​ស្វាយរៀង ទម្លាក់​ បឹងកេត ពី Hun Sen Cup​ ខណៈ ក្រោន, ទ័ព និង ស៊ីម៉ាក់ ​ឡើង​វគ្គ​១/២

  • 2016-06-23 00:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ខ្លាំង​ ​ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​ទម្លាក់​ក្រុម​ខ្លាំង​​បឹងកេត​អង្គរ​​ពី​ពាន​ Hun Sen Cup ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដើម្បី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ​២-១ ​នា​រសៀល​ថ្ងៃ​នេះ​នៅ​ស្តាត​ចាស់។ ចំពោះ​​​ក្រុម​ភ្នំពេញ​ក្រោន ក្រសួង​ការពារ​ជាតិ និង​ស៊ីម៉ាក់​​​ក៏​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​ព្រះ​ខ័នរាជ​ស្វាយរៀង​ដែរ។

 

ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង

 

ជំនួប​ដ៏​សំខាន់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ អ្នក​គាំទ្រ​ ​ក្រុម​ទាំង​ពីរ​បាន​បង្កើត​ការ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​  ប៉ុន្តែ​ព្រះ​ខ័នរាជ​ស្វាយរៀងមាន​​​​ឱកាស​ល្អ​ច្រើន​ជាង​ក្នុង​ទី​មួយ។ ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​លេខ​៧ ប្រាក់ មុន្នីឧត្តម​ បាន​ទម្លាយ​សំណាញ់​ទី​របស់​បឹងកេត​អង្គរ​នៅ​នាទី​៣៩​ដើម្បី​បញ្ចប់​តង់​ទី​ មួយ ១-០។ ចូល​តង់​ទី​ពីរ​បាន​តែ​ប៉ុន្មាន​នាទី ទៀប​ វឌ្ឍនៈ ស៊ុត​ឲ្យ​បឹងកេត​អង្គរ តាម​ស្មើ​ ១-១ នៅ​នាទី​ទី​៤៧ ប៉ុន្តែ​​ សារ៉េត គ្រីយ៉ា បាន​បញ្ចប់​ក្តី​សង្ឃឹម​របស់​បឹងកេត​អង្គរ​ក្នុង​​ការ​ឡើង​វគ្គ​បន្ត។ ចប់​ការ​ប្រកួត ព្រះ​ខ័នរាជ​ស្វាយរៀង ឈ្នះ បឹងកេត​អង្គរ ២-១។

 

ការ​ប្រកួត​នៅ​ម៉ោង​ដំណាល​គ្នា​នេះ​ដែរ ក្រុមក្រសួង​ការពារ​ជាតិ​បាន​យក​ឈ្នះ​ខេមបូឌានថាយហ្គឺរ ​ដោយ​លទ្ធផល ៤-០​នៅ​កីឡដ្ឋាន​ RSN។ តង់​ទី​មួយ ការពារ​ជាតិ​បាន​ទម្លាយ​សំណាញ់​ទី​របស់​ ខេមបូឌានថាយហ្គឺរ​ ៣​គ្រាប់​ដោយ​កីឡាករ ច្រឹង ពលរដ្ឋ និង រ៉ឹង ប៊ុនហៀង ហើយ​១​គ្រាប់​ទៀត​ជា​ការ​ចូល​ទី​ខ្លួន​ឯង​​របស់ Cambodian Tiger។ ការ​ប្រកួត​​នៅ​​តង់​ទី​ពីរ ក្រសួង​ការពារ​ជាតិ​រក​បាន​១​គ្រាប់​ទៀត​​ដោយ​ ពៅ ភារិទ្ធ។ ការ​ប្រកួតនេះ រ៉ឹង ប៊ុនហៀង រង​របួស​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ខណៈ​អ្នក​ចាំ​ទី សំរឹទ្ធ សីហា ទទួល​បាន​កាត​ក្រហម។

 

ក្រុម​បឹងកេត​អង្គរ

 

ចំណែក​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​យក​ឈ្នះ​​ក្រុម​ខេត្ត​សៀមរាប​អង្គរដោយ​លទ្ធផល ​៤-០​​ដើម្បី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ តង់​ទី​មួយ ភ្នំពេញ​ក្រោន​ រក​បាន​៣​គ្រាប់​ដោយ អ៊ិន សុដាវិត, កែវ សុខផេង និង កែវ សុខង៉ន។ សម្រាប់​តង់​ទី​ពីរ ភ្នំពេញ​ក្រោន បាន​បន្ថែម​១​​គ្រាប់​ទៀត​ដោយ ពៅ ពន់វុទ្ធី។

 

មួយ​គូ​ទៀត មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) ឈ្នះ​ ណាហ្គាវើល ២-១ វេលា​ម៉ោង​៦​ល្ងាច​នៅ​ពហុកីឡដ្ឋាន​ជាតិ។

 

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថ្ងៃ​ទី​២៩ មិថុនា ២០១៦ ព្រះខ័នរាជស្វាយរៀង vs ភ្នំពេញ​ក្រោន ក្រសួង​ការពារ​ជាតិ vs ស៊ីម៉ាក់

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖​ជាន ចាន់រ៉ា​