man Utd ផង​ដែរ”។

 

 លោក Louis van Gaal

 

Louis van Gaal អ្នកចាត់ការ​ក្រុម​ Man Utd៖ "យើង​ត្រូវ​តែ​ឈ្នះ​ប្រកួត​នេះ ព្រោះ​បើ​ពុំ​នោះ​ទេ យើង​គ្មាន​ឱកាស​បាន​ Top 4 ឡើយ។ នោះ​ជា​សម្ពាធ​មួយ​ សម្រាប់​ពួក​យើង ប៉ុន្តែ​យើង​នឹង​ប្រយុទ្ធ​ដល់​ទី​បំផុត។ West Ham ជា​ក្រុម​ល្អ ហើយ​យើង​​ពិត​ជា​សំណាង​ណាស់ ដែល​អាច​ឈ្នះ​ពួកគេ​​នៅ​ FA Cup”។

 

​ជើង​កីឡាករ៖

 

ម្ចាស់​ផ្ទះ​ West Ham គ្មាន​កីឡាករ​​ណា​របួស​ថ្មី​គួរ​ឲ្យ​បារម្ភ​ទេ ពោល​គឺ​អវត្តមាន​តែ​អ្នកចាំទី​ដៃ​ទី​១ Adrian ​ប៉ុណ្ណោះ​ ដោយសារ​របួស​កំភួន​ជើង ប៉ុន្តែ​​អ្នកចាំទី​ដៃ​ទី​២ Darren Randolph ​នឹង​រ៉ាប់រង​តំណែង​នេះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ញញួរ​យក្ស​ អាច​ជា៖ Randolph; Antonio, Reid, Ogbonna, Cresswell; Kouyate, Noble, Sakho, Lanzini, Payet; Andy Carroll។

 

 

រីឯ​ក្រុម​ភ្ញៀវ​ Man Utd ​​នឹង​អវត្តមាន​ខ្សែ​ការពារ​​ Matteo Darmian (របួស​ក​ជើង) និង​ខ្សែ​បម្រើ​ Marouane Fellaini (ជាប់​ពិន័យ) ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Anthony Martial ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ដោយសារ​បញ្ហា​របួស​​សរសៃពួរ កាល​​ឈ្នះ​ Norwich។ ដូច្នេះ​១១​នាក់​ដំបូង របស់​បិសាច​ក្រហម អាច​ជា៖ De Gea; Valencia, Smalling, Blind, Rojo; Schneiderlin, Carrick, Lingard, Rooney, Mata និង​ Rashford។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

 

  • ១៤​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ក្រុម​បិសាច​ក្រហម មិន​ដែល​ចាញ់​ West Ham ទេ (ឈ្នះ​១១, ស្មើ​៣)។

  • ប៉ះ​គ្នា​លើក​ចុង​ក្រោយ​នៅ​ Premier League រដូវ​កាល​នេះ​កាល​នៅ​ Old Trafford ស្មើ​គ្នា ០-០ ប៉ុន្តែ​ជំនួប​ចុង​ក្រោយ​នៅ​ FA Cup ​​​កាល​ខែ​មុន​ បិសាច​ក្រហម​ឈ្នះ​ ២-១។

  • West Ham មិន​អាច​រក​គ្រាប់​បាន​សោះ​ ចំនួន​​៨​ប្រកួត ​ពេល​ប៉ះ​ Man Utd ១៣​ដង​នៅ​ Premier League លើក​ចុង​ក្រោយ។

  • Wayne Rooney ​របស់​ Man Utd ស៊ុត​ West Ham​ ១១​គ្រាប់ ក្នុង​១៥​ប្រកួត​នៅ​ Premier League​ លើក​ចុង​ក្រោយ៕

 

ព្យាករ​គូ​នេះ​គឺ៖ West Ham ១-២ Manchester United , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc