តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន នរណា​ជា​តារា​កំពូល​ក្បាច់​គុន?

  • 2014-09-18 21:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហុងកុង និយាយ​ពី​តារា​កំពូល​ក្បាច់​គុន អ្នក​ណា​ក៏​ស្គាល់​ដែរ ឈិន ឡុង លី លានជា កុំកុំ ហុង ជិនប៉ាវ(អាម៉ាប់) យិន ពាវ និង​តារា​ក្បាច់​គុន​មួយ​រូប​ទៀត មាន​រូប​រាង​សង្ហារ​គឺ​លោក Wenzhuo Zhao ជា​ដើម។ ពួក​គេ​ទាំង​ប៉ុន្មាន​នាក់​នេះ មិន​មាន​នរណា​មាន​អាយុ​មិន​ក្រោម ៥០ឆ្នាំ​ឡើយ លើក​លែង​តែ Wenzhuo Zhao ម្នាក់​ដែល​ទើប​មាន​អាយុ ៤១​ឆ្នាំ។

 

 

មិន​ថា​មាន​គុណ​សម្បត្តិ​ផ្សេង​ៗ​ គ្នា​យ៉ាង​ណា ប៉ុន្តែ​ចំណុច​រួម​តែ​មួយ គឺ​ពួក​គេ​ជា​កំពូល​តារា​ក្បាច់​គុន និង​ជា​ចំណែក​លើក​ស្ទួយ​ឧស្សាហកម្ម​ភាពយន្ត​ហុងកុង​តាម​រយៈ​ក្បាច់​គុន​ដ៏​អស្ចារ្យ​រៀង​ៗ​ខ្លួន​ដូច​គ្នា ក្នុង​រយៈ​ពេល​ប្រមាណ​ជា ២ទសវត្សរ៍​កន្លង​មក​នេះ។ ពួក​គេ​មិន​ត្រឹម​តែ​ល្បី​ក្នុង​ស្រុក​ទេ ប៉ុន្តែ​មួយ​ចំនួន​ល្បី​ដល់​ហូលីវូដ​ទៀត​ផង ហើយ​ពួក​គេ​មាន​ភាព​ទាក់ទាញ​ផ្សេង​ៗ​គ្នា ៖

 

Jet Li ឬ លី លានជា ៖ ជា​តា​រា​សម្ដែង​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ចិន និង​ជា​និមិត្ត​រូប​សម្រាប់​​​អ្នក​​ជំនាន់​​​ក្រោយ។ និយាយ​ដល់​ភាព​ជោគ​ជ័យ​របស់ ជេត លី​ គឺ​លោក​បាន​ឈាន​ទៅ​អុកឡុក​ដល់​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ​របស់​អាមេរិក​ទៀត ក្នុង​នោះ​មាន​រឿង “Romeo Must Die” (2000)​​ និង​ “Lethal Weapon 4″ (1998) ជា​ដើម។ ដោយ​ឡែក​នៅ​ក្នុង​ស្រុក​វិញ មាន​ដូច​ជា​រឿង “វីរបុរស​វ៉ាងហ្វីហុង​” ជា​ដើម”។ ភាព​ទាក់​ទាញ​របស់ ជេត លី គឺ​លោក​ជា អ្នក​ប្រយុទ្ធ​មុខ​ស្រស់។

 

 

កុំកុំ ឬ Donnie Yen Ji-dan ៖ កើត​នៅ​ថ្ងៃ​ទី ២៧ ខែ​កក្កដា ឆ្នាំ​១៩៦៣ ក្នុង​ទី​ក្រុង Guangdong ប្រទេស​ចិន។ តារា​រូប​នេះ​បាន​ចាប់​សម្ដែង​ភាពយន្ត​តាំង​ពី​អាយុ ២០​ឆ្នាំ ហើយ​រឿង​ដំបូង​របស់​លោក​មាន​ចំណងជើង​ថា “Shaolin Drunkard”។ ប៉ុន្តែ​មូលហេតុ​ដែល​នាំ​លោក​ជាប់​ឈ្មោះ​កុំ​កុំ គឺ​រឿង “ជើង​កន្ត្រៃ​ហោះ​កុំកុំ” និង​ក្រោយ​មក​មាន​រឿង “ស្រមោល​ក្បាច់​គុន​កុំកុំ”ជា​ដើម។

 

 

កុំកុំ បាន​ទទួល​ពានរង្វាន់​សេះ​មាស (Golden Horse Award) ខាង​ទិចនិច ស្នៀត​ប្រយុទ្ធ​ល្អ​ឥត​ខ្ចោះ​ចំពោះ​ការ​សម្ដែង​ក្នុង​រឿង “Flash Point” នៅ​ឆ្នាំ​២០០៧ ក្រោយ​មក​រឿង​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ​នោះ គឺ​រឿង “IP Man” និង​ចុង​ក្រោយ​នេះ គឺ​រឿង "ស្ដេច​ស្វា"។ គុណ​សម្បត្តិ​របស់​លោក គឺ​ជា​អ្នក​ប្រយុទ្ធ​មុខ​មាំ វ៉ៃ​រហ័ស និង​មាន​សាច់​ដុំ​មាំ​មួន។

 

Jackie Chan ឬ ឈិន ឡុង ៖ តារា​រូប​នេះ កើត​នៅ​ខេត្ត Chan Kong-sang នៅ​ថ្ងៃ​ទី ០៧ មេសា ១៩៥៤។ លោក​បាន​ចាប់​ផ្តើម​សម្ដែង​តាំង​ពី​ទសវត្សរ៍​ទី ៦០។ សម្រាប់​ភាពយន្ត​ក្នុង​ស្រុក លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​រឿង​ដូច​ជា​រឿង “ក្បាច់​គុណ​ស្រវឹង​”ជា​ដើម។ ដោយ​ឡែក​នៅ​ហូលីវដូ មាន​ដូច​ជា “Police Story” និង “Chiness Zodiac”ជា​ដើម។ ភាព​ទាក់​ទាញ​របស់​លោក គឺ​ក្បាច់​គុន​កុងហ្វូ​ក្រមិចក្រមើម​បែប​កំប្លែង។

 

 

Sammo Hung ឬ អាម៉ាប់៖ ជា​កំពូល​តារា​ក្បាច់​គុន​ដ៏​ល្បី​ម្នាក់​ដែល​ប្រជាជន​ខ្មែរ​ស្គាល់​ថា អាម៉ាប់ កើត​នៅ​ថ្ងៃ​ទី៧​ ខែមករា ឆ្នាំ​១៩៥២នៅ​ទី​ក្រុង​ហុង​កុង​។ លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដំបូង​ក្នុង​ឆ្នាំ ១៩៦២ ដោយ​សម្ដែង​ជា​មួយ​នឹង លោក​ឈិន ឡុង ក្នុង​រឿង “Big and Little Wong Tin Bar” និង​បន្ត​មក​មាន​រឿង “អាម៉ាប់ ប៉ះ អាម៉ាប់” និង​រឿង “ឪ​ខ្មោច​ ក៏​អាម៉ាប់​មិន​ខ្លាច​​ដែរ” ជា​ដើម។ អាម៉ាប់ ក៏​បាន​លេច​មុខ​រឿង “IP Man 2” ជាមួយ កុំកុំ ផង​ដែរ។ លោក គឺ​ជា​តារា​ក្បាច់​គុន​ដែល​មាន​មាឌ​ធំ​ជាង​គេ ប៉ុន្តែ​រហ័សរហួន និង​កំប្លែង​ទៀត ហើយ​នេះ គឺ​ជា​ចំណុច​លេច​ធ្លោ​របស់​លោក។

 

 

Wenzhuo Zhao៖ តារា​រូប​នេះ មិន​មាន​ជាប់​ឈ្មោះ​ជា​ភាសា​ខ្មែរ​ដូច​តារា​រៀម​ច្បង​ខាង​លើ​ទេ ប៉ុន្តែ​លោក​ក៏​ជា​កំពូល​តារា​ក្បាច់​គុន​ល្បី​ឈ្មោះ​មួយ​រូប​ដែរ។ លោក​កើត​ថ្ងៃ​ទី ១០មេសា១៩៧២ នៅ​ Ning’an, Heilongjiang ប្រទេស​ចិន។ ក្នុង​ជីវិត​សិល្បៈ Wenzhuo Zhao ល្បី​ឈ្មោះ​ក្នុង​រឿង​ដូច​ជា “Once Upon a Time in China IV  & V” ជា​តួ វ៉ាង ហ្វីហុង ក្នុង​ឆ្នាំ​១៩៩៣-៩៤។ រឿង​ចុង​ក្រោយ​មួយ ដែល​ទទួល​ការ​គាំទ្រ​ខ្លាំង គឺ​រឿង “True Legend” ក្នុង​ឆ្នាំ​២០១០។ គុណ​សម្បត្តិ​របស់​លោក គឺ​ក្រៅ​ពី​មាន​ក្បាច់​គុន​ល្អ គឺ​លោក​ក៏​ជា​តារា​ប្រយុទ្ធ​ដែល​មាន​រូប​រាង​ស្រស់​សង្ហា និង​មុខ​មាន​មន្ត​ស្នេហ៍។

 

 

យិន ពាវ (YUEN BIAO)៖ តារា​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី 26 ខែ​កក្កដា​ឆ្នាំ ១៩៥៧ លោក​ជា​តារា​ក្បាច់​គុន ដ៏​ល្បី​ល្បាញ​មួយ​រូប។ ខ្សែ​រឿង​ដែល​លោក​សម្ដែង​ទទួល​បាន​ការ​គាំទ្រ មាន​ដូច​ជា​រឿង “Fist of Fury” “Way of the Dragon” និង​រឿង “ជើង​កន្ត្រៃ​ហោះ យិន ពាវ” ជា​ដើម។ លោក មាន​ជំនាញ​សម្ដែង​ក្បាច់​គុន​ក្រមិចក្រមើម កំប្លែង​ផង​ដែរ។

 

 

ភាគ ​ច្រើន​នៃ​កំពូល​តារា​ក្បាច់​គុន​ខាង​លើ ក្រៅ​ពី​សម្ដែង​ខ្លួន​ឯង ពួក​គេ​សុទ្ធ​ជា​ផលិតករ​ភាពយន្ត​ទៀត​ផង។យោង​តាម​ប្រជាប្រិយភាព​របស់​ពួក​គេ គេ​ហទំព័រ​បរទេស​មួយ​ចំនួន ក៏​បាន​ចាត់​ចំណាត់​ថ្នាក់​ពួក​គេ​ដែរ ដែល​ខ្លះ​ថា ឈិន ឡុង លេខ​១ ខ្លះ​ថា លី លានជា ឬ កុំកុំ ជា​ដើម។ ឥឡូវ…ដល់​ពេល​យើង​វិញ​ហើយ តើ​នរណា​ក្នុង​ចំណោម​ពួក​គេ សម​ជា​កំពូល​តារា​ក្បាច់​គុន?

 

 

រៀបរៀង៖ ទារិកា