ប្រាក់​ដុល្លារ​ជាប់​ស្នាម​ត្រា ធនាគារ​មួយ​ចំនួន​បដិសេធ តែ​ទូ​មាស​តាម​ខេត្ត​នៅ​ទទួល

  • 2016-06-13 23:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាយ​ប្រាក់​ដុល្លារ​ជា​ច្រើន​កំពុង​មាន​កង្វល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​លេច​ឮ​ដំណឹង​តាម​បណ្ដាញ​សង្គម​បន្ត​បន្ទាប់​ថា ក្រដាស​ប្រាក់ ១០០​ដុល្លារ ត្រូវ​ធនាគារ​មួយ​ចំនួន​បដិសេធ ប្រសិន​បើ​មាន​ស្នាម​ប្រឡាក់ ឬ​ត្រា​ចំណាំ​តូចៗ។ ទោះ​បែប​នេះ​ក្ដី នៅ​ទូ​មាស-​ប្ដូរ​ប្រាក់​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន នៅ​តែ​ទទួល​ធម្មតា​នៅ​ឡើយ។

 

 

លោក សុខ ខេង អាជីវករ​លក់​មាស និង​ប្ដូរ​ប្រាក់​នៅ​ខេត្ត​ស្វាយរៀង បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា៖ "រឿង​អត់​ទទួល​ដុល្លារ​ជាប់​ត្រា ខ្ញុំ​ឮ​តែ​គេ​និយាយ ហើយ​ឃើញ​តាម FB ហ្នឹង... នៅ​នេះ នៅ​តែ​ចាយ នៅ​តែ​យក​​ធម្មតា កុំ​ឲ្យ​តា​ស្នាម​ប្រឡាក់​នោះ វា​ខ្លាំង​ពេក... បើ​មិន​ទទួល​អា​ជាប់​ត្រា​តូច​ៗ​នេះ ងាប់​ហើយ ព្រោះ ៨០​ភាគ​រយ សុទ្ធតែ​មាន​ត្រា"។

 

លោក ខេង បាន​បញ្ជាក់​ទៀត​ថា លោក​យក​ដុល្លារ​ទាំង​នោះ មក​ប្ដូរ​នៅ​ផ្សារ​អូឡាំពិក គឺ​គេ​នៅ​តែ​ទទួល​ជា​ធម្មតា លើក​លែង​តែ​មាន​ស្នាម​ដាម​រញ៉េរញ៉ៃ ឬ​ចាស់​ខ្លាំង។ ចំណែក​ធនាគារ​ឯកជន​ធំ​មួយ​នៅ​ជិត​កន្លែង​លោក​រក​ស៊ី ពិត​ជា​មិន​ទទួល​ប្រាក់​មាន​ស្នាម​ប្រឡាក់ ឬ​ត្រា​ដិត​ខ្លាំង​មែន ព្រោះ​គេ​ក៏​ខ្លាច​ដូច​គ្នា។ ប៉ុន្តែ​ពេល​ដក​ប្រាក់​ពី​ទូ ATM របស់​ធនាគារ​នោះ ភាគ​ច្រើន​សុទ្ធតែ​មាន​ជាប់​ត្រា។

 

ចំណែក​អ្នក​រក​ស៊ី​ប្ដូរ​ប្រាក់​មួយ​រូប​ទៀត ឈ្មោះ ហេង នៅ​ខេត្ត​ព្រៃវែង បាន​ប្រាប់​ថា លោក​នៅ​តែ​ទទួល​ចំពោះ​ក្រដាស​ប្រាក់ ១០០​ដុល្លារ មាន​ជាប់​ត្រា​តូចៗ ប៉ុន្តែ​បើ​ស្នាម​ប្រឡាក់​ខ្លាំង ទើប​បដិសេធ​មិន​យក ទោះ​ឲ្យ​កាត់​ទឹក​ក៏​ដោយ។ លោក​ថា ហ៊ាន​ទទួល ព្រោះ​យក​មក​ប្ដូរ​នៅ​អូឡាំពិក គេ​នៅ​ទទួល​ដូច​គ្នា។ លោក​អះ​អាង​ថា អាជីវករ​ប្ដូរ​ប្រាក់​ភាគ​ច្រើន សុទ្ធតែ​វាយ​ត្រា​អក្សរ​ចំណាំ​តូច​ណា​មួយ​នៅ​លើ​ក្រដាស​ប្រាក់ ១០០​ដុល្លារ និង ៥០​ដុល្លារ ដើម្បី​ចំណាំ​លុយ​របស់​ខ្លួន​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន ជៀស​វាង​ប៉ះ​ចំ​លុយ​ក្លែង​ក្លាយ។

 

អ្នក​ស្រី លីដា បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បាន​និយាយ​ថា ក្រដាស​ប្រាក់ ១០០​ដុល្លារ​ដែល​អ្នក​ស្រី​ទើប​ដក​ពី​ទូ ATM ភ្លាម ត្រូវ​បាន​ធនាគារ​ធំ​មួយ​បដិសេធ​មិន​ទទួល ដោយសារ​ជាប់​ត្រា​តូច​មួយ​ប៉ុណ្ណោះ។ ក្រោយ​មក អ្នក​ស្រី​បាន​យក​ក្រដាស​ប្រាក់​ដដែល​នោះ ទៅ​បង់​ថ្លៃ​សាលារៀន​របស់​កូន គឺ​គេ​ទទួល​យក​ជា​ធម្មតា។ ​

 

ចំពោះ​ហាង​ប្ដូរ​ប្រាក់ កាំង ឡេង ដែល​មាន​អាសយដ្ឋាន នៅ​មហាវិថី​ហ្សាដឺហ្គោល បាន​បញ្ជាក់​ថា៖ "បើ​ត្រា​ចំណាំ​តូច​ៗ​នៅ​តែ​ទទួល តែ​បើ​ប្រឡាក់ ឬ​ចាស់​​ខ្លាំង អត់​ទទួល​ទេ"។ ចំពោះ​ហាង​ប្ដូរ​ប្រាក់​ផ្សេង​ទៀត នៅ​​អូឡាំពិក ក៏​បាន​បញ្ជាក់​ស្រដៀង​គ្នា​ដែរ ហើយ​ពួក​គេ​ទើប​ទទួល​បាន​ដំណឹង​ពី​បណ្ដាញ​សង្គម​ដូច​គ្នា។

 

លោក​ជំទាវ ជា សិរី អគ្គនាយក​ធនាគារ​ជាតិ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយសារ​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​មន្ត្រី​ធនាគារ​ជាតិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Sabay ថា រឿង​ប្រាក់​ដុល្លារ​នេះ ប្រហែល​មិន​ទាក់​ទង​នឹង​ធនាគារ​ជាតិ​ឡើយ ព្រោះ​ខាង​ធនាគារ​ជាតិ​ទទួល​ខុស​ត្រូវ​តែ​លើ​ចរាចរណ៍​ប្រាក់​រៀល​ប៉ុណ្ណោះ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ក្រដាស​ប្រាក់​រៀល​វិញ​កុំ​បារម្ភ ទោះ​ចាស់ ឬ​រហែក​យ៉ាង​ណា ក៏​ខាង​ធនាគារ​ជាតិ​ទទួល​ដែរ។

 

រឿង​រ៉ាវ​មិន​ទទួល​យក​ប្រាក់​ដុល្លារ ដែល​មាន​ស្នាម​ប្រឡាក់ និង​ស្នាម​ត្រា បាន​កក្រើក​ពេញ​បណ្ដាញ​សង្គម​ចាប់​ពី​​ថ្ងៃ​ទី០៩ ខែ​មិថុនា បន្ទាប់​ពី​គណនី FB មួយ​បង្ហោះ Status ឡើង​ដូច​ខាង​ក្រោម៖

 

«ថ្ងៃ​នេះ​ខ្ញុំ​ទទួល​ព័ត៌មាន​មួយ​ពី​មិត្តភ័ក្ដិ​ធ្វើការ​នៅ​ធនាគារ​បាន​អោយ​ដំណឹង​មក​ខ្ញុំ​ថា ធនាគារ​កណ្តាល​បាន​តម្រូវ​អោយ​ធនាគារ​ឯកជន​ទាំង​អស់​ឈប់​អោយ​ទទួល​ក្រដាស​ដុល្លា​អាមេរិក​ដែល​មាន​ស្នាម​ប្រឡាក់​ទោះ​តិច​តួច​ក៏​ដោយ ស្នាម​ចុង​ប៊ិច​និង ស្នាម​កូន​ត្រា​តូចៗ​ដែល​យើង​ធ្លាប់​ឃើញ​មាន​បោះ​នៅ​ចុង​សន្លឹក​នោះ​ក៏​ដោយ គឺ​លែង​អោយ​យក​ហើយ ទាល់​តែ​ក្រដាស​ស្អាត​បាន​ទទួល។ ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​ក៏​បាន​ឃើញ​មិត្ត​ក្នុង​ហ្វេស​ប៊ុក​សរសេរ​ដែរ​ថា​យក​លុយ​ដុល្លា​ដែល​មាន​ជាប់​ស្នាម​កូន​ត្រា​យក​ទៅ​ដូរ​គេ​អត់​យក ។

 

ចំណុច​ដែល​ខ្ញុំ​ចង់​លើក​យក​មក​និយាយ​ក្នុង​ពេល​នេះ ប្រសិន​ជា​ធនាគារ​កណ្តាល មាន​បំណង​ធ្វើ​ដូច្នេះ​មែន គួរ​តែ​ផ្ដល់​ព័ត៌មាន​ជា​សាធារណៈ​អោយ​ប្រជាជន​លោក​បាន​ដឹង​មុន​ដើម្បី​មាន​ការ​ប្រុង​ប្រយ័ត្ន ។ សំរាប់​អ្នក​មាន​ធន​ធាន​វាល់​លាន​ដុល្លា លុយដុល្លា១០០ ២០០ដុល្លា​វា​មិន​ស្មើរ​គេ​ផឹក​ស្រា​មួយ​ពេល​ទេ តែ​ចំពោះ​អ្នក​ស្រែ​ចំការ​ដែល​ខំ​រក​ស៊ី​បែក​ញើស​ហូរ​ញើស កម្មករ​ដែល​លក់​ពលកម្ម​ពេញ​មួយ​ខែ​បាន​លុយ១០០ ២០០ដុល្លា បាន​លុយ​ដែល​គេ​មិន​ចាយ ហើយ​គ្នា​មិន​ដឺង​យក​មក​ទុក​ដល់​តែ​យក​ទៅ​ចាយ​គេ​មិន​ទទួល​តើ​អោយ​គាត់​គិត​យ៉ាងមេច បើ​ថា​លុយ​ក្លែងក្លាយ​ទៅ​វា​ក្លែងក្លាយ តែ​លុយ​ពិត​គ្រាន់​តែ​ស្នាម​បន្តិចបន្តួច​ក៏​គេ​មិន​យក​ដែរ។

 

ម្យ៉ាង​វិញ​ទៀត មនុស្ស​ភាគ​ច្រើន​បើក​លុយ​ចាយ​តាម ATM ចុះ​បើ​គាត់​បើក​មក​មាន​កូត​ត្រាតូចៗ ឬ​ជាប់​ស្នាម​ប៊ិច អោយ​គាត់​យក​ទៅ​ដូរ​ឯណា ? យក​ទៅធនាគារ​វិញ​គេ​ថា​មិនមែន​លុយ​គេ គ្នា​មិន​ចោល​លុយ​ហ្នឹង ? បើ​ជ្រុល​ថា​ធ្វើ​ចឹង អនុវត្ត​រៀល​តូបនីយកម្ម​តែ​ម្តង​ទៅ​កុំអោយ​មាន​ចាយ​លុយ​ដុល្លា ដូច​ស្រុក​ជិត​ខាង​អា​ណឹង​លែង​មាន​បញ្ហា។ »

 

យ៉ាង​នេះ​ក្ដី បន្ទាប់​ពី​មាន​ការ Share ជា​ច្រើន​ដង នៅ​ល្ងាច​ថ្ងៃ​ដដែល គណនី FB នោះ​ក៏​លុប Status នេះ​ចេញ​វិញ ប៉ុន្តែ Page Facebook ធំៗ​មួយ​ចំនួន បាន​ចម្លង​បន្ត​ព្រោង​ព្រាត​ទៅ​ហើយ។ រហូត​មក​ដល់​ថ្ងៃ​នេះ មិន​មាន​ការ​បញ្ជាក់​ផ្លូវការ​ណា​មួយ ចំពោះ​បញ្ហា​ខាង​លើ​នេះ​ទេ ហើយ​​អាមេរិក​ដែល​ជា​ម្ចាស់​រូបិយប័ណ្ណ​ផ្ទាល់​ក៏​មិន​ប្រកាស​អ្វី​ដែរ។ អត្ថបទ៖ គង់ វិសាល ​​

អត្ថបទពេញនិយម