ភាពខុសគ្នារវាងមនុស្សប្រុស និង មនុស្សស្រី លើទស្សនៈស្នេហា
- 2016-05-14 17:13:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នារវាងមនុស្សប្រុស និង មនុស្សស្រី លើទស្សនៈស្នេហា
ចន្លោះមិនឃើញ
ក្រុមយុវវ័យបានលើកឡើងថា មនុស្សប្រុសផ្ដើមសេចក្ដីស្នេហាតាមចិត្តចង់ តែមនុស្សស្រីស្រឡាញ់មនុស្សប្រុសមិនមែនតាមចិត្តចង់នោះទេ គេគិតថា គេស្រឡាញ់ទើបគេស្រឡាញ់។
យុវជន ហ៊ុន សេរ័ត្ន និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច បានបញ្ចេញយោបល់ថា "ខ្ញុំទទួលស្គាល់ថា មនុស្សប្រុសស្រឡាញ់មនុស្សស្រី គឺតាមចិត្តចង់"។
យុវជនរូបនេះ បានលើកឡើងទៀតថា ជួនកាលមនុស្សឃើញភ្លាមស្រឡាញ់ភ្លែតក៏មាន ដោយមិនបានពិចារណាអ្វីទាំងអស់ ឲ្យតែឃើញស្អាត គឺស្រឡាញ់ហើយ។
ចំពោះការស្រឡាញ់របស់មនុស្សស្រីវិញ កញ្ញា លីណា បុគ្គលិកក្រុមហ៊ុនមួយបានបញ្ចេញយោបល់ថា "មនុស្សស្រីមិនចេះតែស្រឡាញ់នោះទេ ខ្ញុំជឿថា ស្រីៗគ្រប់រូបតែងតោងគិតដល់មនុស្សប្រុសណាម្នាក់ដែលជាទីពឹងទៅអនាគតបាន មិនមែនមើលសម្រាប់តែថ្ងៃនេះនោះទេ"។
លីណា និយាយបន្ដថា មនុស្សប្រុសស្រឡាញ់ដោយមើលពីបច្ចុប្បន្នភាពរបស់មនុស្សស្រី តែមនុស្សស្រីវិញ តែងមើលពីអនាគតរបស់មនុស្សប្រុស។
ដូច្នេះ ប្រសិនបើមនុស្សប្រុសចង់តាមស្រឡាញ់មនុស្សស្រីឲ្យបានជោគជ័យ គឺមនុស្សប្រុសនោះត្រូវធ្វើខ្លួនយ៉ាងណាឲ្យមនុស្សស្រីជឿជាក់ថា ខ្លួនអាចផ្ដល់សុភមង្គលពិតប្រាកដដល់មនុស្សស្រី។ ទន្ទឹមនឹងនេះ ការបង្ហាញពីភាពរឹងមាំ ស្មោះត្រង់ និង សេដ្ឋកិច្ចសមល្មមនោះ គឺមនុស្សស្រីអាចនឹងពិចារណាជាគូអនាគតហើយ។
ចំពោះមនុស្សស្រីវិញ ត្រូវបង្ហាញអំពីអត្តចរិតសមរម្យ ភាពស្មោះត្រង់ ចេះលៃលក និង ភាពជាមេផ្ទះដ៏ល្អ ព្រមទាំងការរៀបចំតុបតែងខ្លួនឲ្យសមរម្យចូលចំណោមគេ គឺប្រាកដណាស់មនុស្សប្រុសនឹងអាចងាកមកគិតគូរជាអនាគតពិតប្រាកដ មិនមែនជាមនោសញ្ចេតនា លេងសើច។
ចុះប្រិយមិត្តវិញ មានយោបល់ដូចម្ដេចដែរ ជុំវិញបញ្ហានេះ?
អត្ថបទ៖ វិបុត្រ