អ្នកលក់​ក្អមឆ្នាំង៖ "ខ្ញុំ​ដើរ​ជិត​សព្វ​ដី​ហើយ សល់​តែ​ពីរ​ខេត្ត​ទៀត​ទេ"

  • 2016-06-16 16:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ម៉ោង​ជិត ២រសៀល​ទៅ​ហើយ បុរស​អ្នកលក់​ក្អមឆ្នាំង​វ័យ ៤៧ កំពុងតែ​ទម្រេត​ខ្លួន​លើ​គ្រែ​ក្រោម​រោង​មួយ​ជាប់​នឹង​ផ្លូវលំ ឯ​យុវជន​វ័យក្មេង​ម្នាក់ទៀត​ជា​កូន​ក៏​កំពុង​សម្រាក​លើ​រ៉ឺម៉ក​ដែរ។ គ្រាន់តែ​លឺ​ឈ្មោះ​របស់​គាត់ ប្រហែលជា​អ្នក​ទាំងអស់​គ្នា​ភ្ញាក់​ផ្អើល​ជាមិនខាន។

 

បុរស​អ្នកលក់​ក្អមឆ្នាំង​មកពី​ខេត្ត​កំពង់​ឆ្នាំង​ម្នាក់​នេះ​មានឈ្មោះ​ថា ប៉ុល សារឿន។ គាត់​បាន​ប្រកបរបរ​នេះ​អស់​រយៈពេល ២២ឆ្នាំ​មក​ហើយ និង​បាន​ដើរ​លក់​សម្ភារៈ​ធ្វើ​ពី​ដី​ដុត​នេះ ស្ទើរ​តែ​សព្វ​ដី​ក្នុង​ប្រទេស​ទៅ​ហើយ ដោយ​គាត់​ប្រាប់​ថា នៅ​សល់​តែ​ពី​ខេត្ត​ទៀត​ទេ​ គឺ​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី​ដែល​មិន​ទាន់​បាន​ទៅ។  

 

 

នៅ​ថ្ងៃ​ខាងមុខ​គាត់​នឹង​ទៅ​លក់​នៅ​ខេត្ត​ទាំងពីរ​ទៀត ដើម្បី​ឲ្យ​បាន​ជុំវិញ​ស្រុក​ខ្មែរ​តែ​ម្តង។ សារឿន​រម្លឹក​ថា កាលពីមុន​ខេត្ត​សៀមរាប​ជា​ខេត្ត​ងាយ​លក់​ជាងគេ ព្រោះ​ទីនោះ​មាន​ភ្ញៀវ​ច្រើន​ទាំង​ខ្មែរ និង​បរទេស តែ​ក្រោយមក​អ្នក​រកស៊ី​របរ​នេះ​កាន់តែ​ច្រើន​ទៅ។ ឥឡូវ​ខេត្ត​ណា​ក៏ដូចជា​ខេត្ត​ណា​ដែរ។ ដំណើរ​លក់​ចុង​ក្រោយនេះ​ចេញពី​កំពង់ឆ្នាំង កណ្ដាល តាកែវ កំពង់ស្ពឺ កំពត កែប។

 

បុរស​កូន​បី​ខាងលើ​បាន​រ៉ាយរ៉ាប់​ពី​ដំណើរ​លក់​ផលិតផល​របស់​គាត់​ថា “ការ​ចេញ​លក់​ម្ដង​ៗ​ត្រូវ​ចំណាយ​ពេល​ពី ១០ថ្ងៃ ទៅ​កន្លះ​ខែ​ទើប​ទៅផ្ទះ​ម្ដង ​និង​ត្រូវ​ទៅ​លក់​ពី ៤ ទៅ៥ ខេត្ត។ ចេញ​ម្ដង​អស់​ដើម​ប្រហែល ២លាន​រៀល។ ឯ​ផលិតផល​ដី​ដុត​ទាំងនោះ ខ្ញុំ​បាន​ទិញ​ពី​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ និង​មួយ​ខ្លះ​ទិញ​ពី​ដេប៉ូ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។"

 

 

បើ​និយាយ​ពី​កន្លែង​សម្រាក​​វិញ យប់​ពេលណា​ ក៏​រក​កន្លែង​សម្រាក​នៅ​ទីនោះ លោក សារឿន និយាយថា៖ “ជួនកាល​សុំ​លោក​សម្រាក​នៅ​ក្នុង​វត្ត ជួនកាល​តាម​ដី​ឡូត៍​ទំនេរ​ចឹង​ទៅ។" ប្រភព​ខាងលើ​បាន​ប្រាប់ទៀតថា ក្រោយ​លក់​បាន  ម្តង​ៗ គាត់​អាច​ចំណេញ​បាន​ប្រាក់​ប្រហែលជា ៥០ទៅ ៦០ម៉ឺន​រៀល​ដែរ ក្រោយ​ដក​ថ្លៃដើម ចំណាយ​លើ​ការ​ហូបចុក និង​ថ្លៃ​សាំង។ ដោយសារតែ​របរ​នេះ​បាន​ផ្តល់​នូវ​ចំណូល​មួយ​សមរម្យ​ដល់​គ្រួសារ​គាត់ គាត់​នៅតែ​បន្ត​របរ​នេះ​រហូតដល់​គាត់​លែង​មាន​កម្លាំង​ដើរ៕

 

 
 
 

អត្ថបទ៖ គីមសាយ