សាណូហ្វី​ កម្ពុជា រៀបចំ​កម្មវិធី "ម្តាយ​របស់​ខ្ញុំ កូន​របស់​ខ្ញុំ" លើក​ទី​២ អំពី​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​សុខភាព​ឆ្អឹង​រឹងមាំ

  • 2016-06-27 22:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ឪពុក​ម្តាយ​ប្រមាណ ៣០០​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន សាណូហ្វី​កម្ពុជា។ នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​កម្មវិធី​ "ម្តាយ​របស់​ខ្ញុំ កូន​របស់​ខ្ញុំ ឬ My Mom, My Kid" ដែល​ជា​កម្មវិធី​អប់រំ​ផ្នែក​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា​ទាក់ទង​នឹង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ឲ្យ​មាន​សុខភាព​ឆ្អឹង​រឹងមាំ ជា​ពិសេស​គឺ​តម្រូវការ​ជីវជាតិ​កាល់ស្យូម។

 

 

កម្មវិធី​អប់រំ​ផ្នែក​អាហារូបត្ថម្ភ​នេះ​ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កុមារ Kids City ដោយ​មាន​កម្មវិធី​កម្សាន្ត​ផ្សេងៗ​សម្រាប់​កុមារ និង​កម្មវិធី​សំណួរ​ចម្លើយ​អំពី​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ជាមួយ​អ្នក​ឯកទេស​ផ្នែក​អាហារូបត្ថម្ភ។ ឪពុកម្តាយ​ដែល​ចូលរួម​បាន​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​អត្ថប្រយោជន៍ និង​ភាព​ចាំបាច់​ក្នុង​ការ​ផ្ដល់​នូវ​អាហារ​ដែល​មាន​សារធាតុ​សំខាន់​គ្រប់គ្រាន់​ជាពិសេស​សារធាតុ​កាល់ស្យូម​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​លូតលាស់​ឆ្អឹង​របស់​កូនៗ​តាំង​ពី​ការ​ចាប់​កំណើត​រហូត​ដល់​១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត។

 

អ្នកស្រី ម៉ីញ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា ថ្លែង​ថា៖ "សាណូហ្វី​កម្ពុជា​ដែល​ជា​សាខា​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​សាកល​ បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្ពស់​លើ​អតិថិជន បុគ្គលិក និង​ជា​ពិសេស​នោះ​ប្រជាជន​ដែល​ពឹងផ្អែក​លើ​ឱសថ​ជា​ប្រចាំ។ ជាក់ស្តែង ការ​រៀបចំ​កម្មវិធី "ម្តាយ​របស់​ខ្ញុំ កូន​របស់​ខ្ញុំ" លើក​ទី​២​នេះ​ គឺ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ដល់​មាតាបិតា​អំពី​សារៈសំខាន់​នៃ​ជីវជាតិ​កាល់ស្យូម​ចំពោះ​ការ​លូតលាស់​របស់​បុត្រ​ធីតា​ពួកគាត់ ​និង​ដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ជ្រើសរើស​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​ដែល​ត្រឹម​ត្រូវ"។

 

 

អ្នក​ម្តាយ​មួយ​រូប​ដែល​មាន​កូន​ប្រុស​ម្នាក់​អាយុ​១០​ខែ​ ដែល​ចូលរួម​ក្នុង​កម្មវិធី​ខាង​លើ​ បាន​លើក​ឡើង​ថា​៖ "នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​ចូលរួម​កម្មវិធី​អប់រំ​អំពី​ចំណេះ​ដឹង​សុខភាព ជា​ពិសេស​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ផ្ដល់​សារធាតុ​កាល់ស្យូម​ដល់​កូនៗ។ ពី​មុន​ខ្ញុំ​មិន​សូវ​បាន​ដឹង​អំពី​គុណ​ប្រយោជន៍​ជាច្រើន​នៃ​សារធាតុ​កាល់ស្យូម​នោះ​ទេ។ ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​នឹង​ផ្តល់​ជាតិ​កាល់ស្យូម​ដល់​កូន​ប្រុស​ខ្ញុំ​ជា​ប្រចាំ​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​លូត​លាស់​ឆ្អឹង​បាន​ល្អ"។

 

 

យោង​តាម​ស្ថិតិ​ឆ្នាំ​២០១៣ របស់​អង្គការ United Nations Children’s Fund បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​កុមារ​៤​នាក់​នៅ​ក្នុង​ពិភព​លោក មាន​ម្នាក់​លូតលាស់​មិន​ប្រក្រតី។ លើស​ពី​នេះ ផ្អែក​លើ​ទិន្នន័យ​របស់​ការ​អង្កេត​ផ្នែក​សុខភាព និង​ប្រជាសាស្ត្រ​កម្ពុជា (CDHS) ឆ្នាំ​២០១៤ ថា ៣២%​នៃ​កុមារ​កម្ពុជា​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ ​មាន​បញ្ហា​កម្ពស់​មិន​ស្រប​នឹង​វ័យ (ក្រិន)។

 

លោក​វេជ្ជបណ្ឌិត ផៃ ណារិទ្ធិ សាស្ត្រាចារ្យ​ឯកទេស​រោគ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បក​ស្រាយ​ពី​អត្ថប្រយោជន៍​នៃ​កាល់ស្យូម​ថា៖ "ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​យល់ដឹង និង​យក​ចិត្ត​ទុក​ដាក់​តិចតួច​ចំពោះ​ផល​ប្រយោជន៍​នៃ​ជីវជាតិ​កាល់ស្យូម​សម្រាប់​កូន​របស់​ពួក​គាត់។ កាល់ស្យូម​គឺជា​សារធាតុ​រ៉ែ​សំខាន់​សម្រាប់​ការ​កសាង​ឆ្អឹង និង​ធ្មេញ​ឲ្យ​រឹងមាំ​អំឡុង​ពេល​កុមារ​ភាព និង​វ័យ​ជំទង់។ កាល់ស្យូម​ ធ្វើ​ឲ្យ​បេះ​ដូង​កន្ដ្រាក់​បាន​ល្អ។ កុមារ​វ័យ​ក្មេង ​និង​ទារក ដែល​មិន​បាន​ទទួល​ជាតិ​កាល់ស្យូម និង​វីតាមីន​ D គ្រប់​គ្រាន់​អាច​មាន​ការ​កើន​ឡើង​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​ក្រិស។ ជំងឺ​ក្រិស​ស្តែង​ឡើង​ដោយ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​រីក​លូតលាស់​ឆ្អឹង ហើយ​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជា ឆ្អឹង​ទន់​ហើយ​ខ្សោយ ខូច​ទ្រង់​ទ្រាយ​ឆ្អឹង (ក្បាល​ជង្គង់​ងាក​ចូលគ្នា ឬ​ជើង​កោង) ការ​លូត​លាស់​យឺត​ហើយ​ពេល​ខ្លះ​ឈឺ​សាច់ដុំ និង​សាច់ដុំ​ខ្សោយ"។

 

 

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​៣​ខែ​ចុង​ក្រោយ​នៃ​គភ៌​ទារក​នៅ​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ឆ្អឹង ទារក​ពិតជា​ចាំបាច់​ក្នុង​ការ​ទាមទារ​នូវ​ជាតិ​កាល់ស្យូម​ពី​ម្តាយ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​លូតលាស់ ធ្វើ​ឲ្យ​បេះ​ដូង សរសៃ​ប្រសាទ និង​សាច់ដុំ​មាន​សុខភាព​ល្អ។ កាល់ស្យូម​ជួយ​ឲ្យ​ចង្វាក់​បេះដូង​ទារក​ដំណើរការ​ធម្មតា និង​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​កំណក​ឈាម។ ការ​ទទួល​ទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ជា​ប្រចាំ​អំឡុង​ពេល​កុមារភាព ​គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ឆ្អឹង​ឲ្យ​លូតលាស់​ជា​អតិបរមា។ នៅ​ពេល​កុមារភាព​ទទួល​បាន​សារធាតុ​បំប៉ន​កាល់ស្យូម ការ​ហាត់​ប្រាណ​គ្រប់គ្រាន់ និង​វីតាមីន D គឺ​ជា​ការ​ចាំបាច់​សម្រាប់​ការឆ្លើយ​ទៅ​នឹង​ការ​លូតលាស់​ជា​អតិបរមា។ អំឡុង​​កុមារភាព និង​វ័យ​ជំទង់​ ពួកគេ​អាច​ចាប់ផ្តើម​ជីវិត​វ័យ​ជំទង់​របស់​ពួកគេ​បាន​ជាមួយ​ឆ្អឹង​ដ៏​រឹងមាំ និង​សុខភាព​ល្អ។

 

លោកស្រី​វេជ្ជបណ្ឌិត លឹម សុជាតិ អ្នក​ឯកទេស​ខាង​អាហារូបត្ថម្ភ បាន​ពន្យល់​ថា៖ "ដើម្បី​ការ​លូត​លាស់​ឆ្អឹង​ដ៏​រឹងមាំ មាតាបិតា​អាច​ផ្តល់​អាហារ​បំប៉ន​សារធាតុ​កាល់ស្យូម​ដល់​កុមារ ឬ​ឲ្យ​ពួកគេ​បរិភោគ​អាហារ​ដែល​សម្បូរ​ដោយ​កាល់ស្យូម​ព្រម​ទាំង​វីតាមីន D ​ដូចជា ទឹក​សណ្តែក គ្រាប់​កៅឡាក់ នំប៉័ង ត្រី​សាល់មុន​ និង​បន្លែ​ពណ៌​បៃតង​ចាស់-ល-។

 

តម្រូវការ​កាល់ស្យូម​ជា​មធ្យម (មិលី្លក្រាម/ថ្ងៃ) សម្រាប់​កុមារ​តាម​អាយុ

អាយុ -៦ ខែ -១២ ខែ -៣ ឆ្នាំ -៨ ឆ្នាំ -១៣ ឆ្នាំ ១៤-១៨ ឆ្នាំ
(មក្រ/ថ្ងៃ) ២០០ ២៦០ ៧០០ ១០០០ ១៣០០ ១៣០០
 

សាណូហ្វី​កម្ពុជា នឹង​រៀបចំ​កម្មវិធី "ម្តាយ​របស់​ខ្ញុំ កូន​របស់​ខ្ញុំ" ចំនួន ១២ ដង​ ក្នុង​នោះ ៦ ដង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កុមារ Kids City រាជធានី​ភ្នំពេញ និង ៦ ដង​ទៀត​នៅ​ខេត្ត​បាត់ដំបង កំពង់ចាម និង​សៀមរាប ហើយ​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជា​១៥០០​នាក់៕

 

តើ​អ្នក​ប្រាកដ​ទេ​ថា​កូន​អ្នក​ញ៉ាំ​សារធាតុ​កាល់ស្យូម​គ្រប់​គ្រាន់?

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទថ្មី