​ប្ដី​សោក​ស្ដាយ​ស្ទើរ​បោក​ក្បាល ក្រោយ​អាន​សំបុត្រ​ប្រពន្ធ​ដែល​ខ្លួន​ជ្រុល​ដៃ​ធ្វើ​ឲ្យ​ស្លាប់​

  • 2016-06-14 13:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាមី​ភរិយា​មួយ​គូ​បាន​រៀប​ការ​ជាមួយ​គ្នា​១០​ឆ្នាំ​ហើយ ប៉ុន្តែ​គ្មាន​កូន​សូម្បី​តែ​ម្នាក់។ ពួក​គេ​រស់​នៅ​ជាមួយ​គ្នា​និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​មាន​កូន​ម្នាក់​នឹង​គេ​មុន​​ដល់​ខួប​អាពាហ៍ពិពាហ៍​គម្រប់​១១​ឆ្នាំ។ ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​របស់​ពួក​គេ​ធ្លាប់​បាន​បញ្ចុះបញ្ចូល​ឲ្យ​ពួក​គេ​លែងលះ​គ្នា ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​ស្មោះស្ម័គ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ពួក​គេ​ក៏​នៅ​តែ​បន្ត​ចំណង​អាពាហ៍ពិពាហ៍​នេះ​រហូត។

 

ប៉ុន្មាន​ខែ​កន្លង​ផុត។

 

ថ្ងៃ​មួយ​ខណៈ​ដែល​ស្វាមី​កំពុង​ត្រលប់​មក​ពី​ធ្វើ​ការ ក៏​បាន​ឃើញ​ភរិយា​របស់​ខ្លួន​ដើរ​តាម​ផ្លូវ​ជាមួយ​បុរស​ម្នាក់។ ពួក​គេ​មើល​ទៅ​ដូច​ជា​សប្បាយ​ចិត្ត​មែន​ទែន។ មួយ​សប្ដាហ៍​កន្លង​មក​ទៀត ស្វាមី​ក៏​បាន​ឃើញ​ភរិយា​របស់​ខ្លួន​នៅ​ជាមួយ​បុរស​នោះ​ដដែល​ម្ដង​ទៀត។ បុរស​ជា​ប្ដី​បាន​ឃើញ​ពួក​គេ​ជាមួយ​គ្នា​ជា​ច្រើន​លើក និង​ជួន​កាល​ឱប​គ្នា​ទៀត។​​

 

នៅ​ល្ងាច​ថ្ងៃ​មួយ ខណៈ​ដែល​ស្វាមី​ត្រលប់​មក​ដល់​ផ្ទះ ក៏​បាន​ឃើញ​បុរស​ដដែល​នោះ​ជូន​ប្រពន្ធ​ខ្លួន​មក​ផ្ទះ និង​មាន​ថើប​លា​គ្នា។ បុរស​ជា​ប្ដី​បាន​ខឹង​និង​ខូច​ចិត្ត​យ៉ាង​ខ្លាំង។

 

 

នៅ​ថ្ងៃ​បន្ទាប់​ទៀត​ខណៈ​ដែល​បុរស​ជា​ប្ដី​កំពុង​កាន់​ថូ​ទៅ​ដាក់​ទឹក​ ទូរសព្ទ​ក៏​រោទិ៍​ឡើយ។ គាត់​បាន​លើក​ទូរសព្ទ ហើយ​​ក៏​បាន​ឮ​សំឡេង​បុរស​ម្នាក់​និយាយ​ថា៖ "ហាឡូ​អូន បង​នឹង​ទៅ​ផ្ទះ​អូន​ល្ងាច​នេះ​តាម​សន្យា បង​សង្ឃឹម​ថា...”

 

បុរស​ជា​ប្ដី​ស្ដាប់​ឮ​តែ​ប៉ុណ្ណេះ​ក៏​បិទ​​ទូរសព្ទ​ឈប់​ស្ដាប់ និង​គិត​ខ្លួន​ឯង​ថា៖ "នេះ​ជា​សំឡេង​មនុស្ស​ប្រុស ហើយ​ប្រាកដ​ជា​អា​ម្នាក់​ដែល​ប្រពន្ធ​អញ​បណ្ដើរ​រាល់​ថ្ងៃ​នោះ​ហើយ"។ គាត់​គិត​ថា​ប្រពន្ធ​​ជា​ទី​ស្រឡាញ់​របស់​គាត់​ក្បត់​ចិត្ត​គាត់​ទៅ​ស្រឡាញ់​បុរស​ម្នាក់​នោះ​ហើយ។ ​ភ្លាម​នោះ​ថូ​ទឹក​ក៏​របូត​ចេញ​ពី​ដៃ​គាត់​ធ្លាក់​បែក​ខ្ចាយ។​​

 

ឮ​សំឡេង​ខ្លាំង​ដូច្នេះ​ប្រពន្ធ​ក៏​ចូល​មក​មើល​ប្ដី​ហើយ​សួរ​ថា៖ "មាន​រឿង​អី​ទេ​បង?”

 

ដោយ​កំហឹង​ពេញ​ខ្លួន បុរស​បាន​ច្រាន​ប្រពន្ធ​ទាំង​កម្រោល​ទៅ​លើ​ឥដ្ឋ​ ហើយ​នាង​ក៏​លែង​កម្រើក។ ក្រោយ​មក​ទើប​បុរស​ប្ដី​ដឹង​ថា​ប្រពន្ធ​ខ្លួន​បាន​ដួល​ចំ​អំបែង​ថូ​ធំ​មួយ ទើប​ប្រញាប់ប្រញាល់​ជួយ​ប៉ុន្តែ​ក៏​យឺត​ពេល គឺ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ពេល​នោះ​គាត់​បាន​ឃើញ​សំបុត្រ​មួយ​ក្នុង​ដៃ​របស់​នាង។ អត្ថន័យ​ក្នុង​សំបុត្រ​បាន​ធ្វើ​ឲ្យ​គាត់​ក្ដុកក្ដួល​ចិត្ត​ជា​ទី​បំផុត៖​

 

“ប្ដី​សំឡាញ់ អូន​​មិន​ដឹង​និយាយ​ពី​អារម្មណ៍​ប្រាប់​បង​ថា​ម៉េច​ទេ ដូច្នេះ​អូន​ត្រូវ​សរសេរ​សំបុត្រ​ឲ្យ​បង។ អូន​បាន​ទៅ​រក​ពេទ្យ​ម្នាក់​ជាង​មួយ​អាទិត្យ​ហើយ ហើយ​អូន​ចង់​ប្រាកដ​ខ្លួន​ឯង​សិន​មុន​នឹង​និយាយ​ដំណឹង​ដ៏​ធំ​នេះ​ប្រាប់​បង។

 

លោក​គ្រូ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​អូន​មាន​ផ្ទៃ​ពោះ។ កូន​យើង​នឹង​កើត​មក​ក្នុង​រយៈ​ពេល​៥​ខែ​ទៀត។ លោក​គ្រូ​ពេទ្យ​ដែល​អូន​បាន​ជួប​នោះ​​គឺ​ជា​បង​ប្រុស​បង្កើត​របស់​​អូន​ដែល​បាន​បែក​គ្នា​ជា​យូរ​ហើយ និង​ទើប​តែ​បាន​ជួប​គ្នា​ក្រោយ​ពួក​យើង​រៀបការ។ គាត់​​សន្យា​នឹង​អូន​ថា​នឹង​ជួយ​មើល​ថែ​អូន​និង​កូន​ឲ្យ​បាន​ល្អ​បំផុត និង​មិន​គិត​ថ្លៃ​អ្វី​ទាំង​អស់។

 

គាត់​សន្យា​ថា​នឹង​មក​ហូប​បាយ​ជាមួយ​ពួក​យើង​នៅ​ល្ងាច​នេះ។ អូន​ត្រូវ​សរសេរ​សំបុត្រ​ឲ្យ​បង ព្រោះ​អូន​រំភើប​ពេក​ និយាយ​មិន​ចេញ​ទេ។ អរគុណ ដែល​តែងតែ​នៅ​ក្បែរ​អូន​រហូត។

 

ពី​ប្រពន្ធ​សំឡាញ់​របស់​បង"

 

​​សំបុត្រ​ក៏​ជ្រុះ​ពី​ដៃ​របស់​បុរស​ជា​ប្ដី។ ភ្លាម​នោះ​គាត់​បាន​ឮ​សំឡេង​គោះ​ទ្វារ ដែល​នោះ​គឺ​បុរស​ដែល​គាត់​ធ្លាប់​ឃើញ​នៅ​ជាមួយ​ប្រពន្ធ​របស់​គាត់​កាល​ពី​មុន។ បុរស​ម្នាក់​នោះ​បាន​ចូល​មក​ក្នុង​ហើយ​និយាយ​ថា៖ "សួស្ដី​ខ្ញុំ​គឺ John ជា​បង​ប្រុស​របស់​ប្រពន្ធ​លោក...” តែ​ភ្លាម​នោះ​គាត់​ក៏​បាន​ឃើញ​ប្អូន​ស្រី​របស់​គាត់​ដេក​ស្ដូកស្ដឹង​ក្នុង​ថ្លុក​ឈាម ៕

 

គំនិត​អប់​រំ

 

រឿង​ខ្លី​នេះ​ចង់​ប្រាប់​ថា យើង​មិន​គួរ​វាយ​តម្លៃ​មនុស្ស​ម្នាក់​ឆាប់​ពេក​​ទេ។ មនុស្ស​ស្រឡាញ់​គ្នា គួរ​តែ​ព្យាយាម​និយាយ​រក​ហេតុផល​ពី​គ្នា​ឲ្យ​បាន​ច្បាស់​សិន។ យើង​មិន​គួរ​បណ្ដោយ​ឲ្យ​កំហឹង​គ្រប់គ្រង​យើង​ឡើយ ព្រោះ​ថា​អ្វី​ដែល​យើង​បាន​ឃើញ​និង​បាន​ឮ​ មិន​ប្រាកដ​ថា​ជា​ការ​ពិត​ទាំង​អស់​នោះ​ទេ ៕​

 

ចុចអាន៖រឿង​ពិចារណា៖ ឪពុក​អ្នក​មាន​បង្រៀន​កូន​ឲ្យ​ស្គាល់​ភាព​ក្រ ​​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ បរទេស

អត្ថបទថ្មី