Bale ​ថា​សុខ​​ចិត្ត​អត់​ស្បែក​ជើង​មាស ​​​ឲ្យ​តែ​វែល​ឈ្នះ​ពាន​ Euro 2016

  • 2016-06-25 22:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​វែល​ ​ជា​បេក្ខភាព​ម្នាក់ ដែល​អាច​ឈ្នះ​ស្បែក​ជើង​មាស​នៅ​ Euro 2016 បន្ទាប់​ពី​ស៊ុត​៣​គ្រាប់ ក្នុង​៣​ប្រកួត​ក្នុង​ពូល។ ប៉ុន្តែ​តារា​ឆ្នើម​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា  ខ្លួន​សុខ​ចិត្ត​​​នៅ​ត្រឹម​៣​គ្រាប់​ប៉ុណ្ណឹង អត់​ស្បែក​ជើង​មាស​ក៏​បាន បើ​ក្រុម​ជម្រើស​ជាតិ​វែល អាច​ឈ្នះ​ពាន​កំពូល​​អឺរ៉ុប​នេះ។

 

Gareth Bale ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​វែល​

 

Bale ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ Euro 2016 បណ្ដោះ​អាសន្ន ដោយ​ស៊ុត​បាន​៣​គ្រាប់ ស្មើ​ខ្សែ​ប្រយុទ្ធ Alvaro Morata ​របស់​អេស្ប៉ាញ និង​លើ​មិត្ត​រួម​ក្លឹប​ស្ដេច​ស Cristiano Ronaldo ​ចំនួន​១​គ្រាប់។

 

កីឡាករ​វ័យ​២៦​ឆ្នាំ បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ដែល​មើល​បញ្ជី​ឈ្មោះ​អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​ទេ។ មាន​គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជា​អ្នក​ស៊ុត​ចូល​ទី​​ច្រើន​ជាង​គេ ប៉ុន្តែ​វា​មិន​សំខាន់​ឡើយ។ បើ​យើង​អាច​ឈ្នះ​ ១-០ គ្រប់​ប្រកួត និង​ឈ្នះ​ពាន​រង្វាន់ ហើយ​ខ្ញុំ​រក​គ្រាប់​មិន​បាន​​ ​ក៏​ខ្ញុំ​មិន​​ខ្វល់។ ខ្ញុំ​គ្រាន់​តែ​ចង់​ឈ្នះ​ ទោះ​​វា​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង ឬ​អ្នក​ផ្សេង​ស៊ុត​ចូល​ក៏​បាន”។

 

“កីឡាករ​ផ្សេង អាច​គិត​ថា​វា​ជា​រឿង​សំខាន់ ប៉ុន្តែ​សម្រាប់​ខ្ញុំ​មិន​សំខាន់​ទេ។ ការ​ពិត​ ខ្ញុំ​តែង​ចង់​ស៊ុត​ឲ្យ​បាន​ច្រើន​គ្រាប់​ ព្រោះ​​វា​អាច​ជួយ​​ក្រុម និង​ធ្វើ​ឲ្យ​យើង​ឈ្នះ​ការ​ប្រកួត។ នេះ​ជា​មូលហេតុ ដែល​ខ្ញុំ​ចង់​រក​គ្រាប់​ឲ្យ​បាន ហើយ​មិន​មែន​ខ្ញុំ​ចង់​បាន​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​នោះ​ទេ”។

 

វែល​ នឹង​ត្រូវ​ប៉ះ​ក្រុម​​អៀរឡង់​ខាង​ជើង​ នា​កីឡដ្ឋាន​ Parc des Princes ​​ទីក្រុង​ប៉ារីស​ ​ក្នុង​ការ​​ប្រកួត​ Euro 2016 វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ​នា​វេលា​ម៉ោង​១១:០០​​យប់​នេះ ​ដើម្បី​កាត់​ក្ដី​រក​ក្រុម​១​ ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail