ជោគជ័យ​លើ​វិស័យ​បច្ចេកវិទ្យា ទោះ​គ្មាន​សញ្ញាប័ត្រ​​ពី​សាលា

  • 2016-05-31 17:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អំណត់​និង​ព្យាយាម អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន។ ទោះ​ពុំ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ពី​សាលា​ដូច​គេ តែ​​ដោយ​ការ​ប្រឹងប្រែង​និង​តស៊ូ ទើប​ធ្វើ​ឲ្យ​បុគ្គល​ប៉ុន្មាន​នាក់​ខាង​ក្រោម ជោគជ័យ​លើ​អាជីព​របស់​ខ្លួន។

 

១. រឿន ម៉ាលិះ អ្នក​ឌីហ្សាញ​ហ្គេម​ក្នុង​ក្រុម DirexPlay រឿន ម៉ាលិះ តស៊ូ​រៀន​ជំនាញ Design នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​រយៈ​ពេល ៣ ឆ្នាំ​រហូត​ក្លាយ​ជា​អ្នក Design មួយ​រូប​ក្នុង​ក្រុម​បង្កើត​ហ្គេម​លេចធ្លោ​ក្នុង​ស្រុក DirexPlay។

 

 

ក្រោយ​សម្រេច​ចិត្ត​រៀន​ជំនាញ Design បន្ថែម​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ យុវតី​រូប​នេះ​និយាយ​ថា ការ​សិក្សា​ផ្នែក Design ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ពិត​ជា​លំបាក​ព្រោះ​គ្មាន​គ្រូ​ជួយ​ពន្យល់​ពេល​ឆ្ងល់​អ្វី​មួយ។ ជំនាញ​នេះ​ត្រូវ​ការ​អនុវត្ត​និង​មាន​ចំណុច​បច្ចេកទេស​ច្រើន ដូច្នេះ​វា​លំបាក​សម្រាប់​ការ​រៀន​ខ្លួន​ឯង​នៅ​ផ្ទះ។

 

មក​ទល់​ពេល​នេះ ហ្គេម​ល្បីៗ​ដែល​ម៉ាលិះ​ធ្លាប់​បាន​ឌីហ្សាញ​មាន Hungry Ob Ob, Sok and Sao’s Adventure, Chasing Zombie និង Wrath of Fighters។

 

២. ភួយ លី​ហេង ស្ថាបនិក​ក្តារ​ចុច Khmerism ភួយ លី​ហេង ជា​វិស្វករ​មេកានិច ​បាន​ស្រាវជ្រាវ​​បង្កើត​​បាន​​​ក្ដារចុច​ថ្មី​​​មួយ ទាំង​ខ្លួន​​មិន​​​​ដែល​បាន​​រៀន​ជំនាញ IT ពី​សាលា​ទាល់​តែ​សោះ។ ដោយ​សារ​កាល​រៀន​​ Master នៅ​ថៃ លីហេង ឃើញ​ការ​វាយ​អក្សរ​ថៃ​លឿន​ជាង​ភាសា​ខ្មែរ ទើប​លោក​ព្យាយាម​ស្រាវជ្រាវ​បង្កើត​ពុម្ព​ក្តារ​ចុច​លក្ខណៈ​ខ្មែរ Khmerism ម្នាក់​ឯង​ពេល​ទំនេរ​ពីរ​ខែ​​ក្រោយ​ចប់ Project នៅ​​ថៃ។ ក្រោយ​ត្រឡប់​មក​ស្រុក​ខ្មែរ ទើប​មាន​ជំនួយ​ខ្លះៗ​ពី​ក្រុម​លោក ដាញ់ ហុង។

 

ការ​បង្កើត​បាន​ក្តារចុច​​នេះ ​​ក៏​មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​រួម​​ស្ថាបនិក​ខ្មែរ​យូនីកូដ​ផង​ដែរ។

 

 

 

៣. ថៅកែ​យានដ្ឋាន​តុបតែង​រថយន្ត VKH

 

ដោយ​មាន​ចំណូល​ចិត្ត​ច្នៃ​និង​តុប​តែង​គ្រឿង​យន្ត​តាំង​ពី​ក្មេង លោក វង្ស គីម ហួត បាន​ក្លាយ​ទៅ​ជា​ថៅកែ​ហ្ការ៉ាស់កែច្នៃ​​ឡាន​ទំនើប​​ល្បី​ឈ្មោះ VKH Motor Sport នៅ​ភ្នំពេញ។

 

 

ដោយ​សារ​មាន​ដុង​ពី​កំណើត​ផ្នែក​បច្ចេកទេស​គ្រឿង​យន្ត​និង​ឧស្សាហ៍​ចេញ​ចូល​ក្រៅ​ប្រទេស​ជាមួយ​ឪពុក​ទៅ​ទិញ​គ្រឿង​បន្លាស់ ទើប​បំផុស​ទឹក​ចិត្ត​បុរស​រូប​នេះ​បើក​ហ្ការ៉ាស​ឡាន VKH ដើម្បី​ផ្តល់​សេវាកម្ម​ថែ​ទាំ​ តុបតែង​និង​ជួសជុល​យានយន្ត​គ្រប់​ប្រភេទ។

 

៤. ជៀប គន្ធា អ្នក​បង្កើត App លើ​ទូរសព្ទ Android ជៀប គន្ធា បាន​ស្រាវជ្រាវ​បង្កើត App លើ​ទូរសព្ទ Android ​តាម​ក្តី​​ស្រមៃ​បាន​សម្រេច​ទាំង​​​ខ្លួន​មិន​ដែល​រៀន​ជំនាញ IT ពី​សាលា​ទាល់​តែ​សោះ។ គ្រាន់​តែ​មើល​តាម​ការ​ណែនាំ​ពី​ YouTube និង​វេបសាយ​ផ្សេងៗ​ យុវជន​វ័យ​ក្មេង​រូប​នេះ​អាច​បង្កើត​ App សិក្សា​ជា​ច្រើន​​ដែល​អាច​ប្រើ​​ជា​ជំនួយ​សម្រាប់​សិស្ស​សិក្សា​នៅ​កម្រិត​វិទ្យាល័យ។

 

 

វា​ពិត​ជា​លំបាក​ក្នុង​ការ​សម្រេច​ក្តី​សុបិន ​សម្រាប់​អ្នក​ដែល​គ្មាន​ជំនាញ​បច្ចេកទេស​មូលដ្ឋាន​បណ្ដុះបណ្ដាល​ពី​សាលា តែ​ដោយ​សារ​ការ​ស្រឡាញ់​ចូលចិត្ត ហើយ​តស៊ូ​ ស្រាវជ្រាវ ទើប​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​លើ​អាជីព​របស់​ខ្លួន៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម