Alves៖ ទោះ​ Real ឈ្នះ​ UCL ក៏​ Barca នៅ​តែ​ជា​​ក្រុម​ខ្លាំង​បំផុត​លើ​លោក

  • 2016-05-25 21:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves ​ខ្សែ​ការពារ​ស្ដាំ​ក្រុម​ FC Barcelona បាន​​​និយាយ​ថា ខ្លួន​ចង់​ឲ្យ​ក្រុម​ Atletico Madrid ឈ្នះ​ Real Madrid នៅ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ប៉ុន្តែ​ទោះ​លទ្ធផល​ក្រុម​ស្ដេច​ស អាច​លើក​ពាន​ ក៏​ក្រុម​ Barca នៅ​តែ​ជា​ក្រុម​ខ្លាំង​បំផុត​លើ​លោក​ដដែល។

 

Dani Alves ខ្សែការពារស្តាំក្រុម FC Barcelona

 

កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល វ័យ​៣៣​ឆ្នាំ​រូប​នេះ ប្រាប់​ដល់​ AS ថា៖ "ផ្ដាច់ព្រ័ត្រ​ UEFA Champions League រវាង​ក្រុម​ Real Madrid ទល់​នឹង​ Atletico Madrid...Real ហាក់​​មាន​ប្រៀប​ជាង ប៉ុន្តែ​​ដៃ​គូ​របស់​គេ​ Atletico ក៏​មិន​ធម្មតា​ដែរ។ ខ្ញុំ​គិត​ថា វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​​អស្ចារ្យ ប៉ុន្តែ​ទោះ​លទ្ធផល​យ៉ាង​ណា ក៏​ការ​ពិត​មិន​អាច​ផ្លាស់ប្ដូរ​បាន​ឡើយ​​គឺ ក្រុម​ Barcelona នៅ​តែ​ជា​ក្រុម​ខ្លាំង​បំផុត​លើ​​ពិភពលោក ព្រោះ​យើង​ធ្លាប់​ទទួល​បាន​​ជោគជ័យ​ខ្លាំង​ ដែល​គ្មាន​ក្រុម​ណា​មួយ​អាច​ធ្វើ​បាន”។

 

 

“ខ្ញុំ​ចង់​ឲ្យ​ Atletico ឈ្នះ ប៉ុន្តែ​មិន​មែន​គ្រាន់​តែ​ចង់​ឃើញ​ Real ចាញ់​ទេ។ ប្រាកដ​ណាស់​ថា ខ្ញុំ​ចូល​ចិត្ត​ ពេល​ឃើញ​ Real ចាញ់ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​ Atletico លើក​ពាន​ ព្រោះ​ពួកគេ​បាន​ខិតខំ​ប្រឹង​ប្រែង​ណាស់។ ពួកគេ​សម​តែ​ទទួល​បាន​ពាន។ ឈ្នះ​ពាន​ UEFA Champions League អាច​ជា​រង្វាន់​​ដ៏​ស័ក្ដិសម​មួយ​សម្រាប់​ពួកគេ ដែល​ខិត​ខំ​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ”។ អតីត​កីឡាករ​ក្រុម​ Sevilla រូប​នេះ​ បន្ថែម។

 

 

Alves ​លេង​ឲ្យ​ក្រុម​ Barcelona ៨​រដូវ​កាល​ហើយ តាំង​ពី​ឆ្នាំ​​២០០៨​មក និង​បាន​​ឈ្នះ​ពាន​សរុប​២៣​ពាន​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ក្នុង​នោះ​រួម​មាន​ពាន​ធំៗ UEFA Champions League ៣​ដង និង​ La Liga ​៦​ដង​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ AS