OnePlus 3 មាន​ ​RAM ដល់​​ 6GB លឿន​ម៉ា​ចប់​ ​តម្លៃ​ត្រឹម​ ៤០០ ដុល្លារ

  • 2016-06-15 14:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​របស់​ OnePlus 3 ដែល​ពិភព​លោក​ទន្ទឹង​រង់​ចាំ​នោះ​ទី​បំផុត​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ ហើយ​កាល​ពី​យប់​មិញ​នេះ ដោយ​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ផ្សព្វផ្សាយ​កន្លង​មក។

 

ជំនាន់​ទី​បួន​​របស់​ត្រកូល​ OnePlus នេះ​មាន​បំពាក់​ដោយ​អេក្រង់​ Optic AMOLED ទំហំ​ ៥,៥​អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080p និង​ផ្ទៃ​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 4។ ទូរសព្ទ​នេះ​​អាច​និយាយ​បាន​ថា​មាន​ល្បឿន​លឿន​ជា​ទី​បំផុត​ ដោយ​សារ​មាន​ RAM ទំហំ​ដល់​ ៦ GB និង​ប្រើ​ប្រាស់​បន្ទះ​ Chip Snapdragon 820 ជំនាន់​ចុង​ក្រោយ។ CPU ចំនួន​បួន​គ្រាប់​លើ​បន្ទះ​ Chip នេះ​គឺ​ ២​គ្រាប់​មាន​ល្បឿន​ 2.2GHz និង​ ២​គ្រាប់​ទៀត​ល្បឿន​ 1.6GHz។

 

​កាមេរ៉ា​ជា​ផ្នែក​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើ​ទូរសព្ទ​ OnePlus 3 នេះ​ដោយ​មាន​ជា​កាមេរ៉ា​ទំហំ​ ១៦MP មាន​ Sensorម៉ូដែល​ IMX298 របស់​ Sony, មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព, Auto-focus, ភ្លើង​ពិល​ LED និង​អាច​ចាប់​យក​វីដេអូ​បាន​កម្រិត​ 4K។ នៅ​ផ្នែក​ខាង​មុខ​នៃ​ទូរសព្ទ​វិញ​​គឺ​ពឹង​ផ្អែក​លើ​កាមេរ៉ា​ទំហំ​ ៨MP មាន​ Sensorម៉ូដែល IMX179 របស់​ Sony ដោយ​អាច​ថត​វីដេអូ​កម្រិត​ 1080p។

 

លក្ខណៈ​សម្បត្តិ​​ពិសេសៗ​ដទៃ​ទៀត​របស់​ OnePlus 3 រួម​មាន​ អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ៦៤GB (មិន​មាន​រន្ធ​សម្រាប់​ដោយ​មេមូរីកាត), មាន​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ, អាច​ប្រើ​ស៊ីម​ពីរ និង​មាន​ថ្ម​ទំហំ​ ៣០០០ mAh រួម​ជា​មួយ​ប្រព័ន្ធ​ Dash Charge អាច​សាក​ថ្ម​បាន​ដល់​ ៦០% ក្នុង​ពេល​កន្លះ​ម៉ោង។ ប្រព័ន្ធ​ប្រតិបត្តិការ​ Android Marshmallow 6.0.1 នឹង​មាន​ដំឡើង​មក​ស្រាប់​លើ​ម៉ាស៊ីន។​

 

 

​​ ក្រុមហ៊ុន​ OnePlus នឹង​​ដាក់​លក់​​​ទូរសព្ទ​នេះ​លើ​វិបសាយ​របស់​ខ្លួន ដោយ​​កំណត់​តម្លៃ​​នៅ​ត្រឹម​ ៣៩៩ ដុល្លារ​​សម្រាប់​ទីផ្សារ​អាមេរិក, ៤០៣ ​ដុល្លារ​នៅ​កាណាដា, ៤៣៦ ដុល្លារ​នៅ​អង់គ្លេស និង​ ៤៤៧ ដុល្លារ​ នៅ​សហភាព​អឺរ៉ុប៕

 

 

ចុច​អាន៖ ​iPhone 7 & 7 Pro ពណ៌​ខៀវ​ក្រមៅ​អាច​មាន​រូបរាង​បែប​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខហេង ប្រភព៖ GSMArena

អត្ថបទថ្មី