GMAC ព្រមាន​ពី​កំណើន​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់​ដេរ ខណៈ​ផលិត​ភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ ការ​ចំណាយ​កើន​ឡើង

  • 2016-05-25 17:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​ក្នុង​វិស័យ​កាត់​ដេរ​របស់​កម្ពុជា គួបផ្សំ​នឹង​ការ​ចំណាយ​ដែល​ចេះ​តែ​បន្ត​កើន​ឡើង អាច​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​ប្រៀប​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផលិត​សម្លៀក​បំពាក់​ផ្សេង​ទៀត ដូចជា វៀតណាម បង់ក្លាដែស និង​មីយ៉ាន់ម៉ា​ ជាដើម។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ។

 

នៅ​ចន្លោះ​ពី​ឆ្នាំ ២០១១ ដល់​ដំណាច់​ឆ្នាំ​២០១៤ ផលិតភាព​ការងារ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង បាន​ធ្លាក់​ចុះ​ប្រមាណ ១៤%។ នេះ​បើ​ផ្អែក​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​កាល​ពី​ខែ​មីនា ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា ILO ។

 

ព្រឹត្តិបត្រ​ព័ត៌មាន​នោះ​បាន​សរសេរ​ថា​៖ "ផលិតភាព​ការងារ​ហាក់​ធ្លាក់​ចុះ... ដោយសារ​ចំនួន​ការងារ​កើន​លើស​ពី​កំណើន​ផលិត​ភាព"។

 

ឧស្សាហកម្ម​កាត់​ដេរ គឺ​ជា​វិស័យ​សំខាន់​ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​បច្ចុប្បន្ន​កំពុង​ផ្ដល់​ការងារ​ដល់​ប្រជាជន​ប្រមាណ ៧០ ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី។

 

 

GMAC បាន​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​នូវ​ផលិតភាព​នេះ ប្រហែល​ជា​ត្រូវ​បន្ត​រហូត​ដល់​ឆ្នាំ​២០១៦ ត​ទៅ​ទៀត ហើយ​ស្នើ​សុំ​ដល់​កម្មករ សហជីព ព្រម​ទាំង​រដ្ឋាភិបាល ផ្ដោត​លើ​ការ​បង្កើន​ផលិតភាព​របស់​វិស័យ​នេះ ពីព្រោះ​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ចេះ​តែ​កើន​ឡើង។

 

អគ្គលេខាធិការ​របស់ GMAC លោក ខេន លូ បាន​មាន​ប្រសាសន៍​ថា៖ "ទាំងអស់​គ្នា​ត្រូវ​ជួយ​ចូល​រួម​ចំណែក​ធ្វើ​យ៉ាង​ណា​ថែរក្សា​ឧស្សាហកម្ម​របស់​យើង​ឲ្យ​មាន​សមត្ថភាព​ឈរ​ជើង​ក្នុង​បរិយាកាស​ប្រកួត​ប្រជែង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​លើ​ទីផ្សារ​ពិភពលោក។ ក្នុង​នាម​ជា​និយោជក​ យើង​បាន​ប្រឹង​ប្រែង​រួម​ចំណែក​ដោយ​បាន​វិនិយោគ​លើ​ការ​កសាង​សមត្ថភាព​ជំនាញ​ដល់​កម្មករ-កម្មការិនី"។

 

ទន្ទឹម​នឹង​នេះ GMAC ថែម​ទាំង​បាន​ពិភាក្សា​ជាមួយ​នឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លើ​ការ​ធ្វើ​យុទ្ធនាការ​ជំរុញ​ផលិត​ភាព​ការងារ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ផ្នែក​សំខាន់​នៃ​យុទ្ធនាការ​នោះ គឺ (១) កម្មវិធី​​ផ្ដោតលើ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ផលិតភាព​ការងារ​នៅ​ថ្នាក់​ជាតិ នៅ​កម្រិត​ឧស្សាហកម្ម និង​នៅតាម​បណ្ដា​រោងចក្រ។ (២) គឺ​ការ​ផ្ដល់​ប្រឹក្សា​យោបល់​ជាក់ស្ដែង ដើម្បី​ប្រែ​ចំណេះដឹង​ឲ្យ​ទៅ​ជា​សកម្មភាព​ជាក់​លាក់​ដើម្បី​លើក​កម្ពស់​ផលិតភាព​ការងារ។ យុទ្ធនាការ​នេះ តម្រូវ​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី GMAC រដ្ឋាភិបាល ថ្នាក់​គ្រប់គ្រង​រោង​ចក្រ អ្នក​បញ្ជា​ទិញ សហជីព ILO និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

 

លោក ខេន លូ បាន​ថ្លែងថា​៖ "កូដកម្ម​ខុស​នីតិវិធី ទំនាក់ទំនង​វិជ្ជាជីវៈ​ការងារ​មិន​សូវ​ល្អ និង​បញ្ហា​ផ្សេងៗ​ទៀត​ បាន​កំពុង​តែ​បង្អាក់​ដល់​កិច្ច​​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព​ការងារ​ក្នុង​វិស័យ​នេះ​។ ដូច្នេះ យើង​សំណូមពរ​ឲ្យ​គ្រប់ភាគី មាន​ការ​ពិចារណា​ឲ្យ​បាន​ច្រើន និង​ផ្ដល់​អាទិភាព​លើ​ការងារ​នានា​ដែល​អាច​លើក​កម្ពស់​ឧស្សាហកម្ម​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត"។

 

 

លោក ខេន លូ បាន​បន្ត​ទៀត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ឧស្សាហកម្ម​កាត់​ដេរ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​ដែល​ចេះ​តែ​បន្ត​កើន​ឡើង ដូចជា ការ​ចំណាយ​លើ​អគ្គិសនី និង​ការ​ដឹក​ជញ្ជូន ជាដើម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​រោងចក្រ​នានា ងាក​ទៅ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ផ្សេង​ទៀត។

 

លោក ខេន លូ បាន​ឲ្យ​ដឹង​ថា​៖ "GMAC ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​ដែល​បាន​សម្រួល​ដល់​ដំណើរ​ការ​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់។ ទោះ​ជា​យ៉ាង​ណា យើង​ត្រូវ​ការ​ឲ្យ​មាន​ការ​កាត់​បន្ថយ​បន្ថែម​ទៀត​ចំពោះ​តម្លៃ​ឯកសារ ជាពិសេស​គឺ​តម្លៃ​ក្រៅ​ផ្លូវការ"។

 

លោក​ថា បច្ចុប្បន្ន GMAC កំពុង​តែ​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​កាត់​ដេរ​នេះ ដោយ​បាន ​និង​កំពុង​សាង​សង់​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI) នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

ការ​សាងសង់​វិទ្យាស្ថាន​នេះ​បាន​សម្រេច​ប្រហែល​ជា ៧០% ហើយ​វិទ្យាស្ថាន​នេះ នឹង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​កម្មករ​និយោជិត​ក្នុង​ស្រុក ដើម្បី​បំពេញ​មុខ​តំណែង​គ្រប់​គ្រង​ថ្នាក់​កណ្ដាល​នៅ​តាម​បណ្ដា​រោងចក្រ​កាត់​ដេរ​នានា​ទូទាំង​ប្រទេស។

 

លោក ខេន លូ បាន​ថ្លែង​ថា​៖ "ជាមួយ​នឹង​វិទ្យាស្ថាន​ថ្មី​នេះ យើង​សង្ឃឹម​ថា នឹង​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​ការងារ តាម​រយៈ​ការ​ផ្ដល់​នូវ​ការ​អប់រំ​ដល់​កម្មករ-និយោជិត ដែល​នាំឲ្យ​ពួកគាត់​មាន​ការ​ងារ​កាន់​តែ​ប្រសើរ"៕

 

 

អត្ថបទ៖ ពាណិជ្ជកម្ម