៦​​​ចំណុច​នេះ​មិន​គួរ​កើត​មាន​ពេល​កម្ពុជា​ប្រកួត​អន្តរជាតិ​

  • 2016-06-07 15:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ជម្រើស​ជាតិ​ និង​ក្រុម​​មក​ពី​ប្រទេស​ផ្សេង​ៗ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ចូល​ទស្សនា។ មនុស្ស​ច្រើន​ចូល​ទស្សនា​ជៀស​មិន​ផុត​ពី​មាន​បញ្ហា​លំបាក​សម្រាប់​ការ​គ្រប់​គ្រង​​ឡើយ។ ទោះ​យ៉ាង​ណា អ្នក​គ្រប់​គ្នា​ត្រូវ​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​ធ្វើ​បាន។ ​

 

 

១- សំបុត្រ​កង់-ម៉ូតូ ឡើង​ថ្លៃ​ តាម​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​​ថា​ តម្លៃ​ផ្ញើ​កង់-ម៉ូតូ​​មិន​ឡើង​ថ្លៃ​ទេ​ ប៉ុន្តែ​ជាក់​ស្តែង​ដល់​​ថ្ងៃ​ប្រកួត​ តម្លៃ​ម៉ូតូ​-កង់​ឡើង​មួយ​ជា​៥​ក៏​មាន។ តម្លៃ​ផ្ញើ​ធម្មតា​ នៅ​ពហុកីឡដ្ឋាន​ជាតិ​តម្លៃ​ផ្ញើ​កង់-ម៉ូតូ​​៥០០​រៀល​ និង​១០០០​រៀល។ ទោះ​យ៉ាង​ណា ដល់​ថ្ងៃ​ប្រកួត​អន្តរជាតិ​សំខាន់​ៗ​មាន​​អ្នក​ឆ្លៀត​ឱកាស​ជា​ច្រើន​នៅ​ជុំ​វិញ​ពហុកីឡដ្ឋាន​ជាតិ​បាន​បើក​កន្លែង​ផ្ញើ​កង់-ម៉ូតូដោយ​តម្លៃ​៤០០០​រៀល​ក៏​មាន និង​៥០០០​រៀល​ក៏​មាន។

 

២- ​ផ្លោះ​របង​ចូល​ទី​លាន​ប្រកួត​ សកម្មភាព​ផ្លោះ​របង​ចូល​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​បាន​កើត​មាន​ឡើង​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ទីម័រខាង​កើត​កាល​ពី​​យប់​ថ្ងៃ​អាទិត្យ​ ទី​២៩​ ខែ​ឧសភា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។ ការ​ផ្លោះ​របង​​បែប​នេះ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​កម្ពុជា​​ក្នុង​វិស័យ​កីឡា​​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេង​ៗ។ វា​​មិន​សំខាន់​លើ​របង​ដែក​ស្រួច​ ឬ​សន្តិសុខ​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​វា​សំខាន់​លើ​វិន័យ​ និង​សីលធម៌​របស់​បុគ្គល​ម្នាក់​ៗ​ដែល​​ត្រូវ​ប្រកាន់​ភ្ជាប់​ខ្ជួន។ ចំណុច​នេះ​​កើត​ឡើង​​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​ប៉ុណ្ណោះ​ ខណៈ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​បាន​ប្រព្រឹត្ត​ល្អ​គួរ​ឲ្យ​គោរព​ហើយ។​ ​

 

៣- ការ​គប់​ដប​ទឹក ​ដោយ​សារ​កម្លាំង​ចិត្ត​គាំទ្រ​ និង​ស្រលាញ់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ អ្នក​គាំទ្រ​មួយ​ចំនួន​អាច​ទប់​អារម្មណ៍​មិន​​បាន​ ហើយ​មាន​សកម្មភាព​មិន​សម​រម្យ​កើត​មាន​ឡើង​ដូច​ជា​ការ​គប់​ដប​ទឹក​សុទ្ធ​ទៅ​លើ​កីឡាករ​ជា​ដើម។ ប្រការ​នេះ​អ្នក​គាំទ្រ​គួរ​ជៀស​វាង​ដាច់​ខាត​ ពី​ព្រោះ​​ប្រសិន​បើ​កើត​មាន​ឡើង វា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​អាច​ដាក់​ពិន័យ​លើ​​កម្ពុជា​​ពាក់​ព័ន្ធ​នឹង​បាល់ទាត់​ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា ​អ្នក​គាំទ្រ​កម្ពុជា​តាំង​ពី​ដើម​រហូត​ដល់​ពេល​នេះ​មិន​ធ្លាប់​ប្រព្រឹត្ត​សកម្មភាព​​អសកម្ម​ម្តង​ណា​ឡើយ។ «យើង​នាំ​គ្នា​រក្សា​ភាព​ថ្លៃ​ថ្នូរ​ដើម្បី​​កេរ្តិ៍​ឈ្មោះ​​កីឡា​យើង ប្រទេស​ជាតិ​យើង»។​

 

៤- ចោម​សំរាម​​នៅ​ទី​លាន​ រាល់​ពេល​មាន​ការ​ប្រកួត​ ច្បាស់​ណាស់​មាន​មនុស្ស​ច្រើន​ និង​មាន​សំរាម​ធ្លាក់​លើ​ដី​ជាក់​ជា​មិន​ខាន​ដែល​ជៀស​ផុត​នោះ​ទេ​ ពី​ព្រោះ​ពេល​មនុស្ស​ច្រើន​ស្ទើរ​តែ​ដើរ​ទៅ​រក​​ធុង​សំរាម​មិន​បាន​ផង។ ទោះ​យ៉ាង​ណា​ អ្នក​គាំទ្រ​មិន​គួរ​បោះ​ចោល​​​ទៅ​លើ​​ដី​នោះ​ទេ​ អ្នក​គាំទ្រ​ដាក់​ក្នុង​ថង​ប្លាស្ទិក​​​ដើម្បី​យក​ទៅ​ក្នុង​ធុង​សំរាម​ បន្ទាប់​ពី​ប្រកួត​ចប់។ អ្វី​ដែល​ពិសេស​ម្រាប់អ្នក​គាំទ្រ​នោះ គឺ​នាំ​គ្នា​ប្រមូល​សម្រាម​ បន្ទាប់​ពី​ការ​ប្រកួត​ចប់​​។

អ្នក​គាំទ្រ​កម្ពុជា​នាំ​គ្នា​រើស​សំរាម

 

៥- ​អ្នក​គាំទ្រ​អង្គុយ​ដោយ​គ្មាន​ផ្លូវ​ដើរ សុវត្ថិ​ភាព​​ជា​បញ្ហា​ចម្បង​ដែល​អ្នក​រៀប​ចំ និង​អ្នក​គាំទ្រ​ត្រូវ​តែ​គិត​លើ​បញ្ហា​នេះ។ ការ​ប្រកួត​រវាង​កម្ពុជា​និង​ទីម័រខាង​កើត​កន្លង​ទៅ​នេះ​ អ្នក​ទស្សនា​​ទាំង​នៅ​តំបន់​ A និង​តំបន់​ B បាន​អង្គុយ​លើ​ផ្លូវ​ដើរ​ចុះ​ឡើង​ដែល​ធ្វើ​ឲ្យ​មិន​អាច​ចេញ​ចូល​បាន​ឡើយ។ ​ចំណុច​នេះ​ ប្រសិន​បញ្ហា​ជា​យថា​ហេតុ​អ្វី​មួយ​កើត​មាន​ឡើង​ វា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ដូច្នេះ​​សូម​មេត្តា​កុំ​អង្គុយ​​លើ​ផ្លូវ​ដើរ​ចុះ​ឡើង។

 

៦- អ្នក​គាំទ្រ​លើស​ចំណុះ​ ការ​ប្រកួត​​លក្ខណៈ​អន្តរជាតិ​កន្លង​មក​នៅ​ពហុកីឡដ្ឋាន​ជាតិ មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ច្រើន ប៉ុន្តែ​មិន​ដូច​ការ​ប្រកួត​រវាង​កម្ពុជា​ និង​ទីម័រ​ខាង​កើត​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ឧសភា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ទេ​ដែល​មើល​ទៅ​​ទំនង​ជា​​អ្នក​ទស្សនា​នៅ​ជុំ​វិញ​ពហុកីឡដ្ឋាន​ជាតិ​។ ការ​លក់​សំបុត្រ​ចំនួន​៥​ម៉ឺន​សន្លឹក​ត្រូវ​បាន​អស់​មួយ​ថ្ងៃ​មុន​ការ​ប្រកួត​ដែល​ចំនួន​នេះ​​គ្រប់​គ្រាន់​សម្រាប់​អង្គុយ​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ។ ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ប្រកួត​ឃើញ​មាន​លក់​សំបុត្រ​បន្ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​សំបុត្រ​ហើយ​គ្មាន​កន្លែង ប្រសិន​បើ​ពួក​គេ​ទៅ​យឺត។

​​

បញ្ហា​ទាំង​នេះ​មិន​មែន​អាស្រ័យ​លើ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ឬ​អ្នក​​រៀប​ចំ​ការ​ប្រកួត​ឡើយ​តែ​ម្យ៉ាង​នោះ​ទេ​ ប៉ុន្តែ​​ក៏​អាស្រ័យ​លើ​អ្នក​គ្រប់​គ្នា​​ជា​អ្នក​ចេះ​​ដឹង​ អនុវត្ត​ ​និង​ប្រតិបត្តិ​​​ប្រកប​ដោយ​សុជីវធម៌​ និង​មាន​វិន័យ​ខ្លួន​ឯង។ ​រួម​គ្នា​ទាំង​អស់​គ្នា​ទើប​​វិស័យ​កីឡា​កម្ពុជា​​ និង​មុខ​មាត់​ប្រទេស​ជាតិ​មាន​កេរ្តិ៍​ឈ្មោះ​ទៅ​កាន់​ឆាក​អន្តរជាតិ៕

 ទិដ្ឋភាព​អ្នក​គាំទ្រ​កម្ពុជា

 

អត្ថបទ៖ ជាន ចាន់រ៉ា